តាមរយៈសារព័ត៌មាន Sports Seoul បានចេញផ្សាយថា តារាសម្ដែងប្រុស Kim Woo Bin ដែលកំពុងតែកើតជំងឺមហារីកដំណាក់កាលដំបូង និងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ជាអកុសលស្រាប់តែក្រុមហ៊ុនផលិតផលម៉ាកល្បីសម្រេចរំលាយកិច្ចសន្យាមុនពេលកំណត់ជាមួយតារាប្រុសរូបនេះ ដោយសំអាងលើហេតុផលថា លោកមានជំងឺមហារីក ។
បើតាមប្រភពជិតស្និទ្ធជាមួយតារាប្រុសរូបនេះបានបញ្ជាក់ឱ្យដឹងថា លោក Kim Woo Bin ត្រូវអ្នកតំណាងក្រុមហ៊ុនផលិតផលម៉ាកល្បីមកបញ្ជាក់ប្រាប់ថា សូមធ្វើការរំលាយកិច្ចសន្យាជាមួយលោកពេលមុនពេលកំណត់ ដោយសារខាងក្រុមហ៊ុនទទួលដំណឹងថា លោកមានជំងឺមហារីកកាលពីខែឧសភាកន្លងទៅ ។ បើតាមមជ្ឈដ្ឋានអ្នកគាំទ្រ បានបង្ហើបប្រាប់ថា ក្រុមហ៊ុនដែលបានបញ្ឈប់កិច្ចសន្យាជាមួយតារាឯកប្រុសរូបនេះមុនពេលកំណត់គឺជាក្រុមហ៊ុនសម្លៀកបំពាក់ម៉ាកល្បីដែលអ្នកគាំទ្រលោកទាំងអស់មិនពេញចិត្តចំពោះរឿងនេះឡើយ ។
គួររំឮកផងដែរថា លោកវេជ្ជបណ្ឌិត Jung Yoo Seok ធ្លាប់បានបញ្ជាក់ពីស្ថានភាព និងការព្យាលបាលជំងឺមហារីកពីមុនមកថា ដោយសារតែដុំសាច់មហារីកមាននៅកន្លែងដែលរកឃើញនេះមានចំនួនតិច ទើបការព្យាបាលដំណាក់កាលដំបូង គឺគ្រាន់តែផ្ដល់ថ្នាំដោយមិនចាំបាច់ធ្វើការវះកាត់ឡើយ ព្រោះបរិវេណនោះមិនអាចធ្វើការវះកាត់បាន ហើយចំពោះមេរោគមហារីកដែលទើបចាប់កំណើត និងស្ថិតក្នុងដំណាក់កាលទី ២ គឺមានឱកាសជាសះស្បើយដល់ទៅ ៧០ភាគរយ រីឯដំណាក់កាលទី ៣ និងឡើងដល់ទី ៤ គឺអាស្រ័យទៅលើសុខភាពរបស់អ្នកជំងឺ៕