រ៉ាចូ វើរម៉ា គឺជាភរិយារបស់ស្វាមី 5នាក់ដែលជាបងប្អូនបង្កើតនឹងគ្នា ដោយពួកគេរស់នៅដូចជាក្រុមគ្រួសារដ៏ធំមួយនៅក្នុងតំបន់តូចមួយភាគខាងជើងរបស់ប្រទេសឥណ្ឌា។ ពួកគេចិញ្ចឹមថែទាំកូនប្រុសម្នាក់ដែលមិនដឹងច្បាស់ថា កើតចេញពីឪពុកមួយណា។
នេះគឺជាគំរូមួយរបស់គ្រួសារបែបមានប្ដីច្រើននាក់ ដែលមិនមែនស្ថិតក្នុងសម័យអតីតកាលច្រើនរយឆ្នាំមុននោះទេ តែក្នុងសម័យបច្ចុប្បន្នកាលដែលកើតឡើងពិតៗ ដែលវប្បធម៌ប្រពៃណីបែបនេះនៅមាននៅឡើយនៅក្នុង ចិន និងឥណ្ឌា…ថ្ងៃនេះឡារ៉ែនសូមបើកបង្ហាញនូវអាថ៌កំបាំងរបស់គ្រួសារបែបមានស្វាមីច្រើននាក់ ដែលមនុស្សជាច្រើនមិនដែលធ្លាប់ដឹងទាល់តែសោះ។
1-នរណាមានតួនាទីជាមេគ្រួសារ?
លោកអ្នកអាចនឹងធ្លាប់បានឮរឿងរ៉ាវនៃការមានភរិយាច្រើននាក់ខ្លះៗមកហើយ តែមានធ្លាប់នឹកសង្ស័យដែរទេថា ចុះបើវាបញ្ច្រាស់គ្នាវិញ?។ មានស្ត្រីជាភរិយាម្នាក់ រៀបការជាមួយបុរសច្រើននាក់ និងស្វាមីទាំងអស់ដែលជាបងប្អូនបង្កើតនឹងគ្នានោះ ស្វាមីដែលមានអាយុច្រើនជាងគេ នឹងក្លាយជាមេគ្រួសារ ដោយខ្លួនគេនឹងធ្វើជាអ្នកជ្រើសរើសប្ដីផ្សេងទៀតឱ្យប្រពន្ធរបស់ខ្លួន។ មិនត្រឹមតែប៉ុណ្ណឹងទេ មេគ្រួសារថែមទាំងអាចជ្រើសរើសប្រពន្ធទី2 ឬទី3 ឱ្យខ្លួនឯងបានទៀតផង ហើយរូបគេនឹងបានទទួលឈ្មោះថា ជាឪពុករបស់ក្មេងទាំងអស់ដែលកើតនៅក្នុងគ្រួសារ ចំណែកប្ដីផ្សេងទៀត នឹងត្រូវបានហៅថា “ពូ” ទោះជាម្នាក់ណាជាឪពុកបង្កើតរបស់ក្មេងក៏ដោយ។
2-អ្នកណាជាអ្នកចាប់ផ្ដើមវប្បធម៌គ្រួសារបែបមានប្ដីច្រើននាក់?
គ្មានអ្នកណាដឹងពីប្រវត្តិចាប់ផ្ដើមរបស់វប្បធម៌នេះឡើយ តែអ្នកវិទ្យាសាស្ត្រជឿថា មានហេតុផលក្នុងរឿងនេះ ព្រោះការសាងគ្រួសារតែមួយ នឹងធ្វើឱ្យបងប្អូនមិនចាំបាច់ត្រូវដណ្ដើមកេរមរតក(ដីធ្លី)គ្នា ដែលនេះគឺជារឿងសំខាន់បំផុតសម្រាប់អ្នករស់នៅក្នុងតំបន់ទីបេត៍ និងតំបន់លើភ្នំហិមាល័យ ដោយសារតែដីធ្លីរបស់ពួកគេគឺជាវត្ថុស័ក្តិសិទ្ធិ រួមទាំងជនជាតិឥណ្ឌាដែលកំពុងជួបនឹងបញ្ហាប្រជាជនពេញហៀរប្រទេសរហូតគ្មានកន្លែងស្នាក់នៅផងដែរ។
3-យើងនឹកឆ្ងល់ថា តើវាខុសច្បាប់ដែរឬទេ?
ទោះជាសម្ព័ន្ធភាពបែបនេះ នឹងងាយស្រួលសម្រាប់ក្រុមគ្រួសារជាច្រើនមែន តែការរៀបការបែបមានស្វាមីច្រើននាក់ ក៏ជារឿងខុសច្បាប់នៅក្នុងប្រទេសជាច្រើនទៀតដែរ ក៏ប៉ុន្តែពួកគេមិនត្រូវបានរងទោសទណ្ឌអ្វីទាំងអស់ ដោយសារតែភាគច្រើនរស់នៅក្នុងតំបន់ឆ្ងាយដាច់ស្រយាលខ្លាំង។
4-ប្រពន្ធ1 ប្ដី 5នាក់ ជារឿងដែលទទួលយកបានក្នុងគ្រួសារ1
វប្បធម៌ស្វាមីច្រើននាក់ មានជាច្រើនសតវត្សរ៍មកហើយ វាមានន័យថា ពួកគេឆ្លងកាត់វិថីជីវិតបែបនេះមកតាំងពីជំនាន់តាទួតយាយទួត រហូតមកដល់ជំនាន់បច្ចុប្បន្ន និងក៏នៅតែបន្តកេរដំណែលនេះរហូតតទៅ ទៀត។ មនុស្សស្រីតែងតែមានស្វាមី តាំងពី2 រហូតដល់ 5នាក់ និងទាំងអស់ត្រូវតែមានអាយុមិនតិចជាង18ឆ្នាំ។
បើបងប្អូនក្នុងត្រកូលនោះ អាយុមិនទាន់ដល់ 18ឆ្នាំ នៅពេលដែលពួកគេមានអាយុដល់កំណត់ភ្លាម ពួកគេនឹងបានរៀបការជាមួយប្រពន្ធរបស់បងប្រុសខ្លួនឯងភ្លាមតែម្ដង។ ភាគច្រើន គ្រប់គ្នានៅក្នុងគ្រួសារនឹងរស់នៅក្នុងបន្ទប់ជាមួយគ្នា ហើយភូមិករជាច្រើននៅក្នុងតំបន់ទីបេត៍ នឹងគ្មានគ្រែសម្រាប់គេងទេ ពួកគេគ្រាន់តែក្រាលក្រណាត់ និងគេងនៅលើដីប៉ុណ្ណោះ។
ក្នុងខណៈដែលមនុស្សជាច្រើនអាចនឹងយល់ថា មនុស្សគួរមានគូត្រឹមតែម្នាក់ ដើម្បីការពារមិនឱ្យកើតបញ្ហានោះ នៅក្នុងវប្បធម៌ និងទំនៀមទម្លាប់ខ្លះ ស្វាមី ឬភរិយាដែលមានគូស្នេហ៍ច្រើនជាងម្នាក់ ក៏អាចរួមរស់នៅជាមួយគ្នាបានយ៉ាងសុខសាន្តប្រក្រតីដែរ។ សរុបទៅ តើអ្នកគិតយ៉ាងណាដែរចំពោះរឿងនេះ?
ប្រភព៖ សារព័ត៌មានបរទេស