ក្រុមហ៊ុន General Motors (GM) បានប្រកាសថា ខ្លួននឹងឈប់លក់រថយន្តម៉ាក Chevrolet នៅក្នុងប្រទេសថៃ ហើយនឹងលក់រោងចក្រនៅក្នុងខេត្តរ៉ាក់យ៉ងរបស់ខ្លួនទៅឱ្យក្រុមហ៊ុនរថយន្តចិន Great Wall Motors (GWM) នៅចុងឆ្នាំ2020 នេះ។
លោក Andy Dunstan ប្រធានផ្នែកយុទ្ធសាស្រ្តទីផ្សារក្រុមហ៊ុន GM បាននិយាយថា “ការប្រើប្រាស់រោងចក្រតិចតួច និងតម្រូវការក្នុងស្រុក ព្រមទាំងការនាំចេញទាប បានជះឥទ្ធិពលយ៉ាងខ្លាំងដល់អាជីវកម្មនេះ” ។
ទោះជាយ៉ាងណា GM នឹងនៅតែបន្តគាំទ្រដល់អតិថិជន Chevrolet បច្ចុប្បន្នសម្រាប់សេវាកម្មលក់ ធានារ៉ាប់រង និងការជួសជុល។
ក្រោយការប្រកាសនេះប៉ុន្មានថ្ងៃ មានដំណឹងថា ប្រជាពលរដ្ឋថៃជាច្រើន បាននាំគ្នាទៅក្រុមហ៊ុនលក់រថយន្ត Chevrolet ដើម្បីទិញយករថយន្តដែលខ្លួនស្រឡាញ់ ក្នុងតម្លៃទាបដ៏នឹកស្មានមិនដល់ បន្ទាប់ពីក្រុមហ៊ុន General Motors សម្រេចចិត្តដកខ្លួនចេញពីប្រទេសថៃ នៅចុងឆ្នាំនេះ៕
ប្រភព៖ សារព័ត៌មានបរទេស