Skip to content

ផ្ទុះ​អាវុធ​នៅ​ថៃ​ទៀត​ហើយ​! ខ្មាន់​កាំភ្លើង​ម្នាក់ បាញ់​សម្លាប់​មនុស្ស​នៅ​កណ្ដាល​ទី​ក្រុង​បាង​កក​

បុរស​ម្នាក់​បាន​បាញ់​សម្លាប់​​អតីត​ភរិយា​របស់​ខ្លួន ហើយ​ក៏​បាន​បណ្ដាល​ឱ្យ​មនុស្ស​ម្នាក់​ផ្សេង​ទៀត​រង​របួស​ធ្ងន់​ដែល​ករណី​នេះ ​បាន​កើត​ឡើង​នៅ​ក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ​នៅ​ទី​ក្រុង​បាងកក​ ប្រទេស​ថៃ កាល​ពី​ល្ងាច​ថ្ងៃទី​18កុម្ភៈ តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​អំពើ​បាញ់​រះ​សម្លាប់​មនុស្ស​29នាក់ នៅ​​ភាគឦសាន​ប្រទេស​នេះ​។

សារ​ព័ត៌មាន​ AFP បាន​រាយ​ការណ៍​ថា ករណី​ផ្ទុះ​អាវុធ​នេះ កើត​ឡើង​នៅ​ឯមជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្ម​ Century The Movie Plaza នៅ​ក្បែរ​វិមាន​ជ័យ​ជំនះ​ ក្នុង​ទី​ក្រុង​បាងកក​ នៃ​ប្រទេស​ថៃ កាល​ពី​វេលា​ម៉ោង​15និង​22​នាទីល្ងាច​ ថ្ងៃទី​18កុម្ភៈ (ម៉ោង​ក្នុង​ស្រុក)។

“មនុស្ស​ម្នាក់​បាន​ស្លាប់​ និង​ម្នាក់​ទៀត​រង​របួស​”។ នេះ​បើ​តាមការ​ឱ្យ​ដឹង​ពី​​មន្ត្រី​​នគរ​បាល​ម្នាក់​ ឈ្មោះ Kissana Pattanacharoen។

ខ្មាន់​កាំភ្លើង​បាន​គេច​ខ្លួន​បាត់​ស្រមោល​ពី​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម ក្រោយ​ពី​បាន​បង្កហេតុ។ នគរ​បាល​ឱ្យ​ដឹង​ថា ពួកគេ​កំណត់​បាន​អត្ត​សញ្ញាណ​ជន​សង្ស័យរួច​ហើយ​​ និង​កំពុង​តាម​ចាប់​ជន​នេះ​។

ខ្មាន់​កាំភ្លើង​បាន​ចូល​ទៅ​ក្នុង​ហាងថែ​រក្សា​​សម្ផស្ស​មួយ​នៅ​ក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​ Century The Movie Plaza​ ជា​កន្លែង​ដែល​អតីត​ភរិយា​​របស់​ខ្លួន​កំពុង​ធ្វើ​ការ​។ ខ្មាន់​កាំភ្លើង​បាន​បាញ់​សម្លាប់​ស្ត្រី​ជា​អតីត​ភរិយា​​ និង​ធ្វើ​ឱ្យ​មនុស្ស​ម្នាក់​នៅ​ក្បែរ​នោះ រង​របួស​។

អាជ្ញា​ធរ​ទី​ក្រុង​បាងកក​ បាន​អះអាង​ថា ករណី​នេះ​ កើត​ឡើង​ដោយ​សារ​បញ្ហា​ផ្ទាល់​ខ្លួន​ និង​ថា វា​មិន​មែន​ជា​ករណី​បាញ់​រះ​ដែល​​ដូច​ទៅ​នឹង​ករណី​ដែល​បាន​កើត​ឡើង​នៅ​ទី​ក្រុង​ Nakhon Ratchasima កាល​ពី​​10ថ្ងៃ​មុន​នោះ​ទេ។

កង​កម្លាំង​មាន​សមត្ថ​កិច្ច បាន​ឡោម​ព័ទ្ធ​តំបន់​កើត​ហេតុ និង​បាន​រក​ឃើញ​សម្បក​គ្រាប់​ចំនួន​7 នៅ​កន្លែង​កើត​ហេតុ​។ មន្ត្រី​ជំនាញ បាន​សង្ស័យ​ថា ករណី​នេះ កើត​ឡើង​ដោយ​សារ​​ការ​​ប្រចណ្ឌ​។ ស្ត្រី​​រងគ្រោះ​បាន​បាត់​បង់​ជីវិត​ភ្លាម​ៗ ដោយ​សារ​ត្រូវ​គ្រាប់​ចំនួន​ពី​ 3-4គ្រាប់​ នៅ​ត្រង់​ក្បាល​ និង​ដង​ខ្លួន​។

នៅ​​ដើម​ខែ​នេះ ក៏មាន​ករណី​ផ្ទុះ​អាវុធ​សម្លាប់​មនុស្ស​​នៅ​ប្រទេស​ថៃផង​ដែរ។ ករណី​បាញ់​រះ​នោះ បង្ក​ឡើង​ដោយ​មន្ត្រី​យោធា​ម្នាក់ បណ្ដាល​ឱ្យ​មាន​អ្នក​ស្លាប់ដល់​ទៅ​​​29នាក់ នៅ​ឯ​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​ Termiinal 21 ក្នុង​ទីក្រុង​ Nakhon Ratchasima ភាគ​ឦសាន​ប្រទេស​នេះ​។

កាល​ពី​ដើម​ឆ្នាំ​នេះ ក៏មាន​ករណី​បាញ់​សម្លាប់​មនុស្ស​នៅ​ឯ​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​មួយ​ក្នុង​ទីក្រុង​ Lopburi ភាគ​កណ្ដាល​ប្រទេស​ថៃ។ ខ្មាន់​កាំភ្លើង​ម្នាក់ បាន​បាញ់​សម្លាប់​មនុស្ស​ចំនួន3នាក់ ក្នុង​នោះ​មាន​កុមារ​អាយុ​2ឆ្នាំ​ម្នាក់​។ ករណី​នេះ ក៏បាន​បណ្ដាល​ឱ្យ​មាន​អ្នក​រង​របួស​​4នាក់​ នៅ​ពេល​ខ្មាន់​កាំភ្លើង​បាន​ចូល​ប្លន់​ហាង​លក់​គ្រឿង​អលង្ការ​មួយ​កន្លែង​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Leave a Reply

Your email address will not be published. Required fields are marked *