កម្ពុជាជាប្រទេសដែលមានវប្បធម៌ដ៏ល្បីល្បាញនិងចំណាស់មួយនៅលើពិភពលោក តែអ្វីដែលជាលក្ខណៈពិសេសផងដែរនោះ គឺប្រជាជនខ្មែរអាចទទួលយកបាននូវផ្នត់គំនិតដ៏ទូលំទូលាយពីគ្រប់ទិសទី និងអាចរស់នៅដោយគ្មានជម្លោះសាសនានៅក្នុងប្រទេស។ ទោះជាយ៉ាងនេះក្តី ជាទូទៅវប្បធម៌ខាងក្រៅមួយចំនួនឥទ្ធិពលវិជ្ជមានផងនិងអវិជ្ជមានផងសម្រាប់ស្រទាប់យុវជន។ ផលវិជ្ជមាន គឺប្រជាជនអាចនឹងទទួលបាននូវផ្នត់គំនិតថ្មីៗក្នុងការរស់នៅក្នុងសង្គមពហុវប្បធម៌ តែផលអវិជ្ជមានអាចនឹងកើតមានឡើង នៅពេលយើងយល់មិនច្បាស់ពីអត្ថន័យដើមប្រកបដោយភាពត្រឹមត្រូវ ហើយអនុវត្តឱ្យក្លាយទៅជារឿងមិនល្អ។
ពាក់ព័ន្ធនឹងបញ្ហានេះ យុវជន ហម សុខនីប្រធានក្រុមយុវជន Inspired to read បានលើកឡើងថាទិវានៃក្តីស្រឡាញ់ កាលពីមុនត្រូវបានគេយល់ច្រឡំថា ជាថ្ងៃបុណ្យសង្សារ ដែលវាបានផ្តល់ផលប៉ះពាល់យ៉ាងច្រើនដល់សង្គមកម្ពុជា ជាពិសេសក្នុងស្រទាប់យុវជន។ កាលពីប៉ុន្មានឆ្នាំមុន ដោយសារតែប្រជាជនមិនទាន់យល់ដឹងច្រើន យើងឃើញថាមានការព្រួយបារម្ភជាច្រើននៅក្នុងអំឡុងថ្ងៃនោះដូចជាការដឹកដៃគ្នាចូលផ្ទះសំណាក់ ការធ្វើរឿងមិនគួរគប្បី ឬការធ្វើរឿងរ៉ាវទាំងឡាយណាដែលប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់យុវវ័យ ជាដើម។ ក្រោយមក ដោយសារតែមានការអប់រំច្រើនពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ និងដោយសារតែមានការយល់ដឹងច្រើនក្នុងស្រទាប់យុវវ័យ យើងឃើញថា យុវជនចាប់ផ្តើមមានការយល់ដឹង ហើយកាត់បន្ថយផលប៉ះពាល់បានច្រើន និងងាកមកធ្វើអ្វីដែលត្រឹមត្រូវវិញម្តង។
យុវជន ហម សុខនី បាននិយាយថា៖ «តាមពិតទៅ ទិវានៃសេចក្តីស្រឡាញ់ ទោះបីជាមិនមែនជាវប្បធម៌របស់ខ្មែរក៏ដោយ តែវាក៏មិនមែនជារឿងអាក្រក់អ្វីដែរសម្រាប់ការអនុវត្ត។ គ្រប់ជនជាតិទាំងអស់លើពិភពលោកសុទ្ធតែត្រូវការក្តីស្រឡាញ់ហើយចែករំលែកក្តីស្រឡាញ់ចំពោះគ្នានឹងគ្នា ជារឿងល្អ គ្រាន់តែយើងចាំបាច់ត្រូវយល់ឱ្យបានច្បាស់ពីអត្ថន័យ ទើបយើងមិនអនុវត្តខុសទិសដៅ»។
យុវជនខាងលើបានបន្ថែមទៀតថា ទិវានៃក្តីស្រឡាញ់ គ្រាន់តែជាថ្ងៃមួយ ដើម្បីរំឭកពីក្តីស្រឡាញ់តែប៉ុណ្ណោះ តែក្តីស្រឡាញ់ពិតប្រាកដយើងអាចចែករំលែកបានគ្រប់ពេលវេលា និងរាល់ថ្ងៃចំពោះមនុស្សជុំវិញខ្លួន ហេតុនេះកុំចាត់ទុកថា ថ្ងៃដែលគួរចែករំលែកក្តីស្រឡាញ់មានតែ 1ថ្ងៃនេះ។ ម្យ៉ាងវិញទៀត ទិវានេះនៅលើពិភពលោកគេមិនមែនប្រារព្ធ ឬគិតថាជាថ្ងៃពិសេសសម្រាប់តែគូស្នេហ៍នោះទេ តែជាថ្ងៃដែលគួរចែករំលែកក្តីស្រឡាញ់ពិតប្រាកដចំពោះមនុស្សគ្រប់គ្នា ដូចជាការចែករំលែកក្តីស្រឡាញ់ពីប្តី-ប្រពន្ធ ក្តីស្រឡាញ់ចំពោះបងប្អូន ក្តីស្រឡាញ់ចំពោះមិត្តភក្តិ ក្តីស្រឡាញ់លោកគ្រូអ្នកគ្រូ ឬសាស្ត្រាចារ្យដែលបានបង្ហាត់បង្រៀនយើង និងក្តីស្រឡាញ់ចំពោះឪពុក-ម្តាយ ជាដើម។
មានអ្នកខ្លះទៀត គេឆ្លៀតយកថ្ងៃនេះ ធ្វើជាថ្ងៃល្អដើម្បីធ្វើទានដល់អ្នកក្រីក្រ ឬអ្នកដែលកំពុងត្រូវការជំនួយ ដើម្បីចែករំលែកក្តីស្រឡាញ់ក៏មានដែរ។ ហេតុនេះសូមកុំយល់ច្រឡំ ហើយកុំឆ្លៀតឱកាសយកទិវានៃក្តីស្រឡាញ់នេះ ទៅធ្វើជាថ្ងៃដែលត្រូវលះបង់ខ្លួនប្រាណឱ្យគូស្នេហ៍ ឬជាថ្ងៃធ្វើអ្វីមួយដែលមិនត្រឹមត្រូវឱ្យសោះ។
បន្ថែមពីលើនេះ ប្រសិនបើយើងចេះច្នៃឱ្យល្អ យើងអាចប្រើទិវានៃក្តីស្រឡាញ់នេះ ឱ្យក្លាយជាថ្ងៃដ៏មានប្រយោជន៍ជាច្រើនសម្រាប់ការរស់នៅក្នុងសង្គមរបស់យើង តាមរយៈការជូនកាដូដែលមានតម្លៃសម្រាប់មនុស្សជាទីស្រឡាញ់របស់យើងគ្រប់ៗគ្នា។ ជាក់ស្តែង នៅក្នុងព័ត៌មានអន្តរជាតិមួយចំនួនគេណែនាំឱ្យទិញសៀវភៅជូនគ្នា ដើម្បីជាកាដូដល់មនុស្សជាទីស្រឡាញ់។ ការធ្វើបែបនេះ អាចធ្វើឱ្យយើងជំរុញការអានបានល្អប្រសើរផង បង្ហាញពីទឹកចិត្តស្រឡាញ់ប្រកបដោយចេតនាវិជ្ជមានផង និងជួយឱ្យអ្នកដែលយើងជូនកាដូនោះ ទទួលបានការអភិវឌ្ឍចំណេះដឹងបានសម្រាប់អភិវឌ្ឍជីវិតបានយ៉ាងល្អប្រសើរផងដែរ។
គួរបញ្ជាក់ផងដែរថា ជារៀងរាល់ឆ្នាំក្រសួងអប់រំយុវជន និងកីឡា និងក្រសួងពាក់ព័ន្ធជាច្រើនផ្សេងទៀត បានចេញសេចក្តីណែនាំដើម្បីកុំឱ្យសិស្សឆ្លៀតពេលនេះឈប់សម្រាក ឬធ្វើអ្វីដែលមិនត្រឹមត្រូវ។ ក្រសួងតែងតែជំរុញឱ្យលោកគ្រូ-អ្នកគ្រូ អាណាព្យាបាល និងអ្នកដទៃទៀតពន្យល់ណែនាំឱ្យយុវជនបានយល់ដឹងឱ្យច្បាស់ពីអត្ថន័យនៃទិវានៃក្តីស្រឡាញ់នេះ ដើម្បីកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមាន។ ហេតុនេះអាណាព្យាបាលឬក្រុមគ្រួសារនីមួយៗ គួរឆ្លៀតពេលស្វែងយល់និងបញ្ជ្រាបការអប់រំចំពោះកូនៗឱ្យចេះចែករំលែកក្តីស្រឡាញ់ និងភាពកក់ក្តៅដោយផ្លូវត្រឹមត្រូវទាំងសម្រាប់ជីវិតក្នុងគ្រួសារ ក៏ដូចជាការប្រាស្រ័យទាក់ទងនៅខាងក្រៅជាដើម៕