ពីមួយឆ្នាំទៅមួយឆ្នាំ ក្រសួងអប់រំ យុវជន និងកីឡា បានព្យាយាមបង្កើនសមត្ថភាព និងលទ្ធភាពរៀបចំការប្រឡងមធ្យមសិក្សាទុតិយភូមិ ឱ្យកាន់តែមានលក្ខណៈសុក្រឹតឡើង។
នៅក្នុងសន្និសីទកាសែតស្តីពីការរៀបចំប្រឡងមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ក្រសួងគ្រោងរៀបចំថវិកាប្រមាណ 15,500លានរៀល ដែលគិតជាដុល្លារគឺប្រមាណ 3.5លានដុល្លារ។
ក្នុងនោះឯកឧត្តម រដ្ឋមន្ត្រីបានបញ្ជាក់ផងដែរពីការរំពឹងទុករបស់ក្រសួងថា គុណភាពសិស្សឆ្នាំនេះនឹងអាចល្អជាងមុន ហើយពិន្ទុមធ្យមភាគសិស្សក៏អាចប្រសើរជាងមុនផងដែរ ព្រោះក្រសួងបានរៀបចំយន្តការល្អៗ ជាច្រើនដើម្បីជួយបណ្តុះបណ្តាលសមត្ថភាពរបស់សិស្សឱ្យកាន់តែប្រសើរឡើង។ នៅក្នុងកម្មវិធីសិក្សា ក្រសួងបានរៀបចំកែសម្រួលវិធីបង្រៀនលើមុខវិជ្ជាវិទ្យាសាស្រ្តពិត រៀបចំមេរៀនសម្រាប់ការតែងសេចក្តី បង្កើតក្លិបសិក្សា និងបង្កើនចំនួនគ្រូបង្រៀនស្ម័គ្រចិត្តដើម្បីជួយឱ្យសិស្សនៅថ្នាក់វិទ្យាល័យមានឱកាសស្មើគ្នាដើម្បីទទួលបានចំណេះដឹងត្រៀមប្រឡងដែលមានលក្ខណៈច្បាស់លាស់ និងតឹងរ៉ឹង។
ការបញ្ជាក់ថា នៅឆ្នាំដំបូងនៃការធ្វើកំណែទម្រង់ប្រព័ន្ធអប់រំមានសិស្សប្រមាណជាង 40% ដែលបានប្រឡងជាប់បាក់ឌុបទាំងលើកទី1 (25%) និងលើកទី2 (17%) ចំណែកឯការប្រឡងនៅឆ្នាំទី2 មានសិស្សជាប់បាក់ឌុបចំនួនជាង 52% និងឆ្នាំទី3 មានសិស្សជាប់បាក់ឌុបប្រមាណជាង 62% ដែលចំនួននេះធ្វើឱ្យក្រសួងអាចរំពឹងទុកថានឹងមានចំនួនសិស្សកាន់តែកើនឡើងដែលបានជាប់បាក់ឌុបដោយការខិតខំ និងប្រើប្រាស់សមត្ថភាពពិតប្រាកដ៕