ប្រទេសចិន៖ ក្រុមហ៊ុនមួយនៅឯទីក្រុង Chongqing ភាគនិរតីប្រទេសចិន បានបង្កើតប្រព័ន្ធបច្ចេកវិទ្យាមួយដើម្បីបាញ់ថ្នាំសម្លាប់មេរោគឱ្យបុគ្គលិកនៅក្នុងមជ្ឈមណ្ឌលឧស្សាហកម្មមួយ ដើម្បីរួមចំណែកក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសដ៏គួរឱ្យខ្លាចកូរ៉ូណា COVID-19 ដែលកំពុងរាតត្បាតពិភពលោក។
ប្រព័ន្ធសម្លាប់មេរោគនេះ មានបំពាក់ឧបករណ៍ infrared detectors ដែលមានមុខងារស្កេនចាប់សញ្ញាអ៊ីនហ្វ្រារ៉េដស្វ័យប្រវត្ត។ នៅពេលមានមនុស្សម្នាក់ដើរកាត់ ប្រព័ន្ធនេះក៏ចាប់ផ្ដើមបាញ់ថ្នាំសម្លាប់មេរោគក្នុងរយៈពេល20វិនាទី។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters ដកស្រង់ព័ត៌មានពីកាសែត China News ដែលជាកាសែតរដ្ឋធំបំផុតលំដាប់ទីពីរនៃប្រទេសចិន បន្ទាប់ពីសារព័ត៌មាន Xinhua។
បណ្ដាក្រុមហ៊ុននៅប្រទេសចិន បាន និងកំពុងចាប់ផ្ដើមធ្វើសកម្មភាពឡើងវិញជាសន្សឹមៗក្នុងសប្ដាហ៍នេះ ក្រោយពីបានឈប់សម្រាកជាច្រើនសប្ដាហ៍ក្នុងឱកាសបុណ្យចូលឆ្នាំចិន និងដោយសារវិធានការចំបាច់ផ្សេងៗរបស់រដ្ឋាភិបាលដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូរ៉ូណា បន្ទាប់ពីមេរោគនេះបានផ្ទុះឆ្លងកាលពីខែធ្នូ2019។
គិតមកដល់បច្ចុប្បន្ន នៅទូទាំងពិភពលោក មានអ្នកស្លាប់ដោយសារមេរោគកូរ៉ូណា COVID-19 ចំនួន1,670នាក់ និងអ្នកផ្ទុកមេរោគនេះ ឡើងដល់ 69,267នាក់៕
ប្រភព៖ សារព័ត៌មានបរទេស