ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ស៊ីអឹមអេ ឬស.ម.ក (Cambodia Microfinance Association ឬ CMA) បានឱ្យដឹងថា វិស័យមីក្រូហិរញ្ញវត្ថុនឹងបន្តមានសុខភាពល្អ ខណៈ ដែលផលបត្រកម្ចី មានដល់ទៅជាង 7ពាន់លានដុល្លារ។ ផលបត្រឥណទាននេះបានបន្តជាមួយនឹងលទ្ធផលប្រសើរជាងមុន ជាមួយនឹងការកើនឡើងជិត 30%។
លោក គា បូរាណ ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (ស៊ីអឹមអេ) បានមានប្រសាសន៍ថា៖“បើយើងក្រឡេកមើលសមិទ្ធផលមីក្រូហិរញ្ញវត្ថុជាទូទៅ វាល្អកាលពីឆ្នាំមុន។ ប្រជាជនកម្ពុជាចំនួន 2.1លាននាក់បានប្រើប្រាស់សេវាកម្មរបស់អ្នកផ្តល់ប្រាក់កម្ចីខ្នាតតូច ដោយខ្ចីប្រាក់សរុបចំនួន 7.5ប៊ីលានដុល្លារក្នុងឆ្នាំ2019 ពោលគឺកើនឡើងជិត 30% បើធៀបនឹងឆ្នាំមុន។ ខណៈពេលដែលប្រាក់បញ្ញើ ក៏កំពុងកើនឡើងជាលំដាប់ផងដែរ និងអ្នកសន្សំមានចំនួនជិត 3លាននាក់ ដោយមានទឹកប្រាក់ជិត4ពាន់លានដុល្លារនៅតាមការិយាល័យចំនួន 1,400កន្លែងដែលមានបុគ្គលិកចំនួន 34,000នាក់នៅទូទាំងប្រទេស”។
លោកបានធ្វើការកត់សម្គាល់ថា ការបំពេញការងារប្រកបដោយសុខភាពល្អ ក៏ឆ្លុះបញ្ចាំងពីសមាមាត្រនៃប្រាក់កម្ចីមិនដំណើរការដែរ (NPL) ដែលក្នុងនោះលោកបានមានប្រសាសន៍ថា ប្រាក់កម្ចីដែលការទូទាត់លើសពី 30ថ្ងៃ គឺមានទាបជាង 1% នៅចុងឆ្នាំ2019 ដែលជាអត្រាទាបជាងឆ្នាំមុន។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (ស.ម.ក) Cambodia Microfinance Association ឬ CMA បានដាក់ចេញនូវគម្រោងបរិយាប័ន្នហិរញ្ញវត្ថុ ប្រកបដោយការទទួលខុសត្រូវ ខណៈការផ្តល់ឥណទានក្នុងវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា បានកើនដល់ចំនួនប្រហែល 7ពាន់លានដុល្លារ។
គម្រោងបរិយាប័ន្នហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវនេះ ត្រូវបានធ្វើឡើងដើម្បីឆ្លើយតបនឹងការព្រួយបារម្ភនានា និងរួមចំណែកក្នុងកំណើនសេដ្ឋកិច្ច តាមរយៈការធ្វើឱ្យប្រជាជនកម្ពុជាមានលទ្ធភាពទទួលបានសេវាកម្មហិរញ្ញវត្ថុផ្លូវការប្រកបដោយការទទួលខុសត្រូវ។ គម្រោង 3ឆ្នាំដែលទទួលបានវិភាគទានពីសមាជិករបស់ ស.ម.ក នេះ នឹងរួមចំណែកដល់យុទ្ធសាស្ត្រស្តីពីបរិយាប័ន្នហិរញ្ញវត្ថុឆ្នាំ2019-2025 របស់ធនាគារជាតិនៃកម្ពុជា។
លោក គា បូរាណ ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានមានប្រសាសន៍ថា៖“គម្រោងបរិយាប័ន្នហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ ឆ្លើយតបបន្ថែមទៀតទៅនឹងការព្រួយបារម្ភនានា ព្រមទាំងចូលរួមចំណែកក្នុងកំណើនសេដ្ឋកិច្ច ដែលធ្វើឱ្យប្រជាជនកម្ពុជា មានសិទ្ធិទទួលសេវាហិរញ្ញវត្ថុផ្លូវការបន្ថែម ក្នុងពេលដែល ស.ម.ក ឬ CMA បាននិងកំពុងធ្វើការងារនេះ ជាមួយសមាជិករបស់ខ្លួនផងដែរចាប់តាំងពីឆ្នាំ2017 មក”។
ជាមួយគ្នានេះដែរ អតិថិជនដែលបានប្រើប្រាស់ប្រាក់កម្ចីពីវិស័យមីក្រូហិរញ្ញវត្ថុ ភាគច្រើនប្រើប្រាស់នៅក្នុងវិស័យកសិកម្ម ពាណិជ្ជកម្ម និងផលិតកម្ម រីឯវិស័យសេវាកម្មវិញ ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។ យើងបានប្រឈមនឹងបញ្ហាមួយចំនួន ដែលបញ្ហាមួយគឺការគំរាមកំហែងនៃស្ថានភាពគ្រោះរាំងស្ងួតក្នុងឆ្នាំ2018 ពីព្រោះកសិកម្ម គឺជាវិស័យអាទិភាពមួយក្នុងវិស័យមីក្រូហិរញ្ញវត្ថុដែលកំណើនឥណទានថយចុះបន្តិចនៅដើមឆ្នាំ2019។ ទោះយ៉ាងណា កំណើនឥណទានចាប់ផ្តើមមានអត្រាកំណើនល្អ ចាប់ពីត្រីមាសទី3 នៃឆ្នាំនោះ។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គឺជាស្ថាប័នតែមួយគត់ តំណាងឱ្យស្ថាប័នមីក្រូហិរញ្ញវត្ថុទាំងអស់ដែលបានចុះបញ្ជីស្របច្បាប់ និងអនុវត្តនូវគម្រោងតម្លៃជិត 1លានដុល្លារ ដោយសហការយ៉ាងជិតស្និទ្ធជាមួយសមាជិករបស់ខ្លួន ព្រមទាំងដៃគូសំខាន់ៗ ដូចជាធនាគារជាតិនៃកម្ពុជា សមាគមធនាគារជាតិនៅកម្ពុជា ការិយាល័យឥណទានកម្ពុជា និងដៃគូអភិវឌ្ឍន៍នានា។
វិស័យហិរញ្ញវត្ថុ មានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ក្នុងរយៈពេល 10ឆ្នាំចុងក្រោយនេះ។ ជាបឋម ផលបត្រឥណទានបានកើនជាងមុន 18ដង នៅពេលដែលចំនួនអតិថិជនកើនជាងមុន 2ដង។ ជាងនេះទៀត វិស័យនេះបានប្រែប្រួលខ្លាំង ពីវិស័យអង្គការអភិវឌ្ឍន៍ ទៅជាស្ថាប័នហិរញ្ញវត្ថុដែលគ្រប់គ្រងដោយម្ចាស់ទុនឯកជន។
ថ្មីៗនេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានព្យាករថា កំណើនសេដ្ឋកិច្ចពិតរបស់កម្ពុជា នឹងមានជាមធ្យម 6.1%នៅឆ្នាំ(2020)នេះ ពោលគឺធ្លាក់ចុះ កាលពីឆ្នាំមុន(2019)។ បញ្ហានេះភាគច្រើនដោយសារតែកត្តាខាងក្រៅ ដោយរដ្ឋាភិបាលបានលើកឡើងពីមូលហេតុនៃសង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិក និងមេរោគវីរុសកូរ៉ូណាប្រល័យលោកដែលអាចបង្កគ្រោះថ្នាក់ធំដល់ពិភពលោកទាំងមូល ការប្រែប្រួលអាកាសធាតុ និងការកាត់បន្ថយសន្តិសុខភូមិសាស្ត្រនយោបាយ និងសន្តិសុខសកលលោក បន្ទាប់ពីមានការវាយប្រហាររបស់អុីរ៉ង់ទៅលើផលប្រយោជន៍អាមេរិកដែលការគាំពារនិយមរីករាលដាល។
លោក គា បូរាណ ជឿជាក់ថា ប្រសិនបើកំណើនផ.ស.ស របស់ប្រទេសជាតិថយចុះ វានឹងប៉ះពាល់ដល់វិស័យមីក្រូហិរញ្ញវត្ថុ។ យើងត្រូវរង់ចាំមើលថា តើអ្វីៗនឹងវិវឌ្ឍយ៉ាងដូចម្តេចនៅក្នុងរយៈពេលខ្លីខាងមុខ។
លោកបានមានប្រសាសន៍ថា៖“ប្រសិនបើសេដ្ឋកិច្ចធ្លាក់ចុះ ការស្នើសុំប្រាក់កម្ចីក៏នឹងធ្លាក់ចុះដែរ ហើយការផ្តល់ប្រាក់កម្ចី ក៏ត្រូវយកមកពិចារណាផងដែរ។ នោះជាមូលហេតុ ដែលយើងរំពឹងថា ផលបត្រប្រាក់កម្ចីនៅឆ្នាំនេះ នឹងមិនកើនឡើងខ្ពស់ជាងឆ្នាំ2019 ទេ។ ប៉ុន្តែកិច្ចព្រមព្រៀងពាណិជ្ជកម្ម EBA ប្រសិនបើវាត្រូវបានដក នឹងមិនប៉ះពាល់ដល់ឧស្សាហកម្មមីក្រូហិរញ្ញវត្ថុទេ ពីព្រោះដូចដែលបានលើកឡើងហើយថា វិស័យនេះផ្តោតសំខាន់ទៅលើវិស័យកសិកម្ម”។
វិស័យមីក្រូហិរញ្ញវត្ថុ ក៏បានធ្វើការផ្តោតខ្លាំងទៅលើសហគ្រាសធុនតូច និងមធ្យម ទន្ទឹមនឹងធនាគារមួយចំនួនតូចក៏បានហក់ចូលក្នុងទីផ្សារនេះដែរ។ ការដាក់ពិតានអត្រាការប្រាក់របស់រដ្ឋកាលពីខែមេសា ឆ្នាំ2017 បានធ្វើឱ្យចំនួនអតិថិជននៅតែថេរ តែទំហំឥណទានមធ្យមកាន់តែកើនឡើងគួរឱ្យកត់សម្គាល់។ កំណើននេះ បានជំរុញឱ្យមានការកោតសរសើរ ក៏ដូចជាក្តីបារម្ភដែរថា អាចនឹងមានបញ្ហាប្រឈម ដូចជាបំណុលវ័ណ្ឌក ដោយសារតែមានការប្រកួតប្រជែងខ្លាំងក្នុងវិស័យនេះ។
គេរំពឹងថា គម្រោងនេះនឹងចូលរួមចំណែកយ៉ាងច្រើនដល់សេដ្ឋកិច្ចជាតិ ទី1-ជួយលើកម្ពស់បរិយាប័ន្នមីក្រូហិរញ្ញវត្ថុ ដោយប្រើប្រាស់ស្ដង់ដាអន្តរជាតិប្រកបដោយក្រមសីលធម៌ មានដូចជា គោលការណ៍ការពារអតិថិជន ឥណទានភ្ជាប់ជាមួយកិច្ចការសង្គមគោលការណ៍ផ្តល់ប្រាក់កម្ចី ព្រមទាំងយន្តការដោះស្រាយបណ្តឹងអតិថិជន។ ទី2-លើកកម្ពស់វិស័យអប់រំហិរញ្ញវត្ថុដល់អតិថិជន និងសាធារណជន ដោយសហការជាមួយធនាគារជាតិនៃកម្ពុជា និងដៃគូផ្សេង។ ទី3-លើកកម្ពស់ដល់ការយល់ដឹងពីតួនាទីមីក្រូហិរញ្ញវត្ថុក្នុងការកាត់បន្ថយភាពក្រីក្រ និងជួយកំណើនសេដ្ឋកិច្ចតាមទីជនបទ និងទី4-ស្រាវជ្រាវ និងអភិវឌ្ឍបន្ថែមពីវិស័យមីក្រូហិរញ្ញវត្ថុ។
សូមបញ្ជាក់ថា សមាគមមីក្រូហិរញ្ញវត្ថុ គឺជាសមាគមវិជ្ជាជីវៈមួយដែលជួយធ្វើឱ្យមានវិបុលភាព និងនិរន្តរភាពក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ដោយបានជំរុញឱ្យមានកំណើនសេដ្ឋកិច្ចព្រមទាំងការអភិវឌ្ឍ។ ស.ម.ក មានសមាជិកចំនួន101ស្ថាប័ន សុទ្ធសឹងជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុគ្រឹះស្ថានឥណទានជនបទ ព្រមទាំងក្រុមហ៊ុនភតិសន្យា(បង់រំលស់)។
លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនងនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានប្រាប់ឡារ៉ែនពាណិជ្ជឱ្យដឹងថា៖“ទិន្នន័យនៃកម្ចីដែលសមាគមមាន គេមិនគិតជាឆ្នាំទេ គឹគេគិតថា មកដល់ចំណុចពេលហ្នឹង មានប្រជាជនប៉ុន្មាននាក់ដែលកំពុងតែទទួលបានកម្ចី ហើយចំនួនលុយប៉ុន្មានដែលកំពុងតែជំពាក់? ពីព្រោះអ្នកខ្លះខ្ចីត្រឹម 2-3ឆ្នាំ ឯអ្នកខ្លះខ្ចីដល់ 10ឆ្នាំ។ ដូច្នេះយើងមិនអាចគិតថា 1ឆ្នាំប៉ុន្មានបានទេ។ ដូច្នេះតួលេខពិតប្រាកដដែលយើងមាន គិតត្រឹមខែកញ្ញា ឆ្នាំ2019 គឺមានមនុស្សប្រមាណជា 2.1លាននាក់កំពុងតែខ្ចីបំណុលដែលមានទំហំប្រមាណជាង 7.5ប៊ីលានដុល្លារ”។
លោក កាំង តុងងី ក៏បានបញ្ជាក់ដែរថា៖“ចំពោះតួលេខដែលបញ្ជាក់អំពីការអនុវត្តឱ្យបាននូវការប្រើប្រាស់ប្រាស់រៀលឱ្យបាន 10%ក្នុងឆ្នាំ2019នោះ សមាគមបានទាក់ទងទៅសមាជិកអ្នកពាក់ព័ន្ធ ដើម្បីប្រមូលទិន្នន័យហើយ តែបើគិតពីការប្រើប្រាស់ គឺអាចលើសពី 10%ហើយ ព្រោះវិស័យមីក្រូហិរញ្ញវត្ថុមានអតិថិជនប្រមាណ 80%ជាអ្នកខ្ចី ក្នុងមុខរបរទាក់ទងនឹងកសិកម្ម និងសហគ្រាសធុនតូច និងមធ្យម ដូច្នេះការប្រើប្រាស់ប្រាក់រៀល វាច្រើនជាងខាងធនាគារពាណិជ្ជ”៕