សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាអនុប្រធានកិត្តិយស “ក្រុមប្រឹក្សាជាតិដើម្បីស្ត្រី” និងជានាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាទៅក្រសួងប្រៃសនីយ និងទូរគមនាគមន៍ ឱ្យបិទគណនី Facebook ផ្សាយលក់ផលិតផលទាំងឡាយណាដែលបញ្ចេញអស់កេរ្តិ៍ខ្មាស។
សម្ដេច ហ៊ុន សែន មានប្រសាសន៍ថា ការ “Live” លក់ផលិតផលដែលបញ្ចេញអស់កេរ្តិ៍ខ្មាសបែបនេះហើយ នាំឱ្យមានការបំពានផ្លូវភេទស្ត្រីក្នុងសង្គមនាពេលបច្ចុប្បន្ន និងអាចនាំឱ្យកើតមានករណីចាប់រំលោភផងដែរ។
បទបញ្ជានេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិដើម្បីស្ត្រីនាព្រឹកនេះ (17កុម្ភៈ)។ សម្ដេចតេជោ បញ្ជាក់ថា គណនី Facebook ណាដែល “Live” លក់ផលិតផល ប៉ុន្តែ មិនបានបញ្ចេញកេរ្តិ៍ខ្មាស នឹងនៅតែអាចបន្តមុខរបររបស់ពួកគេបានធម្មតា៕