ក្លិប Chelsea បានចុះហត្ថលេខាជាមួយនឹងខ្សែបម្រើដ៏មានឥទ្ធិពល Tiemoue Bakayoko មកពីក្រុមម្ចាស់ជើងឯកបារាំង Monaco ហើយក្នុងតម្លៃខ្លួន 40លានផោន (ស្មើនឹង 52.4លានដុល្លារអាមេរិក)។ ខ្សែបម្រើអន្តរជាតិបារាំងវ័យ22ឆ្នាំរូបនេះ បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល5ឆ្នាំជាមួយនឹងក្រុម Chelsea ដែលជាម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League។
រូបគេក្លាយជាកីឡាករចំណូលថ្មីទី2របស់ Chelsea ក្រោយពីពួកគេបានទិញខ្សែការពារ Antonio Rudiger ពីក្លិប Roma របស់អ៊ីតាលី។ Bakayoko បានចូលរួមជាមួយនឹងក្លិប Monaco ដោយចេញពីក្លិប Rennes ដែលស្ថិតក្នុងក្របខ័ណ្ឌ Ligue 1 ដូចគ្នាកាលពីឆ្នាំ2014 និងបានបង្ហាញខ្លួនជាលើកដំបូងឲ្យក្រុមជម្រើសជាតិបារាំងក្នុងការប្រកួតមិត្តភាពជាមួយនឹងក្រុមជម្រើសជាតិអេស្ប៉ាញ កាលពីខែមីនា ដើមឆ្នាំនេះ។
រូបគេបានក្លាយជាសមាជិកដ៏សំខាន់របស់ក្រុម Monaco ដែលបានឈានទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League កាលពីរដូវកាលមុន មុននឹងធ្លាក់ចេញក្រោមស្នាដៃក្រុម Juventus។ Bakayoko បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ Chelsea ថា៖ «ខ្ញុំពិតជារីករាយណាស់ក្នុងការមកទីនេះ និងចូលរួមជាមួយនឹងក្លិបដ៏អស្ចារ្យបែបនេះ។ ខ្ញុំបានចាប់អារម្មណ៍ទៅលើការប្រកួតរបស់ Chelsea យ៉ាងខ្លាំង។
ការចុះហត្ថលេខាគឺជារឿងធម្មជាតិសម្រាប់ខ្ញុំ ពីព្រោះវាជាក្លិបមួយដែលខ្ញុំស្រឡាញ់យ៉ាងខ្លាំងក្នុងពេលស្ថិតជាកុមារភាព»។ ខ្សែបម្រើរូបនេះបានបន្ថែមទៀតថា៖ «បច្ចុប្បន្ន ខ្ញុំកំពុងតែសម្លឹងឆ្ពោះទៅមុខក្នុងការធ្វើការក្រោមការដឹកនាំរបស់គ្រូបង្វឹកដ៏អស្ចារ្យ និងធ្វើការរួមជាមួយនឹងមិត្តភាពក្រុមដ៏ឆ្នើមរបស់ខ្ញុំ»៕
ប្រភពពី៖ BBC