ភ្នំពេញ៖ នៅព្រឹកថ្ងៃទី17 ខែកក្កដា ឆ្នាំ2017 ក្រសួងទេសចរណ៍បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងចុងក្រោយគោលការណ៍ណែនាំស្តីពីកម្ចីសម្រាប់និស្សិតក្នុងវិស័យទេសចរណ៍នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដើម្បីផ្តល់ឱកាសដល់និស្សិតក្រីក្រឱ្យមានលទ្ធភាពបន្តការសិក្សាថ្នាក់មហាវិទ្យាល័យក្នុងវិស័យទេសចរណ៍។
ឯកឧត្តម ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍មានប្រសាសន៍ថាសិក្ខាសាលានេះរៀបចំឡើងដើម្បីពិគ្រោះយោបល់ចុងក្រោយលើគោលការណ៍ណែនាំស្តីពីកម្ចីសម្រាប់និស្សិតក្នុងវិស័យទេសចរណ៍ដែលនឹងត្រូវបានប្រើប្រាស់ជាមូលដា្ននលើកទឹកចិត្តដល់អ្នកផ្តល់កម្ចីនិស្សិតទាំងអស់ រៀបចំឱ្យមានគម្រោងកម្ចីសម្រាប់និស្សិតក្នុងវិស័យទេសចរណ៍ជាមួយនឹងការផ្តល់លក្ខខណ្ឌកម្ចីមួយដែលមានលក្ខណៈសមស្របដល់បុគ្គលិក សិស្ស និស្សិត និងក្រុមគ្រួសារអាចមានលទ្ធភាពខ្ចីបាន និងជាជំនួយក្នុងការតម្រង់ទិសដល់បុគ្គលិក សិស្ស និស្សិត និងក្រុមគ្រួសារដែលមានបំណង និងចាប់អារម្មណ៍លើកម្ចីសម្រាប់និស្សិតក្នុងវិស័យទេសចរណ៍។
អង្គសិក្ខាសាលាបានពិភាក្សា និងឈានដល់ការឯកភាពរួមគ្នាលើចំណុចមួយចំនួន ដូចជាៈ
1. អង្គសិក្ខាសាលាបានគាំទ្រលើការរៀបចំគោលការណ៍ណែនាំស្តីពីការផ្តល់កម្ចីសម្រាប់និស្សិតក្នុងវិស័យទេសចរណ៍ និងបានឯកភាពជំរុញរៀបចំឱ្យមានគម្រោងកម្ចីនិស្សិតសម្រាប់វិស័យទេសចរណ៍ឱ្យបានឆាប់ ដោយរាល់គម្រោងកម្ចីសម្រាប់និស្សិតក្នុងវិស័យទេសចរណ៍ទាំងអស់ត្រូវមានការកំណត់រយៈពេលខ្ចីឱ្យបានច្បាស់លាស់ ទាំងក្នុងរយៈពេលខ្លី មធ្យម និងវែង។ ត្រូវធ្វើអធិការកិច្ចឱ្យបានទៀងទាត់ ត្រូវបកស្រាយពន្យល់ឱ្យបានច្បាស់ពីលក្ខខណ្ឌតម្រូវផ្សេងៗទាក់ទងទៅនឹងកម្ចីសម្រាប់និស្សិតក្នុងវិស័យទេសចរណ៍ សំដៅឱ្យមានការផ្តល់ព័ត៌មានច្បាស់លាស់ប្រកបដោយគុណភាព តម្លាភាព និងសុចរិតភាពដល់អ្នកស្នើសុំកម្ចីដែលជានិស្សិត។ ត្រូវមានការជំរុញឃោសនាផ្សព្វផ្សាយកម្ចីសម្រាប់និស្សិតក្នុងវិស័យទេសចរណ៍ឱ្យបានទូលំទូលាយ ត្រូវជំរុញ និងអភិវឌ្ឍឱ្យមានការផ្តល់កម្ចីដល់និស្សិតជាមួយនឹងការប្រាក់ទាបសម្រាប់និស្សិតក្នុងវិស័យទេសចរណ៍ និងត្រូវរៀបចំឱ្យមានបញ្ជីរាយនាមអ្នកផ្តល់កម្ចីសម្រាប់និស្សិតក្នុងវិស័យទេសចរណ៍ និងត្រូវរៀបចំឱ្យមានការលើកទឹកចិត្តដល់អ្នកផ្តល់កម្ចីសម្រាប់និស្សិតក្នុងវិស័យទេសចរណ៍តាមរយៈការផ្តល់ “ពានរង្វាន់អ្នកផ្តល់ និងអ្នកធានាកម្ចីនិស្សិតឆ្នើមប្រចាំឆ្នាំ”។
2.អង្គសិក្ខាសាលាបានកត់សម្គាល់ជាយុទ្ធសាស្រ្តកម្ចីសិក្សាក្នុងជំនាញទេសចរណ៍ មាន 12 ប្រភេទ រួមមានកម្ចីផ្តល់ដោយគ្រឹះស្ថានហិរញវត្ថុផ្តល់ប្រាក់កម្ចី និងហិរញ្ញវត្ថុទ្រទ្រង់ការសិក្សា ដែលមានលក្ខណៈជាកម្ចីដែលផ្តល់ដោយផ្ទាល់ពីក្រុមហ៊ុនប្រតិបត្តិករទេសចរណ៍ ធុរកិច្ចក្នុងវិស័យទេសចរណ៍។
3.អង្គសិក្ខាសាលាបានឯកភាពឱ្យមានការកំណត់លក្ខណៈសម្បត្តិ និងតួនាទីសម្រាប់អ្នកផ្តល់កម្ចី ដោយតម្រូវឱ្យបំពេញតាមលក្ខខណ្ឌ និងបានកត់សម្គាល់ពីតួនាទីរបស់អ្នកស្នើសុំកម្ចី ដោយត្រូវពិនិត្យមើលឱ្យបានប្រុងប្រយ័ត្នបំផុតលើអត្រាការប្រាក់ សោហ៊ុយផ្សេងៗ និងលក្ខខណ្ឌទូទាត់សងសម្រាប់កម្ចីដើម្បីធានាបានថា ការជ្រើសរើសកម្ចីសម្រាប់សិក្សាសមស្របទៅនឹងលទ្ធភាព និងតម្រូវការរបស់ខ្លួន។
4.អង្គសិក្ខាសាលាបានឯកភាព និងគាំទ្រលើយន្តការស្ថាប័នសម្រាប់ធានាដល់ការដំណើរការសម្របសម្រួល និងជំរុញការអនុវត្តគោលការណ៍ស្តីពីកម្ចីសម្រាប់និស្សិតក្នុងវិស័យទេសចរណ៍ ដោយបានអបអរសាទរ និងឯកភាពលើការបង្កើតក្រុមការងារជំរុញការអនុវត្តគម្រោងកម្ចីសម្រាប់និស្សិតក្នុងវិស័យទេសចរណ៍ដែលក្រសួងទេសចរណ៍បានបង្កើតឡើង ជាពិសេសគាំទ្រលើការរៀបចំឱ្យមានកិច្ចព្រមព្រៀងស្តីពីការជំរុញ គាំទ្រ និងធានាលើកម្ចីសម្រាប់និស្សិតក្នុងវិស័យទេសចរណ៍តាមរយៈការព្រមព្រៀងរវាងក្រសួងទេសចរណ៍ គ្រឹះស្ថានហិរញ្ញវត្ថុផ្តល់កម្ចីនិស្សិត គ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាលជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ច សមាគមទេសចរណ៍ ដែលជាតំណាងប្រតិបត្តិករទេសចរណ៍ និងធុរកិច្ចក្នុងវិស័យទេសចរណ៍ និងសហព័ន្ធសហភាពយុវជនកម្ពុជា។
ជារួមអង្គសិក្ខាសាលាទាំងមូលសូមសម្តែងនូវការកោតសរសើរចំពោះការគិតគូរខ្ពស់របស់ក្រសួងទេសចរណ៍ក្នុងការជំរុញ និងសម្របសម្រួលឱ្យមានគម្រោងផ្តល់ប្រាក់កម្ចីដល់និស្សិតក្នុងវិស័យទេសចរណ៍ដែលនឹងចូលរួមចំណែកដល់ការកសាងធនធានអ្នកជំនាញក្នុងឧស្សាហកម្មទេសចរណ៍ដែលត្រូវការប្រមាណជាង 15 ម៉ឺន នាក់ក្នុងឆ្នាំ និងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះក្រសួងទេសចរណ៍ដែលបានខិតខំប្រឹងប្រែងយកអស់ស្មារតី កម្លាំងកាយចិត្ត មិនខ្លាចនឿយហត់ប្រកបដោយឆន្ទៈនយោបាយមោះមុតដើម្បីបុព្វហេតុអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវដោយបាននាំមកនូវការអភិវឌ្ឍសេដ្ឋកិច្ច សង្គម បរិស្ថាន ការបង្កើតការងារ ការកាត់បន្ថយភាពក្រីក្រ និងការចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតងនៅកម្ពុជា ដោយឈរលើទស្សនទានជំរុញកំណើន និងនិរន្តរភាព។
គួរកត់សម្គាល់ថា រយៈពេល 5 ខែដើមឆ្នាំ2017នេះ កម្ពុជាទទួលបានភ្ញៀវទេសចរប្រមាណ 2,284,631 នាក់ កើនឡើងប្រមាណ 12.5% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ2016។ តាមការព្យាករនៅឆ្នាំ2121 កម្ពុជានឹងអាចទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ 7លាននាក់ ជាមួយនឹងចំណូលសរុបប្រមាណ 5ពាន់លានដុល្លា និងបង្កើតការងារដោយផ្ទាល់ប្រមាណជិត 1លាននាក់៕