លោកឪពុកអ្នកម្តាយតែងតែមានសេចក្តីសុខនៅពេលបានឃើញកូនៗសើចសប្បាយ និងមានស្នាមញញឹម តែនោះក៏មិនបានមានន័យថា ពួកគេនឹងមានសេចក្តីសុខរហូតនោះដែរ។ សាកល្បងសង្កេតមើលនៅពេលយប់ទៅមើលថា តើកូនតូចមានលបគេងយំឬទេ? ព្រោះអារម្មណ៍របស់ពួកគេពិតជាឆាប់ញាប់ញ័ររញ្ជួយ ហើយមិនដឹងនឹងសម្តែងចេញមកយ៉ាងណា ទើបបានត្រឹមតែលួចយំហ្នឹងឯង។ បើសិនកើតមានសំណួរថា ហេតុអីបានកូនៗរបស់អ្នកត្រូវលបគេងយំនោះ? សូមសាកល្បងមកមើលពីមូលហេតុទៅមើលថា តើវាមកពី 5ទង្វើរបស់លោកឪពុក និងអ្នកម្តាយដូចដែល ឡារ៉ែន បាននាំមកជម្រាបជូននៅថ្ងៃនេះឬក៏អត់?
1.ឱ្យកូនៗឃើញព័ត៌មានដ៏គួរឱ្យស្រងេះស្រងោចអាណោចអធម្ម
ក្មេងដែលទើបតែបើកភ្នែកមើលពិភពលោកត្រឹមតែប៉ុន្មានឆ្នាំ សភាពជុំវិញខ្លួនរបស់គេក៏មានតែឪពុកម្តាយ និងនៅឯសាលារៀនប៉ុណ្ណោះ កូនតូចនៅមិនទាន់មានបទពិសោធអាក្រក់ដោយត្រង់នៅឡើយទេ ដូច្នេះអាណាព្យាបាលគួរចៀសវាងឱ្យពួកគេមើលព័ត៌មានបែបអវិជ្ជមាន ដូចជា ព័ត៌មានឧក្រិដ្ឋកម្ម ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ជាដើម ដែលវាជាការបង្ហាញរូបភាពឱ្យក្មេងៗចងចាំ និងបង្កឱ្យកើតក្តីភ័យខ្លាច ហុចផលប៉ះពាល់ដល់ផ្លូវចិត្ត រហូតមិនហ៊ាននិយាយចេញ មក និងលួចលាក់ទុកទៅពួនយំតែម្នាក់ឯងយ៉ាងស្ងាត់ៗ ដូច្នេះរឿងដែលឪពុកម្តាយគួរធ្វើគឺ ការពារកូនតូចៗរបស់អ្នក ផ្តល់សេចក្តី ស្រឡាញ់ ភាពកក់ក្តៅ និងព្យាយាមចៀសវាងកុំឱ្យកូនតូចឃើញព័ត៌មានអាក្រក់ទាំងនោះ។
2.ឪពុកយកម្តាយឈ្លោះប្រកែកគ្នា
ការឈ្លោះគ្នាគឺជារឿងរបស់ឪពុកម្តាយក៏ពិតមែន តែកុំភ្លេចថា លោកអ្នកនៅមានច្រវាក់មាសចងចិត្តតូចមួយដែលអាចបានឮសំឡេងស្រែកជេរគ្នារំលងបន្ទប់នោះ។ មិនថាអ្នកទាំងពីរនឹងជួបបញ្ហា ឬទាស់ចិត្តអ្វីគ្នាក៏ដោយ គួរនិយាយគ្នាដោយហេតុផល និងចៀសវាងកុំឱ្យកូនតូចឃើញទង្វើហ្នឹង ព្រោះវាគឺអំពើហិង្សានៅក្នុងផ្ទះ។ ក្មេងៗនឹងមានសម្ពាធក្នុងចិត្ត និងលួចទៅយំ ព្រោះពួកគេមិនអាចយល់បានថា កើតរឿងអ្វីឡើងចំពោះអ្នកទាំងពីរឡើយ។
3. វាយកូនៗដោយអំពើហិង្សា
ការវាយដំមិនមែនជាវិធីកែបញ្ហាដែលល្អឡើយ លោកឪពុកអ្នកម្តាយគួរតែនិយាយជាមួយកូនដោយពាក្យសម្តីសុភាព និងបញ្ជាក់ប្រាប់ពីហេតុផល ឬបើក្មេងៗត្រូវទទួលទណ្ឌកម្ម ក៏គួរតែរកមើលវិធីផ្សេងណាដែលមិនមែនជាការវាយដំពួកគេយ៉ាងខ្លាំងក្លាវិញ ព្រោះគ្រប់ពេលដែលអ្នកវាយវាត់ទៅលើសាច់ដ៏ស្តើងខ្ចីរបស់កូនតូចនោះ ក្រៅពីពួកគេនឹងឈឺចាប់ខាងរាងកាយហើយ នៅសាងស្នាមដំបៅក្នុងដួងចិត្តរបស់ពួកគេទៀតផង។
4.ហៅកូនៗដោយពាក្យអសុរោះ
សាកល្បងសួរខ្លួនឯងទៅមើលថា តើចូលចិត្តឱ្យអ្នកដទៃហៅខ្លួនឯងដោយឈ្មោះចំអកឡកលើយ ឬពាក្យអសុរោះឬទេ?បើមិនចូលចិត្ត… ក្មេងៗក៏ដូចគ្នាដែរ ពួកគេមិនចូលចិត្តឱ្យហៅដោយឈ្មោះដែលឆ្លុះបញ្ចាំងទៅក្នុងផ្លូវដែលមើលងាយ ដូចជា អាភ្លើ អាខូចនោះឡើយ ព្រោះកូនតូចៗនឹងមានអារម្មណ៍ថា ខ្លួនឯងគ្មានមានតម្លៃ គួរឱ្យអស់សង្ឃឹម កើតជាចំណុចអន់នៅក្នុងដួងចិត្ត និងអាចលាក់ទុកទៅគេងយំតែម្នាក់ឯងបាន។
5.ឪពុកម្តាយសម្រេចចិត្តលែងលះគ្នា
ចំណុចចុងក្រោយនេះ ជារឿងដែលធ្វើបាបដួងចិត្តកូនតូចខ្លាំងបំផុត បើឪពុកម្តាយសម្រេចចិត្តលែងលះ និងគិតថាកូនតូចមិនជាអ្វីទេនោះ សូមប្រាប់ទៅចុះថា លោកអ្នកគិតខុសយ៉ាងធ្ងន់ធ្ងរខ្លាំងណាស់ដែលបញ្ហានេះនឹងក្លាយជាចំណុចមួយនៅក្នុងដួងចិត្តរបស់ក្មេង ព្រោះកុំភ្លេចថា កូនតូចត្រូវបានចិញ្ចឹមថែទាំមកដោយអ្នកទាំងពីរនាក់ ដូច្នេះទាំងឪពុក និងម្តាយប្រៀបដូចជា ទឹក និងខ្យល់អាកាសដែលធ្វើឱ្យកូនតូចរស់នៅតទៅទៀតបាន។ អ្នកទាំងពីរគឺ សេចក្តីសុខ និងជាគ្រួសារដែលមានគ្រប់ បើខ្វះខាងណាម្នាក់ទៅនោះ ប្រាកដណាស់ថា ក្មេងៗនឹងត្រូវនឹក និងដង្ហោយរក ហើយថែមទាំងលាក់ទុកភាពសោកសៅនៅក្នុងខ្លួនទៀតផង។
លោកឪពុកអ្នកម្តាយសាកល្បងសង្កេតស្តាប់សំឡេងរបស់កូនៗនៅពេលយប់ទៅមើលថា តើកូនតូចមានលួចយំឬទេ? បើបានឮសូរសំឡេងអណ្តឺតអណ្តក់នោះ បង្ហាញថា លោកអ្នកកំពុងធ្វើបាបដួងចិត្តកូនៗដូច5ចំណុចខាងលើនេះដោយមិនដឹងខ្លួនក៏អាចថាបានដែរ។ សាកល្បងបែរមកនិយាយពន្យល់គ្នា ដើម្បីឱ្យកូនតូចមានអារម្មណ៍ថាមានសុវត្ថិភាព និងគេងលក់យ៉ាងមានសេចក្តីសុខរហូតតទៅប្រសើរជាង៕