វិទ្យាស្ថានបច្ចេកវិទ្យា Rochester បានប្រកាសថា បានរកឃើញភពដ៏ “ក្មេងខ្ចី” មួយដែលមានទម្ងន់ធ្ងន់ជាងពិភពផ្កាយព្រហស្បតិ៍ ដល់ទៅ10ដង និងមានចម្ងាយពីផែនដី ប្រហែល 330ឆ្នាំពន្លឺ។
ពិភពទាំងឡាយដែលធ្លាប់ត្រូវបានតារាវិទូរកឃើញកន្លងមក សុទ្ធតែជាភពដែលមានទ្រង់ទ្រាយជាភពពេញលេញ បន្ទាប់ពីបានស្រូបយកសារធាតុផ្សេងៗដែលនៅជុំវិញខ្លួនវា អស់រយៈពេលរាប់លានឆ្នាំ។ ក៏ប៉ុន្តែ ការរកឃើញថ្មីនេះ 2MASS 1155-7919 b គឺជាភពមួយដែលមានអាយុកាល “ក្មេង” ខ្លាំងណាស់ ដែលអ្នកវិទ្យាសាស្ត្រយល់ថា វាកំពុងស្ថិតក្នុងដំណាក់កាលកណ្ដាលនៃការកកើត។ នេះបើតាមសារព័ត៌មាន CNN។
ពិភព 2MASS 1155-7919 b នេះ មានចម្ងាយពីផែនដី ប្រមាណជា 330ឆ្នាំពន្លឺ (1ឆ្នាំពន្លឺស្មើនឹង 9,46លានលានគីឡូម៉ែត្រ (9.46 trillion kilometers) ស្ថិតក្នុងកញ្ចុំផ្កាយ Epsilon Chamaeleontis ដែលយើងអាចមើលឃើញនៅទិសខាងត្បូងនៃជើងមេឃ។ ភពនេះ មានទម្ងន់ធ្ងន់ជាងភពព្រហស្បតិ៍ប្រហែល 10ដង និងកំពុងវិលជុំវិញផ្កាយមួយដែលមានអាយុកាលប្រហែល 5លានឆ្នាំ (ផ្កាយនេះ ក្មេងជាងព្រះអាទិត្យរបស់យើងដល់ទៅរាប់ពាន់ដង)។
ប្រការដែលគួរឱ្យស្ដាយនោះគឺថា ភពនេះ ស្ថិតនៅឆ្ងាយពីព្រះអាទិត្យរបស់វាខ្លាំងណាស់ គឺឆ្ងាយជាង 600ដង បើធៀបនឹងចម្ងាយពីផែនដីទៅកាន់ព្រះអាទិត្យរបស់យើង។ ចម្ងាយនេះ ត្រូវបានគេជឿថា នឹងផ្លាស់ប្ដូរនៅពេលដំណាក់កាលកកើតរបស់វាបានបញ្ចប់ ហើយមានតែការពិនិត្យមើលក្នុងអនាគតកាលដ៏វែងឆ្ងាយខាងមុខ ទើបអ្នកវិទ្យាសាស្ត្រអាចដឹងអំពីចម្ងាយចុងក្រោយរបស់ភព 2MASS 1155-7919 b និងផ្កាយមេរបស់វានេះ។
ការរកឃើញខាងលើដែលត្រូវបានធ្វើឡើងដោយយោងទៅលើទិន្នន័យបានមកពីកែវយឺត Gaia របស់ទីភ្នាក់ងារអវកាសអឺរ៉ុបនេះ មិនត្រឹមតែជួយដល់ក្រុមអ្នកវិទ្យាសាស្ត្រ ស្រាវជ្រាវអំពីការកកើតនៃបណ្ដាភពឧស្ម័នយក្ស តែវាក៏ជួយឱ្យក្រុមតារាវិទូយល់កាន់តែច្បាស់អំពីគន្លងគោចររបស់ពួកវាផងដែរ។ ការរកឃើញនេះ ត្រូវបានប្រកាសឱ្យដឹង តាមរយៈឯកសារសិក្សាស្រាវជ្រាវរបស់សមាគមតារាវិទ្យាអាមេរិកាំង៕
ប្រភព៖ សារព័ត៌មានបរទេស