ការជូនកាដូ ឬអំណោយគឺជាវិធីមួយដែលបង្ហាញពីក្ដីស្រឡាញ់ ការមេត្តា ឬមនោសញ្ចេតនាចំពោះអ្នកទទួល។ កាដូទាំងនោះ អាច “និយាយ” ជំនួសអ្នកនូវអ្វីដែលអ្នកចង់និយាយ។ ប៉ុន្តែ អ្នកគួរតែយកចិត្តទុកដាក់ទៅលើអត្ថន័យនៃអំណោយ ឬកាដូសម្រាប់ថ្ងៃនេះ ព្រោះថា វាមានតម្លៃទៅតាមកាលៈទេសៈ។ ក្នុងអត្ថបទនេះ យើងសូមនិយាយតែអំពីក្ដីស្រឡាញ់រវាងបុរស និងនារី ដែលជាគូស្នេហ៍នឹងគ្នាប៉ុណ្ណោះ។
ថ្ងៃបុណ្យនៃក្ដីស្រឡាញ់ (Valentinne 14/2) ឆ្នាំនេះ តើគួរជូនកាដូ ឬអំណោយអ្វីដល់នារីជាគូស្នេហ៍របស់អ្នក? ខាងក្រោមនេះ គឺជាកាដូមួយចំនួនដែលប្រកបដោយអត្ថន័យ សម្រាប់ថ្ងៃបុណ្យនៃក្ដីស្រឡាញ់ 14កុម្ភៈ 2020។
ផ្កាកុលាប
ឆ្នាំ 2020 គឺជាយុគសម័យនៃបច្ចេកវិទ្យា ប៉ុន្តែ អ្នកក៏មិនត្រូវភ្លេចកាដូដែលនៅតែពេញនិយមនោះដែរ នោះគឺផ្កាកុលាប។ មិនចាំបាច់ដល់ទៅមួយបាច់នោះទេ គ្រាន់តែមួយទងក៏គ្រប់គ្រាន់សម្រាប់ធ្វើឱ្យគូស្នេហ៍របស់អ្នកសប្បាយចិត្ត។ ប៉ុន្តែ បើគ្មានផ្កាកុលាបទេ វាហាក់ដូចជាខ្វះអត្ថន័យអ្វីម្យ៉ាង។
ដោយមានរូបរាងស្រស់ស្អាត លេចធ្លោ និងក្លិនក្រអូបស្រាលៗ ទាក់ទាញ ទើបផ្កាកុលាបត្រូវបានគេចាត់ទុកថា ជា “ស្ដេច” នៃបុប្ផា ដែលតំណាងឱ្យស្នេហា សម្រស់ សង្គ្រាម និងនយោបាយ។ ប៉ុន្តែ ប្រភេទផ្កាកុលាបនិមួយៗ វាមានអត្ថន័យ និងសម្រស់ដោយឡែក។
នៅក្នុងទេវកថាក្រិក ផ្កាកុលាបក្រហម ផ្សារភ្ជាប់ជាមួយនឹងរូបភាពទេពធីតានៃសេចក្ដីស្រឡាញ់។ ចាប់ពីពេលនោះ ផ្កាកុលាបក្រហម បានក្លាយជាអ្នកតំណាងឱ្យក្រីក្ដីស្រឡាញ់ស្មោះត្រង់ដ៏ខ្លាំងក្លា។ នៅពេលអ្នកជូនផ្កានេះទៅឱ្យអ្នកណាម្នាក់ គឺប្រៀបបានដូចជា អ្នកបានផ្ញើសារមួយទៅកាន់អ្នកទទួលថា “បងស្រឡាញ់អូន”។
សូកូឡា
ជាយូរយារណាស់មកហើយ សូកូឡា បានក្លាយជានិមិត្តរូបនៃស្នេហា នៃភាពផ្អែមល្ហែម និងការចូលចិត្តខ្លាំង។ សូកូឡា បានក្លាយជាអំណោយក្នុងថ្ងៃបុណ្យនៃក្ដីស្រឡាញ់ (Valentine) ចាប់តាំងពីឆ្នាំ 1902 មកម្ល៉េះ។
សូកូឡា ត្រូវបានចាត់ទុកជាកាដូពិសេសសម្រាប់ថ្ងៃ 14កុម្ភៈ ព្រោះថា វាមានរសជាតិផ្អែម និងល្វីងលាយឡំគ្នា ដូចទៅនឹងរសជាតិនៃស្នេហាពិតៗ។
គ្រឿងអលង្ការណ៍
ចំពោះស្ត្រី គ្រឿងអលង្ការណ៍បានក្លាយជារបស់មួយដែលស្ទើរតែមិនអាចខ្វះបាននៅក្នុងជីវភាពប្រចាំថ្ងៃ។ ក្រវិលដ៏តូចមួយគូ កងដៃស្រស់ស្អាតមួយវង់ ឬចិញ្ចៀនតូចមួយវង់ ក៏អាចជួយឱ្យនារីម្នាក់សប្បាយចិត្ត។
គ្រឿងអលង្ការណ៍មួយដែលសមស្របនឹងវ័យ និងការចូលចិត្តរបស់អ្នកទទួល ក៏រួមចំណែកជួយសម្ដែងអំពីការយកចិត្តទុកដាក់របស់អ្នកជូនផងដែរ។
គ្រឿងសំអាង
គ្រឿងសំអាង ដូចជាឡេលាបស្បែក ឡេការពារកម្ដៅថ្ងៃ ក្រែមលាបបបូរមាត់ ឬទឹកអប់ជាដើម គឺជារបស់ដែលនារីទាំងអស់ចូលចិត្ត។ ដូច្នេះ កាដូដែលជាគ្រឿងសំអាងនេះ នឹងបង្ហាញឱ្យឃើញថា អ្នកគឺជាបុរសដែលចេះយកចិត្តទុកដាក់ និងចូលចិត្តអ្វីដែលនាង (គូស្នេហ៍) ចូលចិត្ត និងចង់បាន។
ការជ្រើសរើសគ្រឿងសំអាងដើម្បីជូននាង គឺមិនមែននឹកឃើញភ្លាមទិញភ្លាមនោះទេ តែត្រូវចំណាយពេលស្វែងយល់ថា នាងចូលចិត្ត និងសមស្របជាមួយគ្រឿងសំអាងប្រភេទណា ដើម្បីចៀសវាងការខាតបង់ដោយសារនាងមិនចូលចិត្ត ឬផលិតផលនោះ ប្រើមិនកើតសម្រាប់នាង។
ដំណើរកម្សាន្តបែបរ៉ូម៉ែនទិក
កាដូនេះ សមស្របចំពោះគូស្វាមីភរិយាដែលមានបំណងបង្កើនមនោសញ្ចេតនា ឬគូស្នេហ៍វ័យក្មេងដែលចង់បង្កើតអនុស្សាវរីយ៍ផ្អែមល្ហែមពិបាកបំភ្លេច។
ក៏ប៉ុន្តែ ដោយសារតែបច្ចុប្បន្ន អាសន្នរោគកូរ៉ូណា Covid-19 កំពុងរាតត្បាតពិភពលោក ដូច្នេះ អ្នកត្រូវតែប្រុងប្រយ័ត្នទៅលើការថែរក្សាអនាម័យ ការពារសុខភាព ដូចជាពាក់ម៉ាស់ និងលាងដៃនឹងសាប៊ូ ឬទឹកកម្ចាត់មេរោគជាដើម នៅពេលទៅកាន់កន្លែងដែលមានមនុស្សច្រើន។
ញ៉ាំអាហារជាមួយគ្នា
មិនថា គូស្នេហ៍ថ្មីថ្មោង ឬគូស្នេហ៍ចាស់នោះទេ ការជូនផ្កាកុលាបតែមួយមុខ គឺហាក់ដូចខ្វះអ្វីម្យ៉ាងដែរ។ ដើម្បីបន្ថែមភាពផ្អែមល្ហែម និងសុភមង្គល អ្នកគួរនាំគូស្នេហ៍ ទៅញ៉ាំអ្វីមួយនៅកន្លែងដែលនាងចូលចិត្ត និងឆ្លៀតឱកាសនិយាយពាក្យស្នេហាទៅកាន់នាង។
ខោអាវ កាបូប ស្បែកជើង
នេះក៏ជាកាដូដែលមានលក្ខណចាំបាច់ ហើយនាងក៏ប្រាកដជាចូលចិត្ត។ ប៉ុន្តែ ដូចទៅនឹងគ្រឿងសំអាង កាដូជាខោអាវ ឬកាបូប គួរតែជ្រើសរើសទៅតាមការចូលចិត្តរបស់អ្នកទទួល។ ល្អបំផុត ក្រោយពីបានជូនផ្កាកុលាបទៅឱ្យនាង ប្រុសៗយើងគួរអញ្ជើញគូស្នេហ៍ទៅញ៉ាំអាហារនៅកន្លែងណាមួយ បន្ទាប់មក បបួលនាងដើរផ្សារជាមួយគ្នា។ បែបនេះ អ្នកទាំងពីរមានឱកាសច្រើនដើម្បីនៅក្បែរគ្នា ហើយអាចជ្រើសរើសកាដូសមស្របសម្រាប់នាងផងដែរ។
សម្ភារបច្ចេកវិទ្យា
ទូរស័ព្ទទំនើប ឬកុំព្យូទ័រជាដើម គឺជាកាដូដ៏អស្ចារ្យបំផុត ដែលនារីទាំងឡាយចូលចិត្ត មិនថានាងជាមនុស្សនិយម ឬមិននិយមបច្ចេកវិទ្យានោះទេ៕