ក្រុមខ្មាន់កាំភ្លើងជាច្រើននាក់ បានបាញ់រះទៅលើបារ2កន្លែងនៅក្នុងទីរួមស្រុក Hanau នាព្រឹកនេះ បណ្ដាលឱ្យមានអ្នកស្លាប់យ៉ាងតិច8នាក់។ សមត្ថកិច្ចកំពុងតាមចាប់ជនដៃដល់ទាំងនោះ។
ករណីបាញ់រះទៅលើបារ2កន្លែងខាងលើនេះ បានកើតឡើងនៅឯទីរួមស្រុក Hanau ភាគខាងលិចប្រទេសអាល្លឺម៉ង់ កាលពីវេលាម៉ោង22 ថ្ងៃទី19កុម្ភៈ (ម៉ោង4ភ្លឺ ថ្ងៃទី 20កុម្ភៈ ម៉ោងនៅភ្នំពេញ) ក្រោយមកពួកគេបានបើកឡានគេចខ្លួនបាត់ពីកន្លែងកើតហេតុ។
សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា មានអ្នកស្លាប់នៅក្នុងបារទីមួយចំនួន3នាក់ ហើយជនរងគ្រោះក្រៅពីនេះ បានស្លាប់នៅក្នុងបារមួយផ្សេងទៀត។
សមត្ថកិច្ច និងកងកម្លាំងពិសេសកំពុងឡោមព័ទ្ធតំបន់កើតហេតុ និងតំបន់ក្បែរខាងកន្លែងកើតហេតុ ខណៈឧទ្ធម្ភាគចក្រកំពុងហោះឆ្វែលនៅពីលើតំបន់កើតហេតុនោះដែរ។ មូលហេតុនៃការបាញ់ប្រហារនេះ មិនទាន់ត្រូវបានគេដឹងនៅឡើយ។
Hanau គឺជាទីរួមស្រុកធំមួយដែលមានប្រជាជនជិត100,000នាក់ ស្ថិតនៅក្នុងរដ្ឋ Hesse ភាគខាងលិចប្រទេសអាល្លឺម៉ង់ និងមានចម្ងាយពីទីក្រុង Frankfurt ទៅទិសខាងត្បូង ប្រហែល25គីឡូម៉ែត្រ ។
ពលរដ្ឋអាល្លឺម៉ង់ អាចប្រើប្រាស់កាំភ្លើងបានគ្រប់គ្នា ប៉ុន្តែប្រទេសអាល្លឺម៉ង់ កន្លងមកមានការគ្រប់គ្រងអាវុធបានយ៉ាងល្អ។ អ្នកដែលមានសិទ្ធិកាន់កាប់កាំភ្លើង ត្រូវតែមានលិខិតអនុញ្ញាតត្រឹមត្រូវ។ អាល្លឺម៉ង់ កន្លងមកក៏ធ្លាប់មានអំពើបាញ់ប្រហារជាច្រើនករណីផងដែរ ក្នុងនោះក៏មានករណីវាយប្រហារទៅលើផ្សារណូអែលមួយនៅកណ្ដាលទីក្រុង Berlin កាលពីខែធ្នូ ឆ្នាំ2016 បណ្ដាលឱ្យមានអ្នកសា្លប់12នាក់៕
ប្រភព៖ សារព័ត៌មានបរទេស