នាពេលបច្ចុប្បន្ន ដោយទទួលបានការឯកភាពពីប្រជាពលរដ្ឋមួយចំនួននៅក្នុងសហគមន៍ “ទឹកហូតមានជ័យក្តីសង្ឃឹម” ដែលមានអ្នកស្រី រិទ្ធ ចន្ថា ជាប្រធាន បានបន្ថែមមុខរបរចិញ្ចឹមត្រីមួយទៀតក្រៅពីការដាំបន្លែបង្ការ ហើយរបរចិញ្ចឹមត្រីនេះ បានធ្វើឱ្យជីវភាពប្រជាពលរដ្ឋដែលនៅក្នុងសហគមន៍អ្នកស្រី កាន់តែមានភាពប្រសើរជាងមុន បើទោះបីជានឿយបន្តិចក៏ដោយ។
អ្នកស្រី រិទ្ធ ចន្ថា ប្រធានសហគមន៍ទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានប្រាប់កាសែតឡារ៉ែនពាណិជ្ជឱ្យដឹងថា៖“ការប្រកបរបរចិញ្ចឹមត្រីរបស់កសិករនៅសហគមន៍របស់ខ្ញុំ បានកើនចំនួនប្រមាណជា 6-7គ្រួសារហើយ ដោយគាត់បានចាប់យកការចិញ្ចឹមត្រីជាលក្ខណៈគ្រួសារបន្ថែមពីលើការដាំបន្លែ”។
អ្នកស្រី រិទ្ធ ចន្ថា ប្រធានសហគមន៍បានបញ្ជាក់ឱ្យដឹងថា៖“កសិករទាំងនោះ ខ្លះបានចិញ្ចឹមតែត្រី 1មុខទេ ដូចជាត្រីអណ្តែង ត្រីប្រា ឬត្រីទីឡាព្យ៉ា ជាដើម។ ប៉ុន្តែអ្នកខ្លះក៏ចិញ្ចឹមលាយគ្នា 2ប្រភេទត្រីក្នុងស្រះតែមួយ ព្រោះគាត់យល់ថា គាត់ចិញ្ចឹមតិចតួច មិនមែនជាការចិញ្ចឹមសម្រាប់ការលក់ដូរធំដុំនោះទេ ហើយក៏ជាការសាកល្បងមុខរបរថ្មី ក្រៅពីរបរដាំបន្លែរបស់ពួកគាត់ដែរ”។
សូមបញ្ជាក់ថា វិធីសាស្រ្តក្នុងការចិញ្ចឹមត្រី មានច្រើនបែប គឺជាការចិញ្ចឹមត្រីក្នុងស្រះ ក្នុងអាងប្លាស្ទិកក្នុងលូ ជាដើម ដែលកសិករអាចចិញ្ចឹមបានដោយងាយ និងសមស្របតាមស្ថានភាពរបស់កសិករដែលមានផ្ទៃដីតូច ងាយស្រួលក្នុងការផ្លាស់ប្ដូរទីតាំងផងដែរ។ រីឯថ្លៃដើមក្នុងការចិញ្ចឹមត្រី ក៏អាចចាប់ផ្ដើមបានពីដើមទុនតិចតួច ហើយអាចផ្ដល់ចំណូលបន្ថែមសម្រាប់ក្រុមគ្រួសារ ជាពិសេសផលកម្រៃដែលទទួលបានមានលក្ខណៈសមរម្យគួរជាទីពេញចិត្ត។
អ្នកស្រី សែត ថៃ ដែលត្រូវបានណែនាំឱ្យស្គាល់ដោយអ្នកស្រី រិទ្ធ ចន្ថា ប្រធានសហគមន៍បានប្រាប់ឱ្យដឹងថា បច្ចុប្បន្នអ្នកស្រីមានស្រះចិញ្ចឹមត្រី នៅជិតផ្ទះ ទំហំ 7X8m ស្ថិតនៅក្នុងភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
អ្នកស្រី សែត ថៃ បានឱ្យដឹងថា៖“ខ្ញុំចិញ្ចឹមត្រីប្រា ត្រីនេះចិញ្ចឹមតែ 4ខែ ឬ ខែ6(កន្លះឆ្នាំ) តាមពូជធំ ឬពូជតូច។ បើពូជតូច ចិញ្ចឹមលើសនេះបន្តិច ទើបអាចចាប់លក់បាន។ បើដាក់ចំណីមិនបានល្អ និងអាកាសក្តៅខ្លាំងផង វាអាចនឹងងាប់ តែបើយើងដាក់ចំណីតាមបច្ចេកទេស វានឹងរស់ ហើយធំធាត់បានល្អទៀតផង ហើយយើងនឹងទទួលបានផលល្អ”។
អ្នកស្រីបានបញ្ជាក់ឱ្យដឹងទៀតថា៖“ខ្ញុំចិញ្ចឹមត្រីនេះជាមួយប្តីខ្ញុំ និងកូនប្រុសម្នាក់ ដូច្នេះត្រីចិញ្ចឹមមិនច្រើនទេ ខ្ញុំអត់បានជួលកម្មករទេ ព្រោះគិតថា វាតិចតួច មិនសំដៅសម្រាប់លក់ទេ គឺទុកហូប និងបានលក់តិចតួចដែរ សម្រាប់អ្នកស្រុកនៅក្នុងសហគមន៍ជាមួយគ្នា”។
បើតាមម្ចាស់ស្រះចិញ្ចឹមត្រីដដែលបានឱ្យដឹងថា បច្ចុប្បន្នរបរនេះកំពុងចាប់ផ្តើមមានការទទួលស្គាល់ពីអ្នកស្រុកក្នុងសហគមន៍ហើយ ជាពិសេស ត្រូវបានគេយកទៅធ្វើម្ហូបនៅក្នុងកម្មវិធីផ្សេងៗ និងសម្រាប់ធ្វើម្ហូបនៅតាមភោជនីយដ្ឋាននានាទៀតផង។ ចំណែកតម្លៃរបស់វា ក៏បានថ្លៃគួរសមដែរ។
អ្នកស្រី សែត ថៃ បានឱ្យដឹងទៀតថា ដោយត្រី 1ក្បាលមានទម្ងន់ប្រមាណ 1គីឡូក្រាមឡើងទៅ មានតម្លៃ 8,000រៀល បើតូចជាងនេះតម្លៃអាចនៅត្រឹម 7,000រៀលក្នុង1គីឡូក្រាម ហើយអតិថិជនបានមកទិញដល់ផ្ទះទៀតផង។ អ្នកស្រី ដែលអះអាងថា ខ្លួនជាកូនខ្មែររូបនេះបានបន្ថែមថា៖“ខ្ញុំស្រឡាញ់របរចិញ្ចឹមត្រីនេះ ព្រោះរកស៊ីរបស់នេះវាស្រួល ទោះវារកបានម៉ាគែ រួចម៉ាគែមែន តែវាមិនលំបាកដូចធ្វើការឱ្យគេទេ។ ធ្វើការឱ្យគេ ពិបាក បើយើងអាចរកស៊ីខ្លួនឯងបាន យើងរកទៅ ជាការល្អ ហើយក៏ក្នុងគោលបំណងទប់ស្កាត់ការនាំចូលត្រីពីបរទេសផងដែរ”។
ដោយឡែកកសិករនៅឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង លោក ញុង ក៏ទទួលស្គាល់ដែរថា របរចិញ្ចឹមត្រីនេះកាក់កបគ្រាន់បើ។ អាងចិញ្ចឹមត្រីរបស់លោកមានទំហំ 8អា ដោយចិញ្ចឹមត្រីអណ្តែងត្រីប្រា ត្រីទីឡាព្យ៉ា និងត្រីជាច្រើនប្រភេទទៀតដោយទទួលបានប្រាក់ចំណេញ ចន្លោះពី 1,500ដុល្លារ ទៅ 2,000ដុល្លារដែរ ក្នុង 1ខែ។ ដោយការប្រកបរបរចិញ្ចឹមត្រីនេះជាង1០ឆ្នាំមកហើយនោះ បានធ្វើឱ្យបុរសរូបនេះ មានជីវភាពប្រសើរឡើងពី1ឆ្នាំទៅ1ឆ្នាំ ដោយសារតែត្រីចិញ្ចឹមមានតម្រូវការច្រើន និងមានទីផ្សារល្អជាបន្តបន្ទាប់។
លោក ញុង រៀបរាប់បន្តថា៖ “ត្រីប្រាលក់ទៅឱ្យផ្សារ 1គីឡូតម្លៃ 6,500រៀល បើត្រីងៀតហើមហ្នឹងតម្លៃ7,000រៀលក្នុង 1គីឡូក្រាម។ ជាធម្មតា ខ្ញុំបោះតាមម៉ូយតុការ និងភោជនីយដ្ឋាននេះ ភោជនីយដ្ឋាននោះ ហើយពួកចិនពីកំពង់សោម ជួនកាល 1អាទិត្យមកយក 300-500ក្បាល។ តែប្រភេទត្រីហ្នឹង ពិបាកចិញ្ចឹមដែរ វាប្រើពេលយូរ”។ ឯត្រីអណ្ដែងវិញ ចិញ្ចឹមក្នុងរយៈពេល 3ខែកន្លះ ចំនួន 70 ទៅ 80ក្បាល ដោយក្នុងត្រី 1ក្បាលទម្ងន់បានប្រហែល 3ខាំ ឬប្រហែល 4ក្បាល 1គីឡូអីហ្នឹង”។
បើតាម លោក ញុង ទោះបីជាត្រីចិញ្ចឹម មានតម្រូវការច្រើននៅក្នុងទីផ្សារមែន តែត្រីចិញ្ចឹម ក៏ត្រូវបានប្រជាជនមួយចំនួនខ្លាចរអាដែរ ដោយសារ តែកសិដ្ឋានចិញ្ចឹមត្រីខ្លះ ប្រើចំណីត្រីដែលមានសារជាតិគីមី។ លោកពន្យល់យ៉ាងដូច្នេះថា៖ “ខ្ញុំចិញ្ចឹម វាយូរឆ្នាំមកហើយ វាមិនមានជាតិគីមីទេ។ ខ្ញុំដាក់កន្ទក់ និងអាចម៍ត្រី ពោះត្រីដែលសល់ពីត្រីដែលគេលក់នៅផ្សារ យកមកស្ងោរដាក់ឱ្យត្រីស៊ី។ តើមានជាតិគីមីមកពីណា? អត់មានទេ 100%!។ ហើយបើចំណីបេៗមកពីវៀតណាម អាហ្នឹង ខ្ញុំអត់ដឹងទេ មិនដឹងគេលាយយ៉ាងម៉េចទេ? គេមានបច្ចេកទេសរបស់គេ”។
លោកបានឱ្យដឹងបន្ថែមថា ចំណែកបងប្អូនណាដែលមិនចង់រើសប៉ះត្រីមានជាតិគីមី សូមកុំរើសត្រីណាធាត់ៗ អាហ្នឹងជាត្រីមកពីវៀតណាម ជាពិសេស ត្រីទីឡាព្យ៉ា ត្រីអណ្តែង ត្រីរ៉ស់ ភាគច្រើនមកពីវៀតណាម ហើយបងប្អូនយើងអត់ដឹង រកតែត្រីធាត់ៗ អាហ្នឹងហើយជាតិគីមី។ ចង់រកត្រីអត់ជាតិគីមី រកត្រីណាស្គមៗទៅ”។
តាមពិតទៅ កំណើនប្រជាជន បូកនឹងការនាំត្រីចេញទៅក្រៅប្រទេសផង បានធ្វើត្រីកាន់តែមានតម្រូវការខ្ពស់។ ការសិក្សាស្រាវជ្រាវមួយ កាលពីឆ្នាំ2012 បានបញ្ជាក់ថា ប្រជាជនកម្ពុជា ម្នាក់ បរិភោគត្រីចំនួន 63គីឡូក្រាមនៅក្នុង 1ឆ្នាំ។
អ្នកស្រី រិទ្ធ ចន្ថា ប្រធានសហគមន៍ ដែលធ្លាប់បានទិញត្រី នៅក្នុងសហគមន៍របស់គាត់ បានឱ្យដឹងថា គ្រួសារអ្នកស្រីត្រូវការហូបត្រី លើសពី 1គីឡូក្រាមនៅក្នុង 1ថ្ងៃ។ អ្នកស្រី បានរៀបរាប់ដោយបានបញ្ជាក់ថា៖ “ខ្ញុំចូលចិត្តត្រីទន្លេ ត្រីធម្មជាតិ តែអានេះត្រីចិញ្ចឹមបែបលក្ខណៈគ្រួសារក៏អាចទទួលយកបានដែរ ព្រោះយើងមិនបានប្រើចំណីគីមីទេ ឥឡូវត្រីធម្មជាតិមិនសូវមានទេ សម្បូរតែត្រីចិញ្ចឹម តែក៏គ្រាន់បើជាងត្រីដែលនាំចូលដែលប្រើជាតិគីមីច្រើនដែរ”។
ចំណែកអ្នកស្រី សែត ថៃក៏មានការគិតដូចគ្នាដែរខណៈដែលត្រីចិញ្ចឹមមានតម្រូវការច្រើន និងផ្គត់ផ្គង់បានទៀងទាត់នោះ អ្នកស្រី សែត ថៃ និងរួមទាំងគ្រួសារអ្នកដែលបន្ថែមមុខរបរចិញ្ចឹមត្រីក្នុងសហគមន៍ទឹកហូត ផងនោះ បានជំរុញពលរដ្ឋផ្សេងទៀត ឱ្យចាប់យកមុខរបរចិញ្ចឹមត្រីបន្ថែម បើទោះបីជាមុខរបរនេះ រាងនឿយហត់បន្តិចមែន តែវាបានផ្តល់ចំណូលច្រើនគួរសម និងមិនបាច់ធ្វើចំណាកស្រុកទៅរកការងារធ្វើនៅឆ្ងាយទេ៕