អងគ្លេស៖ ថ្វីបើត្រូវបានក្រុមអ្នកជួយសង្គ្រោះស្ម័គ្រចិត្ត ជួយបាច់ទឹករក្សាសំណើម ប៉ុន្តែ ត្រីបាឡែនយក្សដែលជាប់គាំងនៅលើឆ្នេរសមុទ្រនៃកោះ Lizard កាលពីថ្ងៃទី14កុម្ភៈ ក៏នៅតែមិនអាចបន្តជីវិតដល់វេលាទឹកជោរមកដល់ដដែល។
ត្រីយក្សប្រវែងដល់ទៅ19,25ម៉ែត្រ ត្រូវបានគេបញ្ជាក់ថាជាត្រីបាឡែនមួយប្រភេទដែលគេហៅថា Fin whale។ នេះជាសត្វធំបំផុតលំដាប់ទី2 ដែលនៅមានវត្តមានលើភពផែនដី បន្ទាប់ពីត្រីបាឡែនខៀវ (blue whale)។ ត្រីបាឡែន Fin whale នេះ ត្រូវបានសង្កេតឃើញថា ហែលចូលក្នុងតំបន់សមុទ្រទឹករាក់ ក្បែរទីស្នាក់ការនៃឆ្មាំសមុទ្រ Nare Point កាលពីព្រឹកថ្ងៃទី14កុម្ភៈ ហើយមកដល់ថ្ងៃត្រង់ វាក៏បានជាប់គាំងនៅលើវាលថ្មនៅពេលដែលទឹកសមុទ្រនាចទៅវិញ។
ក្រុមអ្នកជួយសង្គ្រោះសត្វសមុទ្រជនជាតិអង់គ្លេស BDMLR បានទៅដល់កន្លែងកើតហេតុភ្លាមៗ ប៉ុន្តែ មិនអាចជួយសង្គ្រោះជីវិតត្រីនេះទាន់ពេលនោះទេ។
Dan Jarvis មកពីអង្គការ BDMLR បាននិយាយថា “ពេលយើងខ្ញុំមកដល់កន្លែងកើតហេតុ យើងឃើញវាកំពុងហាមាត់ធំ និងបក់កន្ទុយជាញឹកញាប់ទៅលើដុំថ្ម បង្កជាសម្លេងខ្លាំងៗ”។ ត្រីបាឡែនយក្សនេះ មានកម្លាំងខ្សោយ បង្ហាញថា វាមានបញ្ហាសុខភាពមុនពេលត្រូវជាប់លើគោក។
“យើងខ្ញុំពិតជាចង់ជួយវាណាស់។ មនុស្សជាង20នាក់ បានមកដល់ទីនេះ សង្ឃឹមថា អាចជួយនាំវាទៅកាន់សមុទ្រនៅពេលទឹកជោរមកដល់។ ប៉ុន្តែ គួរឱ្យស្ដាយ វាឈប់ដកដង្ហើម និងលែងកម្រើតទៅហើយ” នេះគឺជាសម្ដីរបស់ Steve Green ជាមនុស្សម្នាក់ក្នុងចំណោមអ្នកដែលបានឃើញត្រីនេះមុនគេ។
កន្លងមកនេះ ឱកាសនៃការជួយសង្គ្រោះជីវិតត្រីបាឡែនយក្ស គឺពិបាកធ្វើទៅបាន ព្រោះតែទំហំដងខ្លួនដ៏មហិមារបស់វា។ អង្គការ BDMLR បាននិយាយថា នឹងធ្វើកោសល្យវិច័យទៅលើសាកសពត្រីបាឡែននេះ ដើម្បីឱ្យដឹងថា តើវាស្លាប់ដោយសារមូលហេតុអ្វី៕
ប្រភព៖ សារព័ត៌មានបរទេស