រយៈពេលពេញ 1ឆ្នាំ2019 កម្ពុជាបាននាំចេញជ័រកៅស៊ូជិត 30ម៉ឺនតោន ដែលចំនួននេះកើនឡើង30% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ2018។នេះបើតាមរបាយការណ៍ផ្លូវការ របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។
របាយការណ៍ក្រសួងកសិកម្ម បានបញ្ជាក់ថា រយៈពេលពេញ 1ឆ្នាំ2019 កន្លងទៅ កម្ពុជាផលិតជ័រកៅស៊ូសម្រេចបាន 287,638តោន កើនឡើងចំនួន67,538តោន ស្មើនឹង 30% ធៀបនឹងឆ្នាំ2018។ បរិមាណជ័រកៅស៊ូនាំចេញនៅឆ្នាំ2019 សម្រេចបានចំនួន 282,071តោន កើនឡើង 64,570តោន ស្មើនឹង 30% ធៀបនឹងឆ្នាំ2018។
គួរកត់សម្គាល់ដែរថា ក្នុងឆ្នាំ2019 តម្លៃជ័រកៅស៊ូជាមធ្យមគឺ 1,336ដុល្លារក្នុង 1តោន តម្លៃនេះកើនឡើង 19ដុល្លារក្នុង1 តោន កាលពីឆ្នាំមុន ធៀបនឹងឆ្នាំ2018 ខណៈកាលពីខែធ្នូកន្លងទៅ តម្លៃជាមធ្យម1,371ដុល្លារក្នុង 1តោនកើនឡើង 44ដុល្លារធៀបនឹងខែវិច្ឆិកា ឆ្នាំ2018។
ក្នុងរបាយការណ៍បានបញ្ជាក់ថា គិតមកដល់បច្ចុប្បន្ននេះ កម្ពុជាមានផ្ទៃដីដាំកៅស៊ូសរុបមានចំនួន 406,142ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន 247,113ហិកតា ស្មើនឹង 61%។ ចិនគឺជាទីផ្សារធំជាងគេរបស់កៅស៊ូកម្ពុជានៅពេលនេះ។
សូមបញ្ជាក់ថា រយៈពេលពេញមួយឆ្នាំ2018 កម្ពុជាបាននាំចេញជ័រកៅស៊ូជាង 21ម៉ឺនតោន ទទួលបានចំណូលជិត 300លានដុល្លារអាមេរិក។ ជ័រកៅស៊ូកម្ពុជា បាននាំចេញទៅកាន់ប្រទេសចិន វៀតណាម សិង្ហបុរី និងម៉ាឡេស៊ី។
នៅខណៈពេលដែលកៅស៊ូកម្ពុជាកំពុងតែមានបញ្ហា និងស្វែងរកការពង្រីកវិស័យកៅស៊ូនេះ ក្រុមហ៊ុន VRG ដែលជាសហគ្រាសគ្រប់គ្រងដោយរដ្ឋ នៅប្រទេសវៀតណាម បានវិនិយោគលើចម្ការកៅស៊ូខ្នាតធំនៅខេត្តចំនួន7 នៃប្រទេសកម្ពុជា។ ផែនការពង្រីកវិស័យកៅស៊ូ ត្រូវបានលើកឡើងក្នុងជំនួបនៅក្នុងកិច្ចប្រជុំជាមួយឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ដែលមានតំណាងក្រុមហ៊ុនកៅស៊ូវៀតណាម គឺលោក ជិន ង៉ុកធួក ។
លោក ជិន បានកត់សម្គាល់ថា ក្រុមហ៊ុនបានប្រមូលជ័រកៅស៊ូចំនួន 5ម៉ឺនតោនពីផ្ទៃដី 47,000ហិកតារបស់ខ្លួនកាលពីឆ្នាំមុន។ លោកបានអរគុណចំពោះក្រសួងកសិកម្មដែលតែងតែគាំទ្រការវិនិយោគរបស់យើងនៅកម្ពុជា។ ក្នុងន័យនេះយើងគ្រោងនឹងពង្រីកផ្ទៃដីដាំដំណាំចម្ការកៅស៊ូរបស់យើងដើម្បីបង្កើនផលិតកម្មកៅស៊ូសម្រាប់កែច្នៃនៅក្នុងប្រទេស ។
សូមបញ្ជាក់ថា ក្រុមហ៊ុនកៅស៊ូវៀតណាម ប្រតិបត្តិការតាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន19 នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ការវិនិយោគមួយនេះ ត្រូវបានគេរាយការណ៍ថា មានតម្លៃប្រហែល 800លានដុល្លារ។ នៅឆ្នាំ2019 ក្រុមហ៊ុនបានទទួលកម្រៃកើនលើស23%នៃគោលដៅប្រចាំឆ្នាំរបស់ខ្លួនដែលធ្វើឱ្យមានចំណូលប្រមាណ 1.28ពាន់លានដុល្លារអាមេរិក។
ទោះយ៉ាងណា ប្រភពក្នុងស្រុកមួយចំនួនបានកត់សម្គាល់ថា ប្រាក់ចំណេញមុនពន្ធរបស់ខ្លួនមានចំនួន 220.82លានដុល្លារពោល គឺ 98%នៃគោលដៅរបស់ខ្លួន។
ផលិតផលកៅស៊ូដែលប្រមូលបានពីប្រជាកសិករ(កៅស៊ូគ្រួសារ)ក្នុងខេត្តចំនួន8 រួមមានកំពង់ចាម ត្បូងឃ្មុំ ក្រចេះ រតនគិរី និងមណ្ឌលគីរីមានតម្លៃជាមធ្យម 1.18ដុល្លារក្នុង 1គីឡូក្រាម សម្រាប់ជ័រកៅស៊ូស្រស់ ខណៈកៅស៊ូស្ងួត ជាមធ្យមលក់ក្នុងតម្លៃ 0.61ដុល្លារក្នុង 1គីឡូក្រាម។ នេះបើយោងតាមទិន្នន័យផ្លូវការពីអគ្គនាយកដ្ឋានកៅស៊ូ។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ឡារ៉ែនពាណិជ្ជថា៖“ការដែលក្រុមហ៊ុនវៀតណាមគ្រោងនឹងពង្រីកការវិនិយោគផលិតកៅស៊ូរបស់ខ្លួននៅកម្ពុជានោះ គឺដោយសារតែខាងវៀតណាមគេមានដីសម្បទានដំណាំកៅស៊ូស្រាប់ទៅហើយនៅកម្ពុជា។ ម្យ៉ាងវិញទៀត ក្រុមហ៊ុនវិនិយោគក្នុងស្រុកបានបញ្ឈប់ការវិនិយោគរបស់ខ្លួនដោយមិនអាចបន្តការងារនេះបាន ទើបស្ទុះទៅមុខមិនរួច”។
លោកឧកញ៉ា បានបញ្ជាក់ថា៖“ដោយខាងក្រសួងចង់លុបចោលការវិនិយោគមួយចំនួនរបស់ម្ចាស់ដីសម្បទានក្នុងស្រុក ដែលពុំមានលទ្ធភាព និងពុំមានសកម្មភាពបន្ត ទើបក្រុមហ៊ុនវៀតណាមបានស្វែងរកដៃគូវិនិយោគក្នុងស្រុក បន្តការវិនិយោគលើវិស័យកៅស៊ូនេះ ដោយអាចជួយពង្រីកវិស័យកសិកម្មរបស់យើងបន្ថែមផងដែរ។ តែបើការវិនិយោគលើការផ្តល់ដីសម្បទានថ្មី ពុំមានដីសម្បទានថ្មីផ្តល់ជូនទេ គឺក្រសួងបានបញ្ចប់ការផ្តល់យូរហើយ”។
លោកឧកញ៉ាក៏បានបញ្ជាក់ដែរថា៖“ការវិនិយោគដែលក្រុមហ៊ុនវៀតណាមនឹងធ្វើ គឺតាមរយៈកិច្ចសហការតាមកិច្ចព្រមព្រៀងរបស់ក្រសួងកសិកម្មដែលមានស្រាប់ ហើយវាគឺជាការល្អ ដែលយើងអាចរក្សាស្ថិរភាព នៃវិស័យកៅស៊ូរបស់យើងសម្រាប់ការអភិវឌ្ឍទៅថ្ងៃមុខ”។
លោកឧកញ៉ា លឹម ហេង ក៏បានបញ្ជាក់ទៀតដែរថា៖“ការវិនិយោគបែបនេះ វាមិនមានផលប៉ះពាល់ទេ តែវាជាការជួយគ្នាទៅវិញទេ ពីព្រោះវិស័យកសិកម្មយើងវាមានបញ្ហាច្រើន បើយើងមានដៃគូពីក្រៅសម្រាប់សហការ ជាការល្អ ហើយក្នុងការផ្តល់ដីសម្បទាន រដ្ឋក៏ផ្តល់សិទ្ធិក្នុងការរកដៃគូក្នុងការវិនិយោគរួមដែរ”៕