មនុស្សមួយចំនួនតូចអាចគិតថា បើមានបញ្ហាក្រចកឡើងពណ៌លឿងនោះគឺមិនមានអីពិបាកនោះទេ គ្រាន់តែលាបពណ៌ភ្លឺៗគ្របពីលើទៅគឺរួចស្រេចបាត់ទៅហើយ។ តែ ឡារ៉ែន យល់ថានេះមិនមែនជាជម្រើសដ៏ល្អបំផុតនោះទេ ព្រោះបើទោះជាអ្នកអាចបិទបាំងភ្នែកអ្នកដទៃបាន តែអ្នកមិនអាចកុហកខ្លួនឯងបាននោះទេ។ គ្រប់ពេលតែងតែមានការបារម្ភថា អាថ៌កំបាំងនៃក្រចកលឿងរបស់អ្នកនឹងត្រូវបែកធ្លាយ ព្រោះមិនប្រាកដក្នុងចិត្តថាពេលណាថ្នាំក្រចកនឹងរបកចេញ ឬថ្ងៃណាមួយអាចនឹងចេញទៅក្រៅដោយភ្លេចលាបក្រចកជាដើម។ ដូច្នេះវិធីដ៏ល្អបំផុតក្នុងការបង្កើតសុវត្ថិភាព និងទំនុកចិត្តឱ្យក្រចកដៃដ៏ស្រឡូនរបស់អ្នកជាមួយនឹងក្រចកភ្លឺសស្អាតវិញនោះគឺ ការការពារ និងការព្យាបាលឱ្យវាវិលមករកសភាពដើមវិញ។
ជាញឹកញាប់សភាពក្រចកលឿងកើតឡើងដោយការប្រឡាក់ជាប់ពីពណ៌នៃថ្នាំលាបក្រចក ដូច្នេះវាសំខាន់ណាស់ដែលរាល់ពេលលាបពណ៌ក្រចកម្តងៗអ្នកត្រូវលាបពណ៌រលោងជាមុនសិន ដើម្បីការពារកុំឱ្យប្រឡាក់ក្រចក ហើយក៏ធ្វើឱ្យជាប់ពណ៌បានយូរផងដែរ។ គួរចៀសវាងប្រើទឹកថ្នាំសម្អាតក្រចកដែលមានជាតិ Acetone ព្រោះវានឹងធ្វើឱ្យក្រចករបស់អ្នកកាន់តែយ៉ាប់ឡើង។ បើអ្នកចេះជក់បារី ឱកាសដែលនាំឱ្យក្រចកឡើងពណ៌លឿងនឹងមានកាន់តែច្រើន ដោយសារសារធាតុ nicotine ពីបារីទាំងនោះ។ មូលហេតុទូទៅមួយទៀតដែលនាំឱ្យក្រចកប្រែមកជាពណ៌លឿងគឺបណ្តាលមកពីមេរោគផ្សិត។ មេរោគទាំងនេះមិនត្រឹមតែប្តូរពណ៌ក្រចកទេ តែវាថែមទាំងអាចធ្វើឱ្យក្រចករបស់អ្នករបក ឬមានក្លិនមិនល្អថែមទៀតផង។
ដូចដែលគេនិយាយថាការពារប្រសើរជាងព្យាបាលនោះវាមិនខុសទេ ដូច្នេះបើអាចការពារបានអ្នកគួរតែការពារ។ វិធីដែលអាចជួយការពារអ្នកពីអាការក្រចកឡើងពណ៌លឿងនោះគឺប្រេងដើមតែ លាយជាមួយវីតាមីនE ឬប្រេងគ្រាប់ផ្លែទំពាំងបាយជូរ។ ម៉ាស្សាក្រចកដៃដោយប្រេងជារៀងរាល់ថ្ងៃ ដើម្បីក្រចកមានសុខភាពល្អ ភ្លឺរលោង និងការពារក្រចកពីមេរោគផ្សិត។
ប្រសិនបើអ្នកបានសាកល្បងវិធីអស់ទាំងនេះរួចហើយ ប៉ុន្តែក្រចកនៅតែមានពណ៌លឿងទៀតនោះ វាអាចជារោគសញ្ញាដែលកើតមកពីសួត ឬថ្លើម ហើយវាក៏ជាពេលដែលអ្នកត្រូវទៅជួបគ្រូពេទ្យវិញម្តង។ ការការពារជារឿងល្អបំផុត តែបើកើតរួចហើយនោះគឺមានតែស្វែងរកវិធីព្យាបាលវិញប្រសើរជាង។ ការសាកល្បងព្យាបាលតាមបែបធម្មជាតិ ដោយវិធីមួយចំនួនត្រូវបានផ្តល់ជូនមានដូចជា ម្សៅ Baking soda, ថ្នាំដុសធ្មេញ និងទឹក hydrogen peroxide។ លាបពណ៌ក្រចកញឹក
ញាប់ ដោយមិនបានទ្រាប់ដោយទឹករលោង ការជក់បារីដែលជាមូលហេតុនាំឱ្យក្រចកលឿងក៏គួរតែត្រូវកាត់បន្ថយដែរហើយ បើចង់ឱ្យក្រចករបស់អ្នកប្រែមកជាពណ៌សរលោងស្អាតដូចបំណងនោះ។
ទឹក Hydrogen Peroxide៖ លាយទឹក Hydrogen Peroxide 1កូនពែង ទឹក3កូនពែង ដាក់ក្នុងចាន រួចត្រាំក្រចកពី10-15នាទី រួចសឹមលាងចេញ និងបន្ថែមដោយប្រេងផ្តល់សំណើមជាការស្រេច។
ប្រើថ្នាំជំនួយ៖ ថ្នាំដែលគេយកមកប្រើដើម្បីឱ្យធ្មេញសស្អាត ក៏មានប្រសិទ្ធភាពជាមួយក្រចកដែរ ដូច្នេះអ្នកគួរតែសាកល្បងលេងៗទៅមើល៍។
ថ្នាំដុសធ្មេញ៖ មិនខុសអីពីការសម្អាតពណ៌លឿងចេញពីធ្មេញនោះទេ ថ្នាំដុសធ្មេញក៏អាចជួយដុសសម្អាតជាតិពណ៌លឿងពីក្រចកបានដែរ។
ទឹកក្រូចឆ្មារ៖ ទឹកក្រូចឆ្មារដែលច្របាច់ចេញពីផ្លែក្រូចឆ្មារអាចយកមកប្រើដើម្បីជួយដល់ក្រចកលឿងបាន។ ត្រាំ ឬត្រដុសក្រចកដៃរបស់អ្នកជាមួយនឹងទឹកក្រូចឆ្មារ 5-10នាទី សឹមសម្អាត និងផ្តល់សំណើមឱ្យក្រចករបស់អ្នកបានល្អតាមក្រោយ៕