ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុនៅកម្ពុជា ឬCVEA លោក ច្រឹក សុខនីម បានដាក់ចេញយុទ្ធសាស្ត្រចំនួន 3ចំណុច ក្នុងការដឹកនាំសមាគម ក៏ដូចជាការគូសវាស និងតម្រង់ទិស ដើម្បីអភិវឌ្ឍវិស័យអចលនទ្រព្យនៅកម្ពុជា ក្រោមការដឹកនាំរបស់លោកក្នុងអាណត្តិទី6 ដែលបានចាប់ផ្តើមនៅឆ្នាំ2019 មកដល់ឆ្នាំ2020នេះ។ លោក ច្រឹក សុខនីម បានបង្ហាញគោលការណ៍ និងយុទ្ធសាស្ត្រសំខាន់ចំនួន 3ចំណុច ដែលនឹងត្រូវយកមកអនុវត្តបន្ថែមលើផែនការយុទ្ធសាស្ត្ររបស់សមាគមដែលមានកន្លងមក។
ក្នុងអាណត្តិទី6 ឆ្នាំ2019-2020 នេះ លោក ច្រឹក សុខនីម ប្រធានសមាគម CVEA បានដាក់ចេញនូវគោលយុទ្ធសាស្ត្រ 3 ជាអាទិភាព សម្រាប់ប្រើប្រាស់ជាផែនការមេ និងជាផែនទីបង្ហាញផ្លូវ ដែលតម្រង់ទិសប្រតិបត្តិការ ដើម្បីឈានទៅសម្រេចឱ្យបាននូវទិសដៅ និងគោលបំណងរបស់សមាគម។ ក៏ដូចជាជួយធានា និងបណ្តុះបណ្តាលធនធានមនុស្សផ្នែកភ្នាក់ងារអចលនវត្ថុកម្ពុជា។
ប្រធានសមាគម CVEA បានឱ្យដឹងថា គោលការណ៍ និងផែនការយុទ្ធសាស្ត្រអាទិភាពទាំង 3ចំណុចនោះមានដូចជា៖
យុទ្ធសាស្ត្រទី1 ការធានាឱ្យបានដំណោះស្រាយជាអាទិភាព ចំពោះការលើកកម្ពស់ការអភិវឌ្ឍរបស់សមាជិក៖ នៅត្រង់ចំណុចនេះ លោកផ្តោតទៅលើការផ្តល់ចំណេះដឹងដល់សមាជិក តាមរយៈការផ្តល់ជាវគ្គបណ្តុះបណ្តាលនានា ដល់សមាជិក 3ប្រភេទ ដែលរួមមាន៖ អ្នកវាយតម្លៃអចលនទ្រព្យ ភ្នាក់ងារអចលនទ្រព្យ និងអ្នកគ្រប់គ្រងអចលនវត្ថុ។ លោកជឿជាក់ នៅពេលដែលសមាជិកទាំងអស់ទទួលបានចំណេះដឹងពីអចលនវត្ថុបានជ្រៅជ្រះហើយ នឹងធ្វើឱ្យសមាជិកទាំងអស់មានទុន ដើម្បីប្រកបរបរអចលនទ្រព្យ ក៏ដូចជាគ្រប់គ្រងអចលនទ្រព្យបានត្រឹមត្រូវ ដើម្បីឈានទៅរកភាពជោគជ័យទាំងអស់គ្នា។
ជាងនេះទៅទៀត លោកបន្ថែមថា យុទ្ធសាស្ត្រនេះ ក៏ចង់ពង្រឹងការទំនាក់ទំនងរបស់សមាគមលើឆាកអន្តរជាតិ ដើម្បីបង្កើនចំណេះដឹងតាមរយៈវគ្គបណ្តុះបណ្តាលវគ្គសិក្សាថ្មីៗបន្ថែម ដែលមិនធ្លាប់មានពីមុនមក ដើម្បីបង្កើនប្រសិទ្ធភាពការងារដល់សមាជិកថែមទៀត។
យុទ្ធសាស្ត្រទី2 ការបង្កើតនូវភាពងាយស្រួល និងគុណតម្លៃសម្រាប់ការចូលរួមរបស់សមាជិកភាព៖ លោក ច្រឹក សុខនីម បានបញ្ជាក់ដែរថា កាលពីមុន ដើម្បីចូលជាសមាជិកសមាគម អាចមានតម្លៃថ្លៃ តែមកដល់បច្ចុប្បន្ន សមាគមនឹងកាត់បន្ថយបញ្ហានេះ ហើយព្យាយាមជំរុញសមាជិកឱ្យពួកគាត់អាចចូលរួមជាមួយសមាគមឱ្យបានកាន់តែច្រើន តាមលទ្ធភាពរបស់ពួកគាត់។ លោកបន្តថា សមាគមក៏ព្យាយាមបណ្តុះបណ្តាល និងជួយសម្រួលផលលំបាករបស់គាត់ក្នុងវិស័យអចលនទ្រព្យឱ្យកាន់តែផុលផុស។ ជាងនេះទៀត ការបង្កើតក្រុមប្រឹក្សាយោបល់ទៅលើផ្នែកច្បាប់ ដែលនឹងត្រូវលើកយកមកសិក្សាដើម្បីឱ្យការធ្វើអាជីវកម្មក្នុងវិស័យអចលនទ្រព្យកាន់តែមានភាពល្អប្រសើរ ដែលមានការធានាដោយច្បាប់។
និងយុទ្ធសាស្ត្រទី3 ពង្រីកវប្បធម៌នៃការឱ្យតម្លៃការងារជាក្រុម ប្រកបដោយសមធម៌៖ យុទ្ធសាស្ត្រនេះ គឺសមាគមសំដៅដល់ការពង្រឹងគុណភាពការធ្វើការងារជាក្រុមរបស់សមាជិកសមាគម ដោយមិនមានផ្នត់គំនិតរើសអើស ឬមិនឱ្យតម្លៃគ្នានោះឡើយ តាមរយៈការផ្តោតលើជំនួយបច្ចេកទេស និងប្រឹក្សាយោបល់ទៅលើការធ្វើអាជីវកម្មដល់សមាជិក ក្នុងន័យពង្រឹងកិច្ចការផ្ទៃការក្នុងរបស់សមាគម ហើយសមាជិកទាំងអស់របស់សមាគម ត្រូវបានចាត់ទុកជាដៃគូ ដើម្បីធ្វើការរួមគ្នា ផ្តល់ឱកាសឱ្យគ្នាព្រមទាំងឱ្យតម្លៃគ្នាទៅវិញទៅមក ដើម្បីសម្រេចយុទ្ធសាស្ត្ររបស់សមាគម និងឈានទៅឆ្លើយតបតម្រូវការវិស័យអចលនទ្រព្យកម្ពុជា។
យ៉ាងណាក្ដី ដើម្បីសម្រេចគោលដៅយុទ្ធសាស្ត្រដែលបានដាក់ចេញនេះ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) លោក ច្រឹក សុខនីម ក៏បានអំពាវនាវ និងជំរុញឱ្យសមាជិកសមាគមទាំងអស់ បង្កើនការសហការ កំណត់បញ្ហាព្រមទាំងលើកយកបញ្ហាមកពិភាក្សារួមគ្នា សម្រាប់ប្រើប្រាស់ជាផែនការមេ និងជាផែនទីបង្ហាញផ្លូវដែលតម្រង់ទិសប្រតិបត្តិការ ដើម្បីឈានទៅសម្រេចឱ្យបាននូវទិសដៅ និងគោលបំណងរបស់សមាគមក៏ដូចជាជួយធានា និងបណ្តុះបណ្តាលធនធានមនុស្សផ្នែកភ្នាក់ងារអចលនវត្ថុកម្ពុជាឱ្យកាន់តែច្រើន។
ក្រៅពីដាក់ចេញយុទ្ធសាស្ត្រអាទិភាពចំនួន 3ចំណុច ដើម្បីដឹកនាំនាវាវិស័យអចលនទ្រព្យនៅកម្ពុជាឆ្នាំ2020 នេះដែរ។ តំណាងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជារូបនេះ ក៏បានបង្ហាញការយល់ឃើញចំពោះការវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជាដែរថា នឹងនៅតែបន្តមានការរីកចម្រើនជាវិជ្ជមាន។ ជាមួយគ្នានោះ លោកក៏បានអះអាងទៀតដែរថា វិស័យអចលនទ្រព្យក្នុងឆ្នាំ2020 នឹងនៅតែល្អប្រសើរ មិនខុសគ្នាពីឆ្នាំ2019 ប៉ុន្មានឡើយ។
យ៉ាងណាក្ដី ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជារូបនេះបានអះអាងថា ដើម្បីឱ្យិវិស័យនេះកាន់តែមានការរីកចម្រើននោះ គឺទាមទារឱ្យមានការចូលរួមរវាងភាគីពាក់ព័ន្ធនឹងរដ្ឋាភិបាល ខណៈដែលបច្ចុប្បន្នលោកមើលឃើញនូវភាពខ្វះចន្លោះចំពោះទិន្ន័យទីផ្សារអចលនទ្រព្យ ដោយមិនទាន់រួមគ្នាធ្វើរវាងរដ្ឋ និងឯកជននៅឡើយ៕