ភ្នំពេញៈ សួនឧស្សាហកម្មកសិកម្មដំណាំស្រូវធំបំផុតមួយ បាននិងកំពុងរៀបចំបង្កើតឡើងដើម្បីផលិតស្រូវដែលមានគុណភាពតម្រូវទៅនឹងទីផ្សារនាំចេញទៅកាន់ប្រទេសចិន តាមរយៈការវិនិយោគរួមគ្នារវាងអ្នកវិនិយោគក្នុងស្រុក និងអ្នកវិនិយោគមកពីប្រទេសចិន។
នាយកគ្រប់គ្រងជាន់ខ្ពស់ផ្នែកក្សេត្រសាស្រ្តក្រុមហ៊ុនហ្គោហុង នៃខេត្តក្វាងស៊ី ប្រទេសចិន លោក លី ផៃលីនបានលើកឡើងនៅក្នុងការចុះទស្សនកិច្ចនៅក្រុមហ៊ុនអេង ឌីប៉ូអភិវឌ្ឍន៍ ស្ថិតនៅក្នុងឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល កាលពីថ្ងៃម្សិលមិញថា ក្នុងការចាប់ផ្តើមដំបូងនៅកម្ពុជា ក្រុមហ៊ុនហ្គោហុងគឺជាអ្នកប្រមូលទិញស្រូវដើម្បីនាំទៅលក់នៅទីផ្សារប្រទេសចិន ប៉ុន្តែសម្រាប់គោលការណ៍នេះមិនសូវទទួលបានជោគជ័យនោះឡើយ ដូចនេះក្រុមហ៊ុនបានសម្រេចចិត្តរកទីតាំងណាមួយឲ្យបានជាក់លាក់ ដើម្បីផលិតស្រូវដែលមានគុណភាព ជាពិសេសជាស្រូវដែលមានពូជសុទ្ធល្អដើម្បីជំរុញការនាំចេញឲ្យកាន់តែប្រសើរឡើង ក្នុងនោះក្រុមហ៊ុនហ្គោហុងបានសិក្សានៅក្នុងខេត្តដែលមានសក្តានុពលដំណាំស្រូវមួយចំនួន ប៉ុន្តែពុំមានគម្រោងណាមួយបានបង្ហាញពីភាពវិជ្ជមានល្អជាងក្រុមហ៊ុនអេង ឌីប៉ូអភិវឌ្ឍន៍នេះឡើយ ក្នុងការផលិតស្រូវតម្រូវទីផ្សារនាំចេញ។
លោកបន្តថា ក្រោយពីបានធ្វើកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរបទពិសោធ និងបច្ចេកទេសគ្នាទៅវិញទៅមក ហើយ បច្ចុប្បន្នក្រុមហ៊ុនទាំងពីរកំពុងលើកគម្រោងរបស់ខ្លួនដ៏ធំបំផុតមួយ ដើម្បីបង្កើតសួនឧស្សាហកម្មកសិកម្មដំណាំស្រូវនៅកម្ពុជាជាទិសដៅស្វែងរកភាពជោគជ័យឲ្យកាន់តែល្អប្រសើរ ដែលជាផលប្រយោជន៍រួមរបស់ក្រុមហ៊ុនទាំងពីរ ជាពិសេសការផ្តល់ផលប្រយោជន៍រវាងប្រទេសទាំងពីរផងដែរ។
លោក តាំង សុខឃី ជំនួយការក្រុមហ៊ុន អេង ឌីប៉ូអភិវឌ្ឍន៍ បានថ្លែងលើកឡើងថា មុននឹងក្រុមហ៊ុនហ្គោហុងនៃខេត្តក្វាងស៊ី ប្រទេសចិនបានចាប់ដៃគូជាមួយក្រុមហ៊ុនអេង ឌីប៉ូអភិឌ្ឍន៍ ក្រុមហ៊ុនមួយនេះបានសិក្សាជាច្រើនឆ្នាំ ទើបសម្រេចចិត្តថា មានតែក្រុមហ៊ុនអេង ឌីប៉ូអភិវឌ្ឍន៍តែមួយគត់ដែលមានចង្វាក់ផលិតកម្មតម្រូវទៅនឹងទីផ្សារប្រទេសចិនបាន ព្រោះបច្ចុប្បន្នក្រុមហ៊ុនអេង ឌីប៉ូអភិវឌ្ឍន៍កំពុងចាប់ផ្តើមនៅក្នុងគម្រោងជំហានទី2។
សម្រាប់គម្រោងជំហានទី2 ដែលកំពុងសហការមួយក្រុមហ៊ុនហ្គោហុងនេះបានចាប់ផ្តើមហើយ នៅលើទំហំផ្ទៃដីប្រមាណជាង 2ម៉ឺនហិកតា ក្នុងគម្រោងផលិតស្រូវក្រអូបធម្មជាតិដើម្បីនាំចេញទៅកាន់ទីផ្សារចិនស្របតាមស្តង់ដារអន្តរជាតិមួយ ជាពិសេសស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី៕