បញ្ហាមាតា និងទារកជារឿងសំខាន់មួយដែលសង្គមកម្ពុជាយើងបច្ចុប្បន្នគួរយកចិត្តទុកដាក់ឱ្យបានខ្លាំងបំផុត ព្រោះថានៅពេលដែលទារកកើតមកមានគុណភាពជីវិតមិនល្អ អនាគតនៃប្រទេសទាំងមូលក៏នឹងប្រឈមនឹងបញ្ហានាថ្ងៃអនាគតផងដែរ។
តាមរយៈការស្រាវជ្រាវមួយដោយរដ្ឋាភិបាលកម្ពុជាបានបង្ហាញឱ្យឃើញថា ក្នុងចំណោមអំបិលជាច្រើនប្រភេទនៅកម្ពុជា មានតែ1មុខប៉ុណ្ណោះដែលមានជាតិអ៊ីយ៉ូដគ្រប់គ្រាន់។
បញ្ហាកង្វះជាតិអ៊ីយ៉ូដនេះបានក្លាយជាកង្វល់មួយសម្រាប់វិស័យសុខភាពសាធារណៈ ហើយវាក៏ជះឥទ្ធិពលមិនល្អដល់អនាគតនៃវិស័យអប់រំរបស់កម្ពុជាផងដែរ ព្រោះតាមរយៈការបង្ហាញរបស់អង្គការ UNICEF ប្រចាំនៅកម្ពុជាបានឱ្យដឹងថា ទារកដែលកើតពីម្តាយខ្វះជាតិអ៊ីយ៉ូដ ប្រឈមនឹងការបាត់បង់ IQ ចំនួនដល់ទៅ 13 ពិន្ទុ។
គួរបញ្ជាក់ថា IQ (Intelligence Quality) ជាផ្នែកមួយនៃការវាស់ពីភាពវៃឆ្លាតរបស់មនុស្ស ហើយនៅពេលដែលមនុស្សមានពិន្ទុ IQ ខ្ពស់ ពួកគេនឹងមានសមត្ថភាព និងភាពច្នៃប្រឌិតខ្លាំង តែប្រសិនបើពិន្ទុ IQ របស់គេទាបវិញ គេនឹងពិបាកទទួលយកការអប់រំ ឬចំណេះដឹង ដែលយើងអាចហៅបានថាជាមនុស្សអសកម្ម មិនសូវមានការចងចាំបានល្អ៕