អាកាសធាតុក្ដៅខ្លាំង និងគ្មានភ្លៀងធ្លាក់កក់ខែនៅឆ្នាំនេះ កំពុងបង្កការលំបាកកាន់តែខ្លាំងដល់ការរស់នៅរបស់មនុស្ស និងសត្វនៅកម្ពុជា។ ទន្ទឹមគ្នានេះ ប្រមុខរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ យកចិត្តទុកដាក់ណែនាំកសិករ នៅចំពោះមុខនេះ ឱ្យធ្វើការដាំដុះដំណាំណាដែលប្រើប្រាស់ទឹកតិច ព្រោះឆ្នាំនេះ ត្រូវបានព្យាករឃើញថា នឹងជួបបញ្ហាកង្វះខាតទឹកប្រើប្រាស់។
ប្រមុខរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់បានថ្លែងឡើងនៅក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច កាលពីចុងខែធ្នូ កន្លងទៅថា វិស័យកសិកម្ម ចំនួនផ្ទៃដីដាំដុះ ទោះបីថា ស្ថិតនៅក្នុងចំនួនកម្រិតដដែល ប៉ុន្តែទិន្នផលបានកើនខ្ពស់ជាងឆ្នាំមុន។ ស្រូវកាលពីឆ្នាំ2019 ក៏ប្រហែលជាសល់ប្រមាណ 6លានតោនផងដែរ ដែលនោះហើយ ដែលយើងត្រូវប្រឹងប្រែងក្នុងការនាំចេញ ដែលឆ្នាំនេះ(2019)ការនាំចេញបានត្រឹមតែជាងកន្លះលានតោនប៉ុណ្ណោះ។
ទាក់ទងនឹងការនាំចេញកសិផលនានា សម្តេចតេជោ នៅតែទទូចឱ្យកសិករ ក៏ដូចជាវិនិយោគិន លើវិស័យកសិកម្ម បង្កើនការយកចិត្តទុកដាក់ជំរុញការកែច្នៃផលិតផលនានា មុននឹងធ្វើការនាំចេញ ព្រមជាមួយនឹងការខិតខំទាក់ទាញការវិនិយោគខាងវិស័យឧស្សាហកម្មផងដែរ។
ដោយឡែកពាក់ព័ន្ធនឹងការដាំដុះដំណាំ និងការប្រើប្រាស់ទឹកនៅពេលខាងមុខនេះវិញ សម្តេចតេជោ ហ៊ុន សែន បានបន្តលើកឡើងថា “ទឹកនៅតាមបឹងបួ ត្រពាំង យើងត្រូវចេះសន្សំសំចៃ អ៊ីចឹងទេបានជាអំពាវនាវទៅដល់ប្រជាពលរដ្ឋឱ្យធ្វើស្រែប្រាំងតែ 1ដងបានហើយ ឯលើកទី2 គួរដាំដំណាំអ្វីផ្សេងដែលប្រើប្រាស់ទឹកតិចជាង”។
ហេតុនេះ សម្តេច ហ៊ុន សែន មានប្រសាសន៍ណែនាំដូច្នេះថា “ដើម្បីធានាថាទឹកត្រូវបានប្រើប្រាស់យ៉ាងមានប្រសិទ្ធភាព បម្រើឱ្យជីវភាពរបស់ប្រជាជន និងកុំឱ្យមានការលំបាកក្នុងការអន្តរាគមន៍ដោយសារតែការធ្វើដំណាំរបស់យើង។ យើងអាចផ្ទេរពីការធ្វើស្រូវ ទៅដាំជាបន្លែបង្ការ ឬដំណាំដាំដុះដទៃទៀតដែលប្រើប្រាស់ទឹកតិចជាងការធ្វើស្រែសម្រាប់ប្រជាពលរដ្ឋយើង ព្រោះឆ្នាំនេះអាចប្រឈមនឹងការខ្វះទឹកគ្រប់គ្រាន់ក្នុងការស្រោចស្រព ហេតុនេះកសិករគួរងាកមករកការដាំដុះដំណាំទាំងឡាយណាដែលប្រើប្រាស់ទឹកតិច”។
ទាក់ទងបញ្ហានេះដែរ ទីប្រឹក្សាបច្ចេកទេសកសិកម្ម នៃអង្គការសេដាក (CEDAC) លោក វង្ស សាវឿន អ្នកជំនាញលើវិស័យកសិកម្ម ធ្លាប់បានឱ្យដឹងថា នៅរដូវប្រាំង កសិករនៅតំបន់ខ្លះ អាចខ្វះខាតទឹកស្រោចស្រពខ្លាំង។ លោកបានប្រាប់ថា ដើម្បីទប់ទល់បញ្ហានេះ និងសម្រួលដល់ដំណើរការដាំដុះឱ្យបានរលូន ខួបប្រាំង ខួបវស្សាដោយគ្មានឧបសគ្គនោះ កសិករត្រូវមានផែនការរក្សាទឹក ឬស្វែងប្រភពទឹកបម្រុងទុកជាមុន និងត្រូវមានគោលការណ៍ និងវិធីប្រើប្រាស់បែបសន្សំសំចៃទឹក ឱ្យស្របទៅតាមផែនការដាំដុះពេញ 1ឆ្នាំដោយហ្មត់ចត់។
លោកបានផ្ដល់ជាដំណោះស្រាយដែរថា កសិករគួរតែរកដីជាងតិច 10% នៃទំហំដីសរុបដែលត្រូវដាំដុះ ដោយត្រូវជីកស្រះស្តុកទឹកទុក ជីកអណ្ដូង ហើយបើមានលទ្ធភាពសាងសង់អាងស្តុកទឹកធ្វើពីបេតុងទៀតផងនោះ រឹតតែប្រសើរ។ លោកបន្តថា ការធ្វើបែបនេះ ដោយសារបច្ចុប្បន្ន កសិករមិនអាចពឹងផ្អែកបានទាំងស្រុងលើប្រភពទឹកធម្មជាតិ ប្រព័ន្ធធារាសាស្ត្ររបស់រដ្ឋ ឬប្រព័ន្ធស្រោចស្រពដែលមានស្រាប់ទាំងស្រុងនោះបានទេ។
ជាមួយគ្នានេះ អ្នកជំនាញកសិកម្មរូបនេះ ក៏បានផ្តល់ជាដំណោះស្រាយមួយ ក្នុងចំណោម ដំណោះស្រាយផ្សេងទៀតដល់កសិករ ដើម្បីសន្សំសំចៃទឹក ក្នុងនោះរួមមានការជ្រើសរើសពូជដំណាំដែលធន់នឹងអាកាសធាតុ រាំងស្ងួត ដូចជា ពពួកបន្លែផ្ទី ត្រប់
សណ្ដែកកួរ ដែលជាប្រភេទដំណាំត្រូវការទឹកតិច ក្រៅពីនេះនៅមានវិធីលើកដីរងដំណាំដោយប្រើជីធម្មជាតិ ជាដើម។
ជាការឆ្លើយតប នឹងបញ្ហានេះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ធ្លាប់បានឱ្យដឹងដែរថា ក្រសួងបាននិងកំពុងចុះណែនាំប្រជាពលរដ្ឋនៅតាមជនបទ ជាពិសេសកន្លែងដែលកំពុងប្រឈមការខ្វះខាតទឹក អំពីការត្រៀមលក្ខណៈប្រយុទ្ធប្រឆាំងនឹងគ្រោះរាំងស្ងួត ដោយរកវិធីសាស្ត្រផ្សេងៗ សម្រាប់ស្តុកទឹកភ្លៀងនៅរដូវវស្សា ដើម្បីទុកប្រើនៅរដូវប្រាំង។ ក្រៅពីនេះទៀត ក៏ត្រូវខិតខំស្តារ និងរៀបចំកន្លែង ដើម្បីជីកស្រះ អណ្តូងទឹកថ្មីបន្ថែម ឬស្ដារស្រះ អូរ ប្រឡាយចាស់ៗ ឱ្យដំណើរការឡើងវិញ។ ទន្ទឹមគ្នានេះដែរ មន្ត្រីបច្ចេកទេសក៏បានណែនាំពីប្រភេទដំណាំដែលគួរដាំដុះនារដូវខ្វះទឹក ស្របទៅតាមការណែនាំរបស់ប្រមុខ
រដ្ឋាភិបាលកម្ពុជាផងដែរ៕