នាវាទេសចរណ៍ Crystal Symphony កាលពីព្រឹកមិញ (19កុម្ភៈ) បានចូលចតនៅឯកំពង់ផែ ចឹន ម៉ៃ (Chan May) ខេត្ត ធឿ ធាន-ហ្វេ (Thua Thien-Hue) ប្រទេសវៀតណាម ដើម្បីឡើងគោក ធ្វើទស្សនាចរណ៍ក្នុងប្រទេសនេះ។
អគ្គនាយកនៃក្រុមហ៊ុនទេសចរណ៍ យូ ង្វាន វៀត (Du Ngoan Viet) ដែលជាអ្នកទទួលដំណើររបស់កប៉ាល់ Crystal Symphony បានឱ្យដឹងថា ក្រោយពីចូលចតនៅឯកំពង់ផែ ចឹន ម៉ៃ ក្រុមអ្នកទេសចរចំនួន900នាក់ រួមនឹងបុគ្គលិកនាវានេះនឹងឡើងគោក ហើយចាប់ផ្ដើមធ្វើទស្សនាចរណ៍នៅទីក្រុង ហ្វេ (Hue) និងទីក្រុង ហូយ អាន (Hoi An) ដែលស្ថិតនៅក្នុងភាគកណ្ដាលប្រទេសវៀតណាម។
ក្រោយពីចាកចេញពីកំពង់ផែ ចឹន ម៉ៃ នាវា Crystal Symphony នឹងធ្វើដំណើរទៅកាន់ក្រុងហូជីមិញ (ព្រៃនគរ)។ ថ្ងៃទី24 ខែកុម្ភៈ នាវានេះនឹងចាកចេញពីវៀតណាម។
បន្ទាប់ពីចាកចេញពីវៀតណាម នាវា Crystal Symphony នេះនឹងធ្វើដំណើរទៅកាន់កោះ កូ សាមុយ (Ko Samui) ដែលជាកោះធំបំផុតលំដាប់ទី2របស់ប្រទេសថៃ នាថ្ងៃទី 26 ខែកុម្ភៈ ឆ្នាំ2020។
បើមិនមានអ្វីប្រែប្រួល នាវា Crystal Symphony នេះ នឹងចូលចតនៅឯកំពង់ផែខេត្តព្រះសីហនុ នៅព្រឹកព្រលឹម ថ្ងៃទី27 ខែកុម្ភៈ ឆ្នាំ2020។ អ្នកទេសចរនឹងចំណាយពេលមួយថ្ងៃដើម្បីធ្វើទស្សនាចរណ៍នៅទីក្រុងព្រះសីហនុ មុននឹងចាកចេញពីកំពង់ផែខេត្តព្រះសីហនុ នៅវេលាម៉ោង9យប់នៃថ្ងៃដដែល ដើម្បីទៅកាន់សិង្ហបុរី។ នេះបើតាមគេហទំព័រ Cruiseweb។
កាលពីថ្ងៃទី1 ខែឧសភា ឆ្នាំ2019 នាវា Crystal Symphony នេះ ក៏ធ្លាប់បានចូលចតនៅឯកំំពង់ផែខេត្តព្រះសីហនុ និងធ្វើទស្សនាចរណ៍រយៈពេលមួយថ្ងៃផងដែរ។
Crystal Symphony គឺជានាវាទេសចរណ៍របស់ក្រុមហ៊ុនអាមេរិក Crystal Cruises។ នេះគឺជានាវាប្រណិតបំផុតមួយក្នុងចំណោមនាវាទេសចរណ៍ប្រណិតបំផុតទាំង10របស់ពិភពលោក៕
ប្រភព៖ សារព័ត៌មានបរទេស