តួប្រុសល្បីឈ្មោះក្នុងភាពយន្ដខ្នាតធំរឿង « The Blue Hour » លោក កាន់ អាន់ថៈផាន់ បានផ្ដល់បទសម្ភាសន៍ពីអារម្មណ៍រន្ធត់ភ័យខ្លាចបំផុត នៅពេលដែលលោកត្រូវគេគំរាមសម្លាប់ ដោយមានមនុស្សមិនស្គាល់មុខពិតបង្ហោះរូបកាំភ្លើងហើយថេកមកឱ្យលោក។ សារដែលថេកនោះបានសរសេរគំរាមសម្លាប់ទាំងយប់ថា នឹងបាញ់ឱ្យស្លាប់តៃហោងតែម្ដង រហូតដល់លោកសម្រេចចិត្តទៅដាក់ពាក្យបណ្ដឹងនៅពេលព្រឹកឡើង។
សារថេកទាំងស្រុងនៅលើបណ្ដាញសង្គមធ្វីតតឺបានរៀបរាប់ថា «ប្រសិនបើយើងបានជួប យើងនឹងយកកាំភ្លើងបាញ់ឯងឱ្យស្លាប់តៃហោងទាំងអស់ » ។ តារាសម្ដែងរូបស្រស់វ័យ ២៦ឆ្នាំរូបនេះបានអះអាងថា លោកតក់ស្លុតក្នុងចិត្តយ៉ាងខ្លាំង ខណៈដែលជួបស្ថានការណ៍នៅក្នុងពេលនោះ កំពុងតែមានព័ត៌មានផ្ទុះពីការបាញ់ប្រហារមកប្រជាជន ទើបបណ្ដាលឱ្យលោកភ័យរន្ធត់អស់ពេញមួយយប់ នឹងបានសម្រេចចិត្តដាក់ពាក្យបណ្ដឹងនៅពេលព្រឹកឡើង បន្ទាប់ពីលោកបានប្រាប់អ្នកកាន់អ្នកគ្រប់គ្រងរបស់លោក។
លោកបន្ដថា ក្រោយពីបានឃើញសារនោះហើយ លោកក៏មិនបានឆ្លើយតប ឬលេងសារជាមួយអ្នកណាទាំងអស់ ។ ហេតុការណ៍បែបនេះគឺជាលោកដំបូងហើយដែលលោកបានជួបប្រទះក្នុងជិវិត។ លោកថា លោកទទួលស្គាល់ថាខ្លួនភ័យខ្លាចបំផុត ទើបសម្រេចចិត្តប្ដឹងប៉ូលីសភ្លាម ។ លោកថា នេះមិនមែនជាសាររបស់អ្នកមហាជនអ្នកគាំទ្រនោះទេ គឺជាសារជនអណាមិកដែលមិនស្គាល់មុខ ហើយគំរាមសម្លាប់លោកពិតៗ។ ក៏ប៉ុន្ដែ លោកក៏បានទទួលសារលើកទឹកចិត្តជាច្រើនពីអ្នកគាំទ្រផងដែរ ទើបលោកមានកម្លាំងចិត្តបន្ដការងាររបស់ដល់ថ្ងៃទទួលពានរង្វាន់ក្នុងកម្មវិធី LineTv Award 2020 នេះ៕