ប្រទេសចិន៖ Yuansan មានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលឃ្លីបវីដេអូ ដែលបង្ហាញអំពីសកម្មភាពគាត់គេងនៅក្នុងផ្ទះនៅឯខេត្ត ជាំងស៊ី (Jiangxi) ក្នុងអំឡុងអាសន្នរោគកូរ៉ូណា COVID-19 បានទាក់ទាញអ្នកចូលមើលរាប់លាននាក់ ដែលនេះបានជួយឱ្យគាត់រកបានប្រាក់11,000ដុល្លារអាមេរិក។
Yuansan ជាអ្នកសម្ដែងមិនមែនអាជីពម្នាក់ រកបានប្រាក់ជាច្រើនដោយប្រើប្រាស់ App live-stream ឈ្មោះ Souyin ដោយគ្រាន់តែពឹងលើការគេងរបស់ខ្លួនប៉ុណ្ណោះ។
នៅពេលភ្ញាក់ឡើង Yuansan មានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដឹងថា ឃ្លីបវីដេអូរបស់ខ្លួន មានអ្នកចូលមើលរាប់សែនលើក ហើយឆានែល (Chanel) របស់ខ្លួនក៏ទទួលបានអ្នកចុះឈ្មោះតាមដានបន្ថែមដល់ទៅ800,000នាក់។ ទស្សនិកជនថែមទាំងបានជូនអំណោយនៅលើឆានែលដល់ម្ចាស់គណនីនេះ ដែលមានតម្លៃ 76,800យន់ (11,000ដុល្លារអាមេរិក)។
អ្នកសម្ដែងគ្មានក្រុមរូបនេះ បានបន្ត live-stream អំពីការគេងមួយឈុតទៀតរបស់ខ្លួន ហើយក៏ទាក់ទាញបានអ្នកចូលមើលជាង18លានលើក។
“ខ្ញុំធុញពេក ក៏សម្រេចចិត្ត live-stream ក្នុងពេលខ្ញុំគេងតែម្ដងទៅ ប៉ុន្តែ ខ្ញុំមិននឹកស្មានថា អ្នកប្រើប្រាស់បណ្ដាញសង្គម មានការធុញទ្រាន់ជាងខ្ញុំទៅទៀត”។ នេះជាសម្ដីរបស់ Yuansan។
អំឡុងពេលដែលអាសន្នរោគកូរ៉ូណា COVID-19 កំពុងគំរាមកំហែងដល់សេដ្ឋកិច្ចចិន និងបណ្ដាលឱ្យមនុស្សរាប់លាននាក់ត្រូវជាប់ក្នុងបម្រាមគោចរនៅប្រទេសចិន វាបានជួយឱ្យក្រុមហ៊ុនបច្ចេកវិទ្យាមួយចំនួនរកផលចំណេញបានច្រើន ជាពិសេសគឺក្រុមហ៊ុនដែលមានកម្មវិធី live-stream ដោយសារតែអតិថិជន បានប្ដូរសកម្មភាព offline ទៅជាសកម្មភាព online ។
យោងតាមរបាយការណ៍ពី QuestMobile បានឱ្យដឹងថា កម្មវិធី ឬ App ចែករំលែកឃ្លីបវីដេអូខ្លីៗ ដោយការផ្សាយផ្ទាល់ បានទាក់ទាញអ្នកប្រើប្រាស់កាន់តែច្រើនឡើងៗ ក្នុងអំឡុងដើមឆ្នាំនេះ។
ក្នុងរដូវឈប់សម្រាកបុណ្យចូលឆ្នាំចិនឆ្នាំនេះ អ្នកប្រើប្រាស់ App Douyin បានចំណាយពេលជាមធ្យម99នាទីក្នុងមួយថ្ងៃដើម្បីចូលទៅមើល App នេះ។ តួលេខនេះ បានកើនឡើងច្រើន បើធៀបនឹង67នាទីកាលពីរដូវចូលឆ្នាំចិនឆ្នាំ2019។ Kuaishou ដែលជាគូប្រជែងធំបំផុតរបស់ Douyin ក៏បានកត់សម្គាល់ឃើញថា រយៈពេលនៃការចូលមើលជាមធ្យមកើនឡើងពី44 ដល់71នាទីជារៀងរាល់ថ្ងៃ។ នេះបើតាមសារព័ត៌មាន Asiaone។
ចំណែកកសិករនៅប្រទេសចិន ក៏មិនអន់ដែរ ទាក់ទិននឹងការរកផលចំណេញពីអាសន្នរោគកូរ៉ូណា ដោយពួកគេបានបង្កើនការលក់កសិផល តាមរយៈការផ្សាយផ្ទាល់នៅលើទំព័រ Taobao។ សកម្មភាពនេះ បានជួយឱ្យអ្នកលក់ជាច្រើនរូប ក្នុងនោះមានកសិករម្នាក់ បានលក់ដាច់ប៉េងប៉ោះចំនួន5តោន ត្រសក់7,3តោន និងស្ត្រូបូរីចំនួន3តោន។
ប៉ុន្តែ យ៉ាងនេះក្ដី អ្នកវិភាគឯករាជម្នាក់បានសង្ស័យទៅលើលទ្ធភាពនៃការកើនឡើងខ្លាំងរបស់បណ្ដាគេហទំព័រ live-stream បន្ទាប់ពីអាសន្នរោគកូរ៉ូណា បានឆ្លងផុត។
“នៅពេលអាសន្នរោគត្រូវបានគ្រប់គ្រង វិស័យឧស្សាហកម្ម offline ជាប្រពៃណីនឹងត្រឡប់មករកភាពដើម។ ផ្ទុយទៅវិញ ល្បឿននៃកំណើនសកម្មភាព online នឹងត្រូវថយចុះ” នេះបើតាម Zhang Dingding ដែលជាអតីតអគ្គនាយកក្រុមហ៊ុនស្រាវជ្រាវអ៊ីនធើណិត Internet Sootoo នៅទីក្រុងប៉េកាំង៕
ប្រភព៖ សារព័ត៌មានបរទេស