ភ្នំពេញៈ វិស័យឯកជន បាននិងកំពុងចូលរួមកាន់តែសកម្មឡើងក្នុងគោលនយោបាយទេសចរម្នាក់ដើមឈើមួយដើម ជាផ្នែកមួយនៃការលើកកម្ពស់បរិស្ថាន និងទេសចរណ៍។
លោកហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានថ្លែងក្នុងពិធីចូលរួមដាំកូនឈើនៅក្នុងសាលាបឋមសិក្សាភូមិថ្មី សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែងកាលពីព្រឹកថ្ងៃម្សិលមិញថា ក្រុមហ៊ុនរបស់លោក ក៏ដូចជាសមាគមដែរ គឺតែងតែផ្សារភ្ជាប់នឹងការងារសង្គម តាមរយៈកម្មវិធីលើកកម្ពស់បរិស្ថាន និងដាំដើមឈើ។ ជាក់ស្តែងថ្ងៃនេះ លោក និងក្រុមការងារបានចុះមកដាំដើមឈើគ្រញូងនៅសាលាបឋមសិក្សាភូមិថ្មីចំនួនជាង 100ដើមដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ សិស្សានុសិស្សបានស្គាល់ឈើគ្រញូងដ៏មានតម្លៃ និងចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នា។
លោកបន្តថា “បរិស្ថានជាជីវិតរបស់យើងទាំងអស់គ្នា ហេតុនេះការចូលរួមដាំកូនឈើ និងសម្អាតបរិស្ថានជាការងាររបស់យើងទាំងអស់គ្នា ហើយការងារនេះផ្តើមចេញពីយើងម្នាក់ៗ”។ លោកបន្តថា “នេះជាសកម្មភាពមួយចូលរួមក្នុងគោលនយោបាយរបស់ក្រសួងទេសចរណ៍ គឺទេសចរម្នាក់ដើមឈើមួយដើម”។
លោក អែល អូន នាយកសាលាបឋមសិក្សាភូមិថ្មីបានមានប្រសាសន៍ឲ្យដឹងថា បរិស្ថានជាអាយុជីវិតរបស់កុមារ និងមនុស្សទូទៅ ព្រោះបើបរិស្ថានមិនស្អាត នាំឲ្យមានបញ្ហាសុខភាព និងបង្កជាជំងឺមួយចំនួនដល់ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍នោះ ដូចជាមេរោគគ្រុនចាញ់ មេរោគគ្រុនឈាមជាដើម។ លោកបន្តថា ការដាំដើមឈើនេះ ជាការឆ្លើយតបតាមអ្វីដែលសាលាត្រូវការជាយូរមកហើយ ប៉ុន្តែសាលាមិនទាន់មានលទ្ធភាពដាំ ហេតុនេះការនាំយកកូនឈើគ្រញូងមកដាំនាពេលនេះ ជាការប្រពៃណាស់សម្រាប់សាលា និងសហគមន៍ទាំងមូល។
ក្រសួងទេសចរណ៍ជាច្រើនឆ្នាំមកនេះបានដាក់ចេញគោលនយោបាយមួយចំនួន ដើម្បីលើកកម្ពស់បរិស្ថានដូចជា ចលនាប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ គោលនយោបាយទេសចរម្នាក់ដើមឈើមួយដើមជាដើម៕