MS Westerdam នៅតែចតនៅក្នុងកំពង់ផែខេត្តព្រះសីហនុ ដោយមិនទាន់ដឹងថា នឹងចាកចេញពីទីនេះនៅពេលណាឱ្យប្រាកដនោះទេ ខណៈដែលសមាជិកក្រុមនាវិកជាច្រើននាក់ បានចាកចេញពីនាវា ត្រឡប់ទៅផ្ទះរៀងៗខ្លួន។
នាវាទេសចរណ៍លំដាប់កំពូល MS Westerdam ដឹកអ្នកទេសចរចំនួន1,455នាក់ និងបុគ្គលិកនាវាចំនួន802នាក់ បានធ្វើដំណើរដោយគ្មានគោលដៅច្បាស់លាស់ បន្ទាប់ពីត្រូវបានបដិសេធមិនឱ្យចូលចតក្នុងកំពង់ផែនៅ ហ្វីលីពីន តៃវ៉ាន់ កូរ៉េខាងត្បូង និងប្រទេសថៃ ដោយសារបារម្ភអំពីការឆ្លងមេរោគកូរ៉ូណា COVID-19។
ថ្ងៃទី13កុម្ភៈ ឆ្នាំ2020 នាវានេះ ត្រូវបានអនុញ្ញាតឱ្យចូលចតក្នុងកំពង់ផែខេត្តព្រះសីហនុ ហើយមកដល់ពេលនេះ នាវានេះនៅតែចតនៅទីនោះ ដោយមិនទាន់ដឹងអំពីថ្ងៃដែលត្រូវចាកចេញ។ អ្នកទេសចរជាង600នាក់បានធ្វើដំណើរចេញពីនាវា ត្រឡប់ទៅផ្ទះពួកគេវិញ ក្នុងនោះមានអ្នកទេសចរម្នាក់អាយុ82ឆ្នាំ មានផ្ទុកមេរោគកូរ៉ូណា COVID-19 ដែលបច្ចុប្បន្នទទួលការព្យាបាលនៅប្រទេសម៉ាឡេស៊ី។ ចំណែកអ្នកទេសចរមួយចំនួនធំ កំពុងដាក់ឱ្យនៅដោយឡែកលើនាវា MS Westerdam នៅកំពង់ផែខេត្តព្រះសីហនុ។
MS Westerdam គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុនកប៉ាល់ទេសចរណ៍ Holland America ។ នាវានេះមានប្រវែងប្រហែល290ម៉ែត្រ និងមាន11ជាន់ អាចផ្ទុកអ្នកទេសចរបានជិត2,000នាក់។ នៅលើនាវានេះ មានសាលសម្រាករង់ចាំធំៗចំនួន14 អាងហែលទឹក3 អាងទឹកក្ដៅ5 និងជណ្ដើរប្រអប់ចំនួន14។
អាងទឹកក្ដៅលើនាវាមានប្រព័ន្ធដំបូលកញ្ចក់ស្វ័យវត្ត អាចបិទបើកតាមចិត្ត និងអាចងូតទឹកគ្រប់ពេល មិនថាអាកាសធាតុបែបណានោះទេ។
MS Westerdam មានបន្ទប់កាប៊ីនចំនួន959 ក្នុងនោះបន្ទប់ប្រភេទធម្មតាមានទំហំមធ្យមពី14-21ម៉ែត្រក្រឡា បន្ទប់លំដាប់ប្រណិតទំហំប្រហែលចាប់ពី33-66ម៉ែត្រក្រឡា។ បន្ទប់នីមួយៗសុទ្ធតែត្រូវបានបំពាក់សម្ភារទំនើបៗគ្រប់ប្រភេទ ក្នុងនោះមានគ្រែឆ្លាតវៃដែលអាចបំបែក ឬភ្ជាប់តាមចិត្តចង់ រួមទាំងកម្រាលព្រំប្រភេទប្រណិត។ល។
បន្ទប់លំដាប់ប្រណិតបំផុតគឺ Pinnacle Suite ដែលមានទំហំ106ម៉ែត្រក្រឡា និងមានរានហាលដ៏ធំទូលាយ មានដាក់អាងសម្រាប់ងូតទឹកផងដែរ។
កន្លែងកម្សាន្តរួមនៅលើនាវានេះ មានច្រើនប្រភេទ ចាប់ពីឆាកប្រគំតន្ត្រី ផ្សារទំនើប កន្លែងស្ប៉ាដែលអាចគយគន់ទិដ្ឋភាពសមុទ្រ រហូតដល់មានកន្លែងរៀនធ្វើម្ហូបបែបកម្សាន្ត កន្លែងឧទ្ទេសនាមតំបន់ដែលត្រូវទៅកម្សាន្តបន្ទាប់ និងសាលសម្រាប់ពិធីជប់លៀង។ល។
ក្នុងអំឡុងពេលដាក់ពាក្យសុំការអនុញ្ញាតចូលចតក្នុងកំពង់ផែ នាវាទេសចរណ៍នៅតែមានសកម្មភាពដូចធម្មតា ប៉ុន្តែ ភាគីខាងនាវាតែងតែក្រើនរំឭកភ្ញៀវឱ្យតាមដានសុខភាពរបស់ខ្លួនជាប្រចាំ។ នៅក្នុងរូបថតនេះ គឺជាហាងបារមួយដែលត្រូវបានថតដោយភ្ញៀវម្នាក់ក្នុងអំឡុងមិនទាន់ចូលចតក្នុងកំពង់ផែ។
អ្នកទេសចរមានជម្រើសច្រើនពេលទទួលទានអាហារនៅលើនាវានេះ ដោយវាមានបន្ទប់អាហារធំជាងគេនៅលើជាន់ទី2 និងទី3 ដែលមានបម្រើអាហារប៊ូហ្វេត៍ពេលព្រឹក ពេលថ្ងៃត្រង់ និងពេលល្ងាច ផ្គង់ផ្គង់ដោយបណ្ដាភោជនីយដ្ឋានអាស៊ី Lido ភោជនីយដ្ឋានអ៊ីតាលី Slice និង Canaletto រួមនឹងភោជនីយដ្ឋានគ្មានអ្នកបម្រើ Terrace Grill នៅជាន់ទៅ9 និងហាងកាហ្វេ Explorations នៅជាន់ទី10។
លេចធ្លោជាងគេ គឺភោជនីយដ្ឋាន Pinnacle Grill ដែលយកតាមស្ទីល fine dining នៅជាន់ទី2 តម្លៃចាប់ពី39ដុល្លារក្នុងមនុស្សម្នាក់ សម្រាប់អាហារពេលយប់មួយពេល។
សេវាកម្មស្ប៉ានៅលើនាវានេះ ក៏សម្បូរបែប ក្នុងនោះមានកញ្ចប់ម៉ាស្សា ឬកាត់សក់ជាច្រើនប្រភេទ។ ដើម្បីជួយឱ្យអ្នកទេសចរមានសុខភាពល្អ នាវាក៏មានបន្ទប់ហាត់ប្រាណដែលមានការបង្រៀនលំហាត់ប្រាណបែប aerobic និង pilates ឬ yoga ជាដើម។ នេះបើតាម Sea Scanner។
អំពីតម្លៃវិញ សម្រាប់ដំណើរទេសចរណ៍ទៅកាន់កូរ៉េខាងត្បូង-ជប៉ុន តាមរយៈនាវានេះ មានតម្លៃចាប់ពី1,600ដុល្លារអាមេរិករយៈពេល14យប់ ក្នុងមនុស្សម្នាក់ និងសម្រាប់បន្ទប់គ្រែពីរមួយបន្ទប់។ ដំណើរទៅកាន់ជប៉ុន-រុស្ស៊ី អាចមានតម្លៃដល់7,500ដុល្លារអាមេរិក៕
ប្រភព៖ សារព័ត៌មានបរទេស