ការដែលប្រជាជនមិនហ៊ានចេញទៅក្រៅនៅពេលកើតមានវិបត្តិសុខភាព និងការដែលសាខាធនាគារជាច្រើនបានបិទទ្វារ ឬផ្អាកដំណើរការ បានជំរុញឱ្យសកម្មភាពប្រតិបត្តិការហិរញ្ញវត្ថុតាមអ៊ីនធើណិត មានការកើនឡើងគួរឱ្យកត់សម្គាល់។
ក្រោយដំណើរការរអាក់រអួលជាច្រើនខែព្រោះតែបាតុកម្ម ក្រុមហ៊ុនទាំងឡាយនៅហុងកុងក៏ត្រូវជាប់គាំងក្នុងការ “ឡោមព័ទ្ធ” នៃអាសន្នរោគកូរ៉ូណា COVID-19។ អាជ្ញាធរទីក្រុងហុងកុងបានព្រមានថា សេដ្ឋកិច្ចនឹងធ្លាក់ចូលជ្រៅទៅក្នុងឱនភាព។ ឆ្នាំ2019 ទីក្រុងហុងកុងបានជួបវិបត្តិសេដ្ឋកិច្ចលើកដំបូងចាប់តាំងពីវិបត្តិហិរញ្ញវត្ថុសកលនាឆ្នាំ2008។
បើទោះជាយ៉ាងនេះក្ដី សេវាកម្មអនឡាញនៅទីក្រុងហុងកុង បែរជាឡើង “គ្រងរាជ” ទៅវិញ។ ធនាគារ Bank of China សាខាក្រុងហុងកុង ថ្មីៗនេះ បានកត់សម្គាល់ឃើញថា ចំនួនអតិថិជនដែលបានចូលប្រើកម្មវិធី App របស់ខ្លួន មានការកើនឡើងច្រើន។ AIA ក៏ទទួលបានសំណួរជាច្រើនទាក់ទិននឹងសេវាកម្ម។ ចំណែក Bank of East Asia ក៏បានកត់សម្គាល់ឃើញថា សេវាទូទាត់តាមអ៊ីនធើណិតរបស់អតិថិជន មានការកើនឡើងខ្ពស់ផងដែរ។
“អាសន្នរោគ កំពុងតែពិសោធទៅលើប្រព័ន្ធហិរញ្ញវត្ថុរបស់ទីក្រុងហុងកុង។ អតិថិជនកំពុងតែងាកមកប្រើសេវាកម្មហិរញ្ញវត្ថុតាមអ៊ីនធើណិត ជំនួសឱ្យការឈររង់ចាំនៅមុខធនាគារ។ មកដល់ពេលនេះ បណ្ដាក្រុមហ៊ុនហិរញ្ញវត្ថុ នៅតែអាចដោះស្រាយស្ថានការណ៍បានយ៉ាងល្អប្រសើរ”។ នេះបើតាមការបកស្រាយរបស់ Kenny Ng Lai-yin អ្នកឯកទេសផ្នែកយុទ្ធសាស្ត្រមូលបត្រនៃក្រុមហ៊ុន Everbright Sun Hung Kai។
សាខានៃធនាគារក្នុងទីក្រុងហុងកុងចំនួនពី 20-30% បានបិទទ្វារ និងឱ្យបុគ្គលិកធ្វើការនៅឯផ្ទះរៀងៗខ្លួន ដើម្បីកាត់បន្ថយ និងទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូរ៉ូណា។ ប្រព័ន្ធទូទាត់រហ័ស (Faster Payment System) ដែលត្រូវបានបង្កើតឡើងកាលពីខែកញ្ញា ឆ្នាំ2018 របស់ហុងកុង នៅតែរីកចម្រើនយ៉ាងរលូន។ ប្រព័ន្ធទូទាត់រហ័ស គឺជាប្រព័ន្ធដែលតភ្ជាប់បណ្ដាធនាគារជាមួយនឹងបណ្ដាក្រុមហ៊ុនគ្រប់គ្រងកាបូបអេឡិចត្រូនិក និងក្រុមចំនហ៊ុនផ្ដល់សេវាទូទាត់តាមអ៊ីនធើណិត (digital wallet ឬ e-Wallet) ក្នុងបំណងបង្កើនចំនួននៃប្រតិបត្តិការ។
គិតមកដល់ខែមករា ឆ្នាំ2020 មានអតិថិជនប្រមាណជា4,2លាននាក់ បានចុះឈ្មោះប្រើប្រាស់សេវាខាងលើនេះ ពោលគឺប្រហែលជាងពាក់កណ្ដាលនៃប្រជាជនសរុបនៅហុងកុង។ កាលពីខែមុន ប្រតិបត្តិការហិរញ្ញវត្ថុចំនួន192,000លើក ដែលមានតម្លៃ2,5ពាន់លានដុល្លារហុងកុង (322លានដុល្លារអាមេរិក) ត្រូវបានធ្វើឡើង។ ប្រតិបត្តិការនេះបានកើនឡើង3ដង បើធៀបនឹងខែដំបូងនៃការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់រហ័សនេះ។
នៅឯធនាគារ Bank of China វិញ ប្រតិបត្តិការនៅលើទូរស័ព្ទភាគច្រើនគឺការផ្ទេរប្រាក់ ទូទាត់វិក្កយបត្រ ផ្ញើប្រាក់សន្សំ ឬប្ដូររូបិយប័ណ្ណអន្តរជាតិ។ អ្នកនាំពាក្យរបស់ធនាគារ Bank of East Asia វិញ ថ្លែងថា៖ “យើងសូមលើកទឹកចិត្តឱ្យអតិថិជន ប្រើប្រាស់កម្មវិធីអនឡាញ ឬ App គ្រប់ពេល ដើម្បីកាត់បន្ថយចំនួនអតិថិជនទៅកាន់សាខាផ្ទាល់ និងទៅទីសាធារណៈ ដើម្បីជួយទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូរ៉ូណា”។
Simon Loon សហស្ថានិក និងជា CEO នៃក្រុមហ៊ុនសេវាផ្ដល់ប្រាក់កម្ចីតាមអ៊ីនធើណិត WeLab និង WeLend បានឱ្យដឹងថា ខ្ទង់ប្រាក់កម្ចីបានកើនឡើងគួរឱ្យកត់សម្គាល់ ក្រោយពីអាសន្នរោគបានឆ្លងរាលដាល។ ខ្ទង់ប្រាក់កម្ចីនៅលើWeLend បានកើនឡើង24% កាលពីត្រីមាសកន្លង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុននោះ។ ចំណែកអំឡុងពេលក្រោយចូលឆ្នាំចិន កំណើននៃខ្ទង់ប្រាក់កម្ចី បានកើនឡើង14% បើធៀបនឹងឆ្នាំមុន។
នេះគឺជាប្រតិកម្មដែលត្រូវបានគេព្យាករមុនរួចមមកហើយ។ ចំណែកឯបណ្ដាក្រុមហ៊ុនធានារ៉ាប់រង ឬក្រុមហ៊ុនទូទាត់តាមអនឡាញជាដើម ក៏បានស្គាល់កំណើននៃការប្រើប្រាស់សេវាកម្មរបស់ខ្លួននេះដែរ។
“ដំណាក់កាលចាប់ពីថ្ងៃទី26មករា -9កុម្ភៈ អតិថិជននៃក្រុមហ៊ុន AIA ប្រមាណជា60% បានប្រើប្រាស់សេវាកម្មតាមអ៊ីនធើណិត ដូចជា AIA Connect និងគេហទំព័រ AIA Hong Kong ជាដើម។ ចំនួននេះ កើន20% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ2019″។ នេះបើតាមការឱ្យដឹងពី Peter Crewe អគ្គនាយកប្រតិបត្តិនៃក្រុងហ៊ុន AIA Hong Kong និង Macau។
សារព័ត៌មាន SCMP រាយការណ៍ថា Fred Ngan Yiu-fai សហស្ថានិក និងជា CEO នៃក្រុមហ៊ុនធានារ៉ាប់រងអនឡាញ Bowtie Inserance បានប្រាប់ថា “យើងបានកត់សម្គាល់ឃើញថា ប្រាក់ចំណូលបានកើនឡើង3ដងក្នុងរយៈពេល2សប្ដាហ៍ដំបូងនៃខែកុម្ភៈ បើធៀបនឹងខែមុននោះ។ នៅពេលគេដឹងច្បាស់អំពីផលប្រយោជន៍នៃការទិញដូរតាមអ៊ីនធើណិត ពួកគេនឹងបន្តធ្វើបែបនេះតទៅទៀត”។
Blue ដែលជាក្រុមហ៊ុនធានារ៉ាប់រងតាមអនឡាញមួយផ្សេងទៀត ក៏ទទួលបានប្រយោជន៍ច្រើនពីការដែលប្រជាជនបង្កើនការការពារសុខភាព។ អគ្គនាយកប្រតិបត្តិ Charles Hung ថ្លែងថា ចំនួនឯកសារចុះឈ្មោះ បានកើនឡើងទ្វេដង។ ចំណែកក្រុមហ៊ុន Prudential វិញ ឱ្យដឹងថា 90% នៃឯកសារស្នើសុំសំណងកាលពីអាទិត្យមុន ត្រូវបានបញ្ជូនមកក្រុមហ៊ុនតាមរយៈអនឡាញ។
ប៉ុន្តែ បើទោះជាយ៉ាងណាក៏ដោយ បណ្ដាក្រុមហ៊ុនឈ្មួញជើងសាមូលបត្រនៅទីក្រុងហុងកុងវិញ បែរជាមិនបានទទួលផលប្រយោជន៍ពីនិន្នាការថ្មីនេះ។ Gordon Tsui ដែលជាប្រធានសមាគមនៃក្រុមហ៊ុនមូលបត្រហុងកុង បានឱ្យដឹងថា “អ្នកវិនិយោគភាគច្រើន បានងាកទៅប្រើប្រាស់សេវាទូទាត់តាមអនឡាញ និងតាមទូរស័ព្ទជាច្រើនឆ្នាំមកហើយ”៕
ប្រភព៖ សារព័ត៌មានបរទេស