បន្ទាប់ពីទទួលដំណឹងថា កម្ពុជាគ្រោងនឹងធ្វើជាម្ចាស់ផ្ទះក្នុងកម្មវិធី ប្រកួតបវរកញ្ញា Miss Global 2017 នៅខែវិច្ឆិកាខាងមុខនេះ ស្រាប់តែថ្មីៗនេះលេចវត្ដមានកញ្ញា Angela Bonilla ជាកញ្ញាឯក Miss Global ប្រចាំឆ្នាំ 2016នៅក្នុងប្រទេសកម្ពុជាជាលើកដំបូងតែម្តង។
វត្ដមានលើកដំបូងនៅប្រទេសកម្ពុជារបស់កញ្ញា Angela Bonilla ក្រៅពីមកចូលរួមក្នុងកិច្ចប្រជុំរវាងគណៈកម្មាការរៀបចំកម្មវិធី ជាមួយស្ថានីយទូរទស្សន៍ហង្សមាសហើយនោះ នាងក៏មកចូលរួមធ្វើសកម្មភាពមនុស្សធម៌ផងដែរ។ មានមនុស្សម្នាយ៉ាងច្រើនបាននាំគ្នាចោមរាមមើលកញ្ញា Angela Bonilla ខណៈនាងបានចូលរួមក្នុងសកម្មភាពចែកអំណោយដល់សិស្សក្រីក្រជាច្រើននៅក្នុងសាលា ដៃចាប់ដៃ Side By Side ដែលស្ថិតក្នុងភូមិកោះរំដួល ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី16 កក្កដា។
ក្នុងនោះសិស្សម្នាក់ៗទទួលបាននូវកាបូបស្ពាយ1 សៀវភៅអង់គ្លេស1ក្បាល សៀវភៅសរសេរ1ក្បាល ខ្មៅដៃ1 ប៊ិច1 បន្ទាត់1 និងជ័រលុប1 ព្រមទាំងរូបថតដែលមានការចុះហត្ថលេខាដោយរូបនាងផ្ទាល់ទៀតផង។
លោក Van M Phan អ្នកចាត់ចែងកម្មវិធីរបស់កញ្ញាឯកពិភពលោក និងលោក Ratanak Roth Oeurn ប្រធានទំនាក់ទំនងអន្ដរជាតិកម្មវិធីកញ្ញាឯកពិភពលោកបានប្រាប់ថា ការងារមនុស្សធម៌ គឺជាផ្នែកមួយនៃកម្មវិធីប្រកួតបវរកញ្ញាពិភពលោក។
ក្រុមការងារដែលចុះមកប្រទេសកម្ពុជានៅពេលនេះគឺដើម្បីទំនាក់ទំនងជាមួយរាជរដ្ឋាភិបាលក៏ដូចជាដៃគូឯកជន ដើម្បីប្រារព្ធពិធីប្រកួតបវរកញ្ញាឯកពិភពលោកឆ្នាំ2017 នៅក្នុងប្រទេសកម្ពុជា។
កញ្ញា Angela Bonilla បានសម្តែងនូវអារម្មណ៍រីករាយជាខ្លាំងខណៈ នាងបានជួបប្រជាពលរដ្ឋខ្មែរជាច្រើន ពិសេសនៅពេលនាងបានចូលរួមធ្វើសកម្មភាពមនុស្សធម៌ដូច្នេះ។
Miss Global ធ្វើដំណើរមកប្រទេសកម្ពុជានេះត្រឹមតែ 2សប្តាហ៍ប៉ុណ្ណោះ ដើម្បីទំនាក់ទំនងក្នុងកម្មវិធីប្រកួតបវរកញ្ញាពិភពលោកប្រចាំឆ្នាំ2017។ បន្ទាប់ពីនេះនាងនឹងបន្តដំណើរទៅខេត្តកំពតទៀត។ ជាមួយគ្នានេះកញ្ញា Angela Bonilla បញ្ជាក់ថា ក្រៅពីសកម្មភាពមនុស្សធម៌ហើយនោះ វាក៏ជាដំណឹងមួយបង្ហាញទៅកាន់ពិភពលោកថា កម្ពុជានឹងមានកម្មវិធីដ៏ធំមួយនៅខែវិច្ឆិកា ខាងមុខដែរ។
នាយកគ្រប់គ្រងសាលាបឋមសិក្សា ដៃចាប់ដៃ Side By Side បានឱ្យដឹងដែរថា លោកពិតជាសប្បាយរីករាយណាស់ នៅពេលឃើញមានវត្ដមានបវរកញ្ញាពិភពលោកបានចុះមកទស្សនកិច្ច និងនាំអំណោយដល់សិស្សានុសិស្សនៅទីនេះ។ លើសពីនេះសិស្សានុសិស្ស100នាក់ក៏មានឱកាសបានទទួលទានអាហារថ្ងៃត្រង់1ពេលជុំគ្នាជាមួយកញ្ញាឯករូបនេះផងដែរ៕