ក្លិប Sevilla បានចុះហត្ថលេខាជាមួយនឹងខ្សែបម្រើស្លាបអន្តរជាតិអេស្ប៉ាញ Nolito ពីក្លិប Manchester City។ នេះបើយោងទៅតាមការប្រកាសរបស់ក្លិបស្ថិតក្នុងក្របខ័ណ្ឌ La Liga មួយនេះ កាលពីថ្ងៃអាទិត្យ។
កីឡាករវ័យ 30ឆ្នាំដែលទើបតែចេញពីក្លិប Celta Vigo ទៅចូលរួមជាមួយនឹងក្លិប Man City កាលពី1ឆ្នាំមុនរូបនេះ ឥឡូវនេះបានផ្ទេរក្នុងតម្លៃខ្លួន 9លានអឺរ៉ូ (ស្មើនឹង 10.3លានដុល្លារអាមេរិក) ទៅកាន់ Sevilla និងបានចុះហត្ថលេខារយៈពេល 3ឆ្នាំ។ Sevilla បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយលើគេហទំព័ររបស់ពួកគេថា៖ «Nolito នឹងត្រូវស្ថិតនៅជាមួយនឹងក្លិប Sevilla សម្រាប់រយៈពេល 3រដូវកាលទៀត រហូតដល់ឆ្នាំ2020»។
Nolito បានស៊ុតបាល់បញ្ចូលទីជាអន្តរជាតិចំនួន 6គ្រាប់ ក្នុងការបង្ហាញខ្លួន 16លើក ប៉ុន្តែបានជួបភាពត្រដាបត្រដួសក្នុងការបង្ហាញខ្លួនក្នុងជម្រើសដំបូងមិនបានទៀងទាត់ក្រោមការដឹកនាំរបស់លោក Pep Guardiola នៅឯក្លិប Man City កាលពីរដូវកាលមុន។
កីឡាកររូបនេះនឹងត្រូវជំនួសកន្លែងរបស់ Vitolo នៅឯកីឡដ្ឋាន Ramon Sanchez-Pizjuan ក្រោយពីមិត្តរួមក្រុមអេស្ប៉ាញរបស់គេបានផ្ទេរទៅកាន់ក្លិប Atletico Madrid កាលពីដើមសប្តាហ៍មុន ហើយ Nolito នឹងត្រូវចូលរួមជាមួយនឹងលោក Eduardo Berizzo ក្រោយពីគ្រូបង្វឹករបស់ក្លិប Sevilla រូបនេះ និងរូបគេធ្លាប់បានធ្វើការជាមួយគ្នានៅឯក្លិប Celta Vigo រយៈពេល2ឆ្នាំម្តងរួចមកហើយ។
លោក Berizzo សង្ឃឹមថា Nolito នឹងរកឃើញទម្រង់លេងដ៏ល្អឥតខ្ចោះរបស់គេត្រឡប់មកវិញ ក្រោយពីរូបគេបានស៊ុតបាល់បញ្ចូលទី 39គ្រាប់ក្នុងការប្រកួតក្របខ័ណ្ឌ La Liga ចំនួន 100លើក ក្នុងរដូវកាលឆ្នាំ 2013-2016 ពោលគឺក្នុងពេលរូបគេលេងឲ្យក្លិប Celta Vigo។
ការផ្ទេរនេះនឹងបំពេញសប្តាហ៍ដ៏រីករាយសម្រាប់ Sevilla ក្រោយពីពួកគេបានចុះហត្ថលេខាជាមួយនឹងខ្សែប្រយុទ្ធអន្តរជាតិកូឡុំប៊ី Luis Muriel មកពីក្លិប Sampdoria កាលពីថ្ងៃអង្គារ៕
ប្រភពពី៖ Sky Sports