វណ្ណកម្មថ្មីរបស់ផលិតកម្មកងចក្របានធ្វើឱ្យមហាជនជាច្រើនទន្ទឹងចាំ និង ចាប់អារម្មណ៍ខ្លាំងចំពោះភាពយន្ដបែបរន្ធត់នេះមានចំណងជើងថា «អ្នកស្នងអគារ» និងបានរៀបចំពិធីក្រុងពាលីលើអាគារចំណាស់មួយនៅជិតផ្សារតាប៉ាង និង រោងកុនលុច្ស ត្រូវបានគេជ្រើសជាទីតាំងសម្រាប់ថតភាពយន្តទាំងមូល កាលពីព្រឹកថ្ងៃទី16 ខែកុម្ភៈ ឆ្នាំ2020 នេះ។
រឿង«អ្នកស្នងអគារ» មានតារាសម្តែងល្បីៗពីអន្ដរជាតិ និងកម្ពុជារួមគ្នាដូចជា មានលោក យូសុីហុីកូ ហូ សូដា អ្នកនាងថន ថាណែត ស្វែង សុជាតា លោករស់ មុនី្ន និងកុមារីម៉ានីកា និងសហផលិតករ លោកនេត ឥន្ទនរាសុទ្ឋីដេ្ឋព ជាសហនិពន្ឋដឹកនាំ ជាមួយអ្នកនាង ជា សុខយូ សហការផលិតដោយ ផលិតកម្មកងចក្រភីកឈ័រ និងក្រុមហ៊ុនវេស្ទិចមីឌាលីមីតធីត។ ក្រោយពីឆ្លងកាត់ការធ្វើតេស្តជាច្រើនដំណាក់កាលមក ខាងផលិតកម្មបានសម្រេចយកលោក “Yoshihiko Hosoda” និង អ្នកនាង “ថន ថាណែត” ជាតួអង្គធំនៅក្នុងភាពយន្តខ្នាតធំរឿង អ្នកស្នងអគារ ។
លោក “Yoshihiko Hosoda” គឺជាតារាភាពយន្តជនជាតិជប៉ុនមួយរូប ដែលបានសម្តែងនៅក្នុងភាពយន្តរបស់ប្រទេសជប៉ុន និង ទទួលបានការគាំទ្រជាច្រើនពីទស្សនិកជន មិនថាភាពយន្តភាគ ឬ ភាពយន្តខ្នាតធំនោះឡើយ។ ភាពយន្តដែលធ្វើឲ្យលោកទទួលបានប្រជាប្រិយភាពជាងគេមានដូចជា Peers (2019), Musashi (2019) និង ភាពយន្តបែបវិទ្យាសាស្ត្រ Ultraman X the movie (2016) ជាដើម។
ចំណែកតួឯកស្រីវិញគឺជាតារាភាពយន្តខ្មែរមានឈ្មោះថា “ថន ថាណែត”។ គាត់ត្រូវបានទស្សនិកជនកោតសរសើរពីសមត្ថភាពនៃការសម្តែងក្នុងខ្សែភាពយន្តខ្នាតធំខ្មែរ រឿងចងពៀរ (The Spell, 2018) ភាពយន្តបរទេសរឿង The Gate (2014) និង ភាពយន្តអប់រំជាច្រើនទៀត។ ជាពិសេសរូបគាត់ក៏ធ្លាប់ទទួលបានពានរង្វាន់ផ្នែកសម្តែងពីមហោស្រពភាពយន្តអន្តរជាតិរបស់កម្ពុជាទៀតផង។
យ៉ាងណាមិញ អ្នកដឹកនាំរឿងក៏រំពឹងទុកភាពជោគជ័យ និងជឿថា ទស្សនិកជនទាំងអស់ច្បាស់ជាបានស្គាល់ ហើយក៏ធ្លាប់បានទស្សនាការសម្តែងដ៏បុិនប្រសប់របស់ពួកគាត់ទាំងពីររួចមកហើយដែរនៅក្នុងភាពយន្តធំៗជាច្រើន។ ដូច្នេះកុំខកខានឱ្យសោះណា!