Tins Plaza គឺជារោងចក្រផលិតជ័រមួយត្រូវបានគេទុកឱ្យនៅទំនេរ ដែលវាស្ថិតក្នុងសង្កាត់ Tuen Mun នៃទីក្រុងហុងកុង។ ប៉ុន្តែ នៅពេលបានឃើញភ្លាម អ្នកជំនួញ Tang Shing-bor ដឹងភ្លាមថា វាជាកំណប់ទ្រព្យ។
កាលពីឆ្នាំ2005 លោក Tang Shing-bor បានចំណាយប្រាក់36លានដុល្លារអាមេរិក ដើម្បីទិញរោងចក្រ Tins Plaza នេះ។ ប៉ុន្តែ គាត់មិននឹកស្មានថា 2ឆ្នាំក្រោយមក គាត់រកបានប្រាក់ចំណេញពីរោងចក្រនេះ ច្រើនជាង3ដង ធៀបនឹងប្រាក់ដែលលោកបានចំណាយសម្រាប់ទិញវា។
ដោយសារតែការស្វែងរកទិញអចលនទ្រព្យឧស្សាហកម្មចាស់ៗ ឬត្រូវគេទុកចោលទំនេរ ដូចជារោងចក្រ Tins Plaza ជាដើម ហើយជួសជុសឡើងវិញ រួចលក់ទៅឱ្យអ្នកផ្សេង លោក Tang បានរួចផុតពីមាត់ជ្រោះក្ស័យធនកាលពីឆ្នាំ2003 ហើយបានក្លាយជាមហាសេដ្ឋីក្នុងឆ្នាំ2016។ បច្ចុប្បន្ន មហាសេដ្ឋីវ័យ86ឆ្នាំរូបនេះ គឺជាអ្នកមានបំផុតលំដាប់ទី14នៅហុងកុង ដោយមានទ្រព្យ 5,7ពាន់លានដុល្លារអាមេរិក។ នេះបើតាមទស្សនាវដ្ដី Forbes។
ល្បីឈ្មោះខ្លាំងដោយសារតែការរកស៊ីបែបដើរបញ្ច្រាស់និន្នាការរបស់មនុស្សសម័យថ្មី និងមិនខ្វល់ពីបាតុកម្មដែលអូសបន្លាយពេលរាប់ខែនៅទូទាំងទីក្រុងហុងកុង លោក Tang នៅតែបញ្ចេញប្រាក់រកស៊ីខាងអចលនទ្រព្យឧស្សាហកម្មនៅទីនេះ។ កាលពីឆ្នាំទៅ(2019) គាត់បានចំណាយប្រាក់ដល់ទៅ 700លានដុល្លារអាមេរិកដើម្បីរកស៊ីក្នុងវិស័យនេះ។ យោងតាមក្រុមហ៊ុនស្រាវជ្រាវ Real Capital Analytics លោក Tang គឺជាអ្នកដែលបានចំណាយប្រាក់ច្រើនជាងគេបង្អស់នៅទីក្រុងហុងកុង ក្នុងការទិញអចលនទ្រព្យឧស្សាហកម្ម ក្នុងឆ្នាំ2019។
“នេះគឺជាឱកាសល្អបំផុតដែលខ្ញុំមិនធ្លាប់ជួបប្រទះ” នេះគឺជាសម្ដីរបស់លោក Tang ក្នុងកិច្ចសម្ភាសមួយនៅឯផ្ទះរបស់គាត់ក្នុងខណ្ឌ Mong Kok ដែលមានទីតាំងនៅមិនឆ្ងាយប៉ុន្មានពីតំបន់ដែលមានបាតុកម្មកើតឡើង។
ជំនាញរបស់លោក Tang ក្នុងការស្វែងរក និងកែលម្អអចលនទ្រព្យចាស់ៗក្នុងទីក្រុងហុងកុងពេលដែលវានៅជាមជ្ឈមណ្ឌលផលិតកម្ម បានទាក់ទាញដៃគូសហការជាច្រើន ដូចជា Chinese Estates Holdings និង Juayuan International ជាដើម។ ក្រុមហ៊ុនទាំង2ខាងលើនេះ បានសហការជាមួយក្រុមហ៊ុន Stan Group របស់លោក Tang ដើម្បីកែប្រែ ឬជួសជុសអចលនទ្រព្យទាំងឡាយដែលលោក Tang បានទិញ។ “គាត់ធ្វើការមានប្រសិទ្ធភាព និងមានបទពិសោធន៍ច្រើន” នេះបើតាម Joseph Lam ដែលជាអ្នកដឹកនាំម្នាក់នៃក្រុមហ៊ុន Colliers International។
ក្រុមអ្នករកស៊ីខាងអចលនទ្រព្យនៅទីក្រុងហុងកុង តែងតែហៅលោក Tang ថា “ពូ Bor”។ អចលនទ្រព្យ គ្រាន់តែជាផ្នែកមួយដែលលោកបានចូលរកស៊ី។ កាលពីទសវត្សរ៍ឆ្នាំ1950 លោក Tang ក៏ធ្លាប់ផលិតអំពូលភ្លើង neon និងធ្លាប់កាន់កាប់ភោជនីយដ្ឋានក្នុងទសវត្សរ៍ឆ្នាំ1970ផងដែរ។ ការរកស៊ីរបស់គាត់ ក៏បានបង្ហាញពីការរីកចម្រើនរបស់ទីក្រុងហុងកុងក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។
មហាសេដ្ឋីរូបនេះ មិនដែលមានការភ័យខ្លាចចំពោះបរាជ័យនោះទេ។ ឪពុករបស់គាត់បានស្លាប់ចោល ពេលគាត់មានអាយុត្រឹមតែ5ឆ្នាំ។ ចំណែកម្ដាយរបស់គាត់វិញ គឺត្រូវធ្វើការក្នុងរោងចក្រដើម្បីចិញ្ចឹមកូនៗ។ “ខ្ញុំត្រូវរិះរកវិធីជាច្រើនដើម្បីរស់” លោក Tang និយាយបែបនេះ។ លោកបន្តថា លោកធ្លាប់តែលតោលនៅខាងក្រៅអាហារដ្ឋាន នៅពេលកំពុងឃ្លានបាយ ដើម្បីរង់ចាំសុំអាហារពីគេ។
ការរស់នៅ និងធំដឹងក្ដីក្នុងភាពក្រីក្របែបនេះហើយ ធ្វើឱ្យលោក Tang មានស្មារតីអង់អាច និង “ថ្លើងធំ” ព្រោះគាត់មិនដែលខ្លាចបរាជ័យ។ លោកនិយាយ “គ្មានបញ្ហាណាដែលគ្មានដំណោះស្រាយនោះឡើយ”។
Tang រៀនចប់ត្រឹមបឋមសិក្សាប៉ុណ្ណោះ។ ឆ្នាំ1950 លោកបានដើរតាមក្រុមជាងធ្វើស្លាកយីហោ ដើម្បីរៀនជំនាញ។ ពេលអាយុ20ឆ្នាំ គាត់បានបើកហាងផ្ទាល់ខ្លួន។ ជោគជ័យក្នុងការរកស៊ីនេះ បាននាំឱ្យលោក អាចសហការជាមួយមិត្តភក្ដិរបស់គាត់ដើម្បីបើកភោជនីយដ្ឋានមួយ ក្នុងឆ្នាំ1970។ ចាប់តាំងពីពេលនោះ លោក Tang ក៏ចាប់ផ្ដើមវិនិយោគច្រើនទៅលើភោជនីយដ្ឋាន។
ទសវត្សរ៍ទី 80 លោក Tang បានលោតចូលវិនិយោគទៅលើវិស័យផ្សេងៗ ក្នុងនោះក៏មានវិស័យរថយន្តចាស់ៗ។ ប៉ុន្តែ ការដែលលោកទទួលបានជោគជ័យច្រើន ក៏ដោយសារតែការទិញលក់ហាងនានា។ ជំនួញដែលលេចធ្លោជាងគេរបស់គាត់ គឺការទិញអគារចាស់មួយក្នុងឆ្នាំ1990 ហើយកែប្រែវាឱ្យទៅជាមជ្ឈមណ្ឌល Mongkok Centre ដ៏ល្បីឈ្មោះ។
ឆ្នាំ1997 លោក Tang មានហាងក្នុងដៃចំនួនជាង200ហាង ដែលមានតម្លៃជិត7,3ពាន់លានដុល្លារហុងកុង (942លានដុល្លារអាមេរិក) ហើយក៏ចាប់ផ្ដើមរៀបគម្រោងចូលរួមក្នុងផ្សារមូលបត្រ (IPO)។ ប៉ុន្តែ ពេលក្រោយមកបន្តិច វិបត្តិហិរញ្ញវត្ថុអាស៊ីបានកើតឡើង។ ទីផ្សារអចលនទ្រព្យនៅទីក្រុងហុងកុងបានធ្លាក់់ថ្លៃដល់ទៅ70% ក្នុងអំឡុងចាប់ពីឆ្នាំ1997 ដល់ឆ្នាំ2004 ដោយមួយផ្នែកបណ្ដាលមកពីអាសន្នរោគ SARS។ ឆ្នាំ2004 លោក Tang ត្រូវជាប់បំណុល4ពាន់លានដុល្លារហុងកុង (514,982,760ដុល្លារអាមេរិក)។
លោក Tang ក៏បានចាប់ផ្ដើមលក់អចលនទ្រព្យខ្លះរបស់គាត់ បូករួមទាំង Mongkok Computer Centre។ ប៉ុន្តែ គាត់រក្សាទុកអចលនទ្រព្យឧស្សាហកម្មដែលបានទិញចាប់ពីឆ្នាំ1996 ដើម្បីការពារហានិភ័យ។
ឆ្នាំ2005 គាត់បានទិញ Tins Plaza ក្នុងតម្លៃ280លានដុល្លារហុងកុង (36,048,793 ដុល្លារអាមេរិក)។ គាត់ចំណាយប្រាក់ដែលមានក្នុងដៃត្រឹមតែ28លានដុល្លារហុងកុង ក្រៅពីនេះគឺលុយបានមកពីការបញ្ចាំអគារទាំងឡាយដែលគាត់បានទិញពីមុន។
6ខែក្រោយមក លោក Tang ទទួលបានការស្នើទិញអគារ Tins Plaza នេះ ពីក្រុមហ៊ុនអូស្ដ្រាលី Macquarie Goodman ក្នុងតម្លៃ500លានដុល្លារហុងកុង (64,372,845 ដុល្លារអាមេរិក)។ មកដល់ខែតុលា ឆ្នាំ2005ដដែល ក្រុមហ៊ុន Mapletree របស់សិង្ហបុរី បានឱ្យតម្លៃ520លានដុល្លារហុងកុង (70,810,129ដុល្លារអាមេរិក) ប៉ុន្តែ គាត់នៅតែមិនព្រមលក់។ នេះបើតាមទស្សនាវដ្ដី Forbes។
មហាសេដ្ឋីរូបនេះ ដឹងថា អចលនទ្រព្យពាណិជ្ជកម្ម វាមានតម្លៃខ្ពស់ជាងអចលនទ្រព្យឧស្សាហកម្ម ដូច្នេះ គាត់ក៏បានអភិវឌ្ឍ Tins Plaza ឱ្យធ្លាក់ទៅក្នុងវិស័យពាណិជ្ជកម្ម។ 2ឆ្នាំក្រោយមក តំណាងក្រុមហ៊ុន Macquarie មកពី Sydney ស្នើទិញក្នុងតម្លៃ850លានដុល្លារហុងកុង (109,433,836ដុល្លារអាមេរិក)។ គាត់ក៏បានលក់ឱ្យក្រុមហ៊ុននេះ ដោយទទួលបានប្រាក់ចំណេញ570លានដុល្លារហុងកុង (73,385,000ដុល្លារអាមេរិក)។ លោក Tang ថ្លែងថា “នេះគឺជាជំនួញដែលគួរឱ្យចងចាំបំផុតសម្រាប់ខ្ញុំ”។
ក្រោយមក លោក Tang នៅតែបន្តរកស៊ី ដោយមិនគិតពីរឿងចូលនិវត្តន៍។ គាត់បានឃើញរោងចក្រចាស់មួយនៅក្បែរនោះ គឺ Gold Sung Industrial Building។ មិនដូចការជួញដូរមុនៗ Gold Sun មានម្ចាស់ច្រើននាក់ ធ្វើឱ្យគាត់ត្រូវចំណាយពេលដើម្បីចរចាដាច់ដោយឡែកម្ដងមួយៗ។ គាត់ចាប់ផ្ដើមទិញជាន់ដំបូងគេក្នុងឆ្នាំ2006 ប៉ុន្តែ រហូតដល់ឆ្នាំ2014 ទើបបានជោគជ័យទាំងស្រុង។ គាត់រំឭកថា “ខ្ញុំត្រូវទិញម្ដងមួយជាន់ៗ”។
លោក Tang ក៏បានជួបនឹងសំណាងល្អច្រើនផងដែរ។ ដោយសារតែចង់បង្កើនប្រភពផ្គត់ផ្គង់អចលនទ្រព្យសម្រាប់ការិយាល័យ សណ្ឋាគារ និងតំបន់ពាណិជ្ជកម្ម អាជ្ញាធរទីក្រុងហុងកុងនាឆ្នាំ2010 ក៏បានចេញគោលនយោបាយលើកទឹកចិត្តឱ្យមានការអភិវឌ្ឍអចលនទ្រព្យឧស្សាហកម្មចាស់ៗ ឱ្យទៅជាតំបន់ពាណិជ្ជកម្ម។ល។ ដូច្នេះ ធ្វើឱ្យតម្លៃរោងចក្រចាស់ៗ ឡើងថ្លៃដល់152% ក្នុងអំឡុងពេលពីឆ្នាំ2010 ដល់2016។ ដូច្នេះ ការរកស៊ីរបស់លោក ក៏បានរលូតជាងមុនទៅទៀត។
គិតមកដល់បច្ចុប្បន្ន មហាសេដ្ឋី Tang កំពុងកាន់កាប់អគារនៅក្បែរអាកាសយានដ្ឋានចាស់ ប្រមាណជា73%។ ការកសាងឡើងវិញនូវអាកាសយានដ្ឋាន Kai Tak ប្រាកដជានឹងធ្វើឱ្យអចលនទ្រព្យនៅក្បែរៗនេះ ឡើងថ្លៃកប់ពពកមិនខាន។ ប្រការនេះ នឹងជួយឱ្យលោក Tang កើនទ្រព្យថែមមួយកម្រិតធំទៀត។
មហាសេដ្ឋីរូបនេះ ថ្លែងថា “ខ្ញុំពិតជាជឿជាក់លើអនាគតរបស់ហុងកុង។ ខ្ញុំបានស្គាល់ឧបសគ្គច្រើនមកហើយ។ វាតែងតែមានឱកាសច្រើនស្ថិតក្នុងហានិភ័យ ហើយនេះគឺជាឱកាសរបស់ខ្ញុំ”៕
ប្រភព៖ សារព័ត៌មានបរទេស