ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ចេញលក្ខខណ្ឌថ្មីជាច្រើនចំណុច ដើម្បីរឹតត្បិតការនាំចូលសត្វ និងសាច់សត្វគ្រប់ប្រភេទពីក្រៅប្រទេស។ ម្យ៉ាងវិញទៀត ក្នុងបំណងទប់ស្កាត់សត្វមានជំងឺ និងសាច់សត្វខូចគុណភាពគ្រប់ប្រភេទ ដែលនាំឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់។
យោងតាមសេចក្តីជូនដំណឹងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ក្រុមហ៊ុន និងអាជីវករដែលទទួលបានគោលការណ៍អនុញ្ញាតនាំចូលសត្វរស់ សាច់សត្វ រួមទាំងផលិតផលសត្វ ដើម្បីផ្គត់ផ្គង់ទីផ្សារកម្ពុជា ត្រូវគោរពតាមលក្ខខណ្ឌចំនួន 6រួមមាន៖
1/ ជាក្រុមហ៊ុនស្របច្បាប់ដែលបានចុះបញ្ជីពាណិជ្ជកម្ម និងមានប័ណ្ណប៉ាតង់នៅមានសុពលភាព
2/ ត្រូវមានទីតាំងប្រមូលផ្តុំសត្វនៅចំណុចដើមទី និងចំណុចចុងទី ដែលទទួលស្គាល់ដោយសមត្ថកិច្ចជំនាញនៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
3/ ត្រូវមានកិច្ចសន្យាផ្គត់ផ្គង់សត្វរស់ សាច់សត្វ ផលិតផលសត្វពីកសិដ្ឋាន ឬក្រុមហ៊ុនស្របច្បាប់នៃប្រទេសនាំចេញ
4/ ត្រូវអនុវត្តតាមប្រកាសលេខ 227 ប្រក.កសក ចុះថ្ងៃទី 23 ខែមិថុនា ឆ្នាំ 2008 ស្តីពីបែបបទនៃការត្រួតពិនិត្យអនាម័យសត្វ និងផលិតផលមានដើមកំណើតពីសត្វក្នុងស្រុក
5/ ត្រូវចុះកិច្ចសន្យាបច្ចេកទេសជាមួយអគ្គនាយកដ្ឋានសុខភាពសត្វ ផលិតកម្មសត្វ និងត្រូវធានាអនុវត្តកិច្ចសន្យានេះ ឱ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស
6/ ត្រូវដាក់ពាក្យស្នើសុំត្រួតពិនិត្យប្រភពដើមនៃសត្វរស់ សាច់សត្វ និងផលិតផលសត្វ។
របាយការណ៍របស់ក្រសួងកសិកម្ម ធ្លាប់បានឱ្យដឹងថា ការនាំចូលសត្វ សាច់សត្វក្នុងមួយឆ្នាំៗមានតម្លៃរាប់លានដុល្លារ ការនាំចូលសាច់សត្វពីក្រៅយ៉ាងគំហុកនោះ ក៏នាំឱ្យប៉ះពាល់ទីផ្សារចិញ្ចឹមនៅក្នុងស្រុក។ ប្រជាពលរដ្ឋខ្មែរអ្នកអាស្រ័យផលលើរបរចិញ្ចឹមសត្វ បានសម្តែងសាទរចំពោះវិធានការតឹងរឹងរបស់ក្រសួងកសិកម្ម លើអ្នកនាំចូលសត្វ និងសាច់សត្វ ហើយរំពឹងការអនុវត្តន៍មានប្រសិទ្ធភាពខ្ពស់៕