ក្នុងអំឡុងពេលនៃការដាក់ឱ្យនៅដាច់ដោយឡែក សកម្មភាពកម្សាន្តនៅកន្លែងរួមទាំងអស់លើនាវា ទេសចរណ៍ Diamond Princess ក៏ត្រូវបានលុបចោល។
នាវាទេសចរណ៍យក្ស ឈ្មោះ Diamond Princess ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកនៅលើផ្ទៃសមុទ្រនៃទីក្រុង Yokohama ក្បែររាជធានី Tokyo ប្រទេសជប៉ុន ចាប់ពីថ្ងៃទី4កុម្ភៈ បន្ទាប់ពីមានមនុស្សម្នាក់ក្នុងចំណោមអ្នកនៅលើនាវា ត្រូវបានគេរកឃើញថា មានផ្ទុកមេរោគកូរ៉ូណា COVID-19។ មកដល់ថ្ងៃទី17កុម្ភៈ មានអ្នកផ្ទុកមេរោគនេះ យ៉ាងតិច454នាក់ ក្នុងចំណោមអ្នកទេសចរ 3,700នាក់ រួមទាំងបុគ្គលិកនាវា។ មុននោះ នាវាទេសចរណ៍នេះ ទើបតែបានបញ្ចប់ដំណើរទេសចរណ៍តាមសមុទ្រចំនួន14ថ្ងៃ ក្នុងអំឡុងរដូវបុណ្យចូលឆ្នាំចិន។
នៅពេលនាវា Diamond Princess នេះ ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក អ្នកទេសចរចំណាយពេលស្ទើរតែទាំងអស់របស់ខ្លួន សម្ងំនៅក្នុងបន្ទប់។ ប៉ុន្តែ មិនមែនបន្ទប់ណាក៏មានបង្អួចនោះដែរ។ បន្ទប់ធំបំផុតមានទំហំ86ម៉ែត្រក្រឡា និងបន្ទប់តូចបំផុតមានទំហំប្រហែល14ម៉ែត្រក្រឡា និងបំពាក់ដោយសម្ភារគ្រប់ប្រភេទ រួមទាំងបន្ទប់ទឹកធំទូលាយ។ល។
អ្នកទេសចរអាចមើលភាពយន្តដោយមិនគិតថ្លៃនៅលើ TV ក្នុងបន្ទប់របស់ពួកគេផ្ទាល់…មេចុងភៅទាំងអស់នៅតែធ្វើការក្នុងអំឡុងពេលនាវាត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក ដើម្បីបម្រើដល់ភ្ញៀវនៅតាមបន្ទប់នីមួយៗ ជាមួយនឹងបញ្ជីមុខម្ហូបប្ដូរផ្លាស់រាល់ថ្ងៃ។
ក្នុងអំឡុងពេលទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូរ៉ូណា ភ្ញៀវទាំងអស់មិនអាចប្រើប្រាស់កន្លែងកម្សាន្តរួមនៅលើនាវានោះទេ។ ប៉ុន្តែ ពួកគេអាចដើរនៅលើដំបូលនាវាដើម្បីលំហែកាយ ទៅតាមការចាត់ចែងរបស់ភាគីនាវា ដោយផ្ដល់អាទិភាពឱ្យអ្នកទេសចរដែលស្នាក់នៅក្នុងបន្ទប់ដែលមិនមានបង្អួច។
នាវានេះ មាន18ជាន់ ហើយជាន់នីមួយៗ ត្រូវបានតុបតែងទៅតាមប្រធានបទនៃមហាសមុទ្រនីមួយៗ។
ចាប់ពីជាន់ទី5 ដល់ទី7 គឺជាកន្លែងដែលមានសកម្មភាពរស់រវើកបំផុត។ Grand Plaza ស្ថិតនៅលើជាន់ទី6 និងទី7 ជាកន្លែងដែលប្រធាននាវាបង្ហាញខ្លួនក្នុងពិធីជប់លៀងធំៗ។ សកម្មភាពទាំងនេះ ត្រូវបានផ្អាកបណ្ដោះអាសន្នក្នុងពេលមានវិបត្តិសុខភាពកូរ៉ូណា។
ស្នាដៃសិល្បៈទាំងឡាយត្រូវបានដាក់បង្ហាញក្នុងបន្ទប់ធំមួយនៅលើនាវា ដើម្បីឱ្យភ្ញៀវទស្សនា ឬទិញដោយការលក់ដេញថ្លៃ។
នាវានេះ មានភោជនីយដ្ឋាន ហាងកាហ្វេ និងបូហ្វេចំនួន14កន្លែង ដោយមានអាហារច្រើនប្រភេទ និងសម្បុរបែប។ ប៉ុន្តែ ពេលនេះ ភ្ញៀវទេសចរបានត្រឹមតែហូបអាហារនៅក្នុងបន្ទប់របស់ខ្លួនតែប៉ុណ្ណោះ។
នាវាប្រវែង290ម៉ែត្រនេះ ត្រូវបានសាងសង់ឡើងដូចទៅនឹងទីក្រុងអណ្ដែតដូច្នោះដែរ។ ជាន់ខាងលើបង្អស់ គឺជាកន្លែងដែលភ្ញៀវលំហែកាយ នៅក្បែរអាងហែលទឹក បារ និងរោងភាពយន្តនៅខាងក្រៅ។
នាវាយក្សផ្កាយ5នេះ ក៏មានអាងទឹកក្ដៅបែបជប៉ុនផងដែរ។ បន្ទប់ងួតទឹក Izumi ដ៏ធំ នៅផ្នែកខាងក្រោយនៃនាវា និងស្ថិតនៅជាន់ទី15 ដែលមានបន្ទប់ដាច់ដោយឡែកជាច្រើន និងអាចគយគន់ទេសភាពនៃសមុទ្រដ៏ធំល្វឹងល្វើយ៕
ប្រភព៖ សារព័ត៌មានបរទេស