សិស្សវិទ្យាល័យភាគច្រើនសុទ្ធតែបានស្គាល់លោក គីម ដារ៉ា អតីតនិស្សិតអាហារូបករណ៍វិស្វករនៃប្រទេសជប៉ុន និងជាស្ថាបនិកគ្រឹះស្ថានអប់រំ Start Up Cambodia ដែលជាកន្លែងបណ្តុះបណ្តាលសិស្សធម្មតាឱ្យក្លាយជាសិស្សពូកែផ្នែកវិទ្យាសាស្រ្តពិត និងភាគច្រើនមានសមត្ថភាពប្រឡងជាប់ទៅសិក្សានៅក្រៅប្រទេសថែមទៀតផង។
ចាប់ផ្តើមពីសិស្សពូកែ និងលេចធ្លោម្នាក់នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) លោក គីម ដារ៉ា បានប្រឡងជាប់អាហារូបករណ៍នៅប្រទេសជប៉ុន និងជាប់អាហារូបករណ៍សំខាន់ៗមួយចំនួនទៀត មុននឹងត្រឡប់មកកម្ពុជាដើម្បីធ្វើជាអ្នកបណ្តុះបណ្តាលគណិតវិទ្យា រូបវិទ្យា និងគីមីវិទ្យា ប្រកបដោយទេពកោសល្យ និងប្រសិទ្ធភាពខ្ពស់។ តាមរយៈបណ្តាញសង្គម និងវីដេអូក្នុង You Tube អ្នកជំនាញផ្នែកវិទ្យាសាស្រ្តរូបនេះបានបង្រៀនយុវជនកម្ពុជាជាច្រើនឱ្យមានលទ្ធភាពក្នុងការកសាងសមត្ថភាពផ្នែកវិទ្យាសាស្រ្តពិតរួមទាំងជំរុញឱ្យយុវជនកម្ពុជាច្រើនជាង 20នាក់ឱ្យទទួលបានអាហារូបករណ៍ទៅសិក្សានៅបរទេស។ ក្នុងនោះជាបទពិសោធ ឬអាចហៅបានថា ជាជោគជ័យក្នុងការផ្តល់យោបល់សម្រាប់អាហារូបករណ៍ លោកដារ៉ា បានជួយឱ្យនិស្សិតយ៉ាងហោចណាស់ 54នាក់ក្នុងចំណោម56នាក់ ឱ្យជាប់ទៅសិក្សានៅប្រទេសជប៉ុន។
លោក គីម ដារ៉ា បាននិយាយថា៖ «មុននឹងជាប់អាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស លុះត្រាតែយើងដឹងមានបំណងពិតប្រាកដ ហើយដឹងច្បាស់ថា យើងចង់បានអ្វីឱ្យពិតប្រាកដ ចៀសវាងទៅដល់ក្រៅប្រទេសហើយត្រូវត្រឡប់មកស្រុកខ្មែរវិញដោយគ្មានសញ្ញាបត្រ»។
លោកបានបញ្ជាក់ថា ការកំណត់គោលដៅឱ្យបានច្បាស់លាស់អាចជួយឱ្យយើងមានចិត្តសម្រាប់ត្រៀម និងមានកម្លាំងចិត្តដើម្បីធ្វើការស្រាវជ្រាវដោយមិននឿយហត់។ ការរៀនដើម្បីទទួលបានអាហារូបករណ៍គឺទាមទារឱ្យចេះជ្រើសរើសឯកសារ និងមុខវិជ្ជាឱ្យស្របនឹងចំណុចសំខាន់ៗដែលគេត្រូវការ ហើយក៏ទាមទារឱ្យមានការតាំងចិត្តខ្ពស់ផងដែរ។
ដើម្បីស្គាល់លំហាត់ប្រឡងជាប់អាហារូបករណ៍ទៅក្រៅប្រទេសយើងគួរស្វែងរកវិញ្ញាសាចាស់ៗ ឬសៀវភៅដែលភាគច្រើនមានលំហាត់ដែលប្រឡងចេញដើម្បីស្វែងរកចំណុចប្រសព្វដើម្បីកំណត់ថា លំហាត់ណាតែងតែចេញប្រឡង។ ចំណុចប្រសព្វត្រង់ចំណុចនេះគឺសំដៅលើភាពដូចគ្នា ឬភាពមិនដែលខានលើវិញ្ញាសាច្រើនឆ្នាំជាប់ៗគ្នា។ នៅពេលដែលយើងច្បាស់ថាលំហាត់ណាខ្លះជាលំហាត់ដែលស្ទើរតែចេញ ១០០% ហើយ យើងត្រូវព្យាយាមដោះស្រាយលំហាត់នោះឱ្យច្បាស់ដូចបាតដៃ នោះយើងនឹងអាចមានទំនុកចិត្តខ្ពស់ថា អាចជាប់នៅពេលប្រឡង។
ម្យ៉ាងវិញទៀត ភាសាអង់គ្លេសក៏ជាធាតុមួយយ៉ាងសំខាន់ផងដែរក្នុងប្រឡងអាហារូបករណ៍ទៅក្រៅប្រទេស។ លោកដារ៉ា បានបញ្ជាក់ថា ការសិក្សាភាសាអង់គ្លេស គួររៀនឱ្យចំចំណុច គឺមិនមែនរៀនតាមបែបទូទៅ ដែលត្រូវចំណាយពេលដល់ទៅ 4 ឆ្នាំ ដើម្បីទទួលបានសញ្ញាបត្រមួយនោះទេ យើងត្រូវរៀនតែចំណុចណាដែលមានសារៈសំខាន់សម្រាប់ការប្រឡងតែប៉ុណ្ណោះ។ ភាគច្រើននិស្សិតដែលចង់ប្រឡងគួររៀនតាមសៀវភៅ ឬវិញ្ញាសាដែលពាក់ព័ន្ធនឹងជំនាញដែលចង់ប្រឡង។
ជាវិធីសាស្រ្តល្អមួយទៀតដើម្បីងាយធ្វើលំហាត់ យើងអាចមើលខ្នាត ប្រសិនបើមិនយល់ច្បាស់ពីភាសា។ លោកថា ពេលខ្លះលោកក៏មិនយល់ពីភាសាដូចគ្នា លើលំហាត់មួយចំនួន តែនៅពេលដែលលោកមើលលើខ្នាត លោកអាចយល់បានថា ប្រធានលំហាត់គេចង់បានអ្វី បន្ទាប់មកលោកក៏ដោះស្រាយលំហាត់នោះ៕