ភ្នំពេញ – ស្របពេលកម្ពុជាមានកង្វះខាតធនធានមនុស្ស និងបច្ចេកទេសក្នុងការដាំដុះ និងការកែច្នៃកសិផល ក្រុមហ៊ុនចិនមានមូលដ្ឋាននៅខេត្ដ Guangxi ដែលមានជំនាញលើផ្នែកកសិកម្ម បានចំណាយថវិកាក្រោមជំនួយរបស់រដ្ឋាភិបាលចិន ដើម្បីធ្វើការបណ្ដុះបណ្ដាលបច្ចេកទេសទាំងនោះដល់កសិករកម្ពុជា និងមន្រី្ដជំនាញចំនួន8ខេត្ដ។
ជាមួយលោកLU ZHUOMING Liaison officer of CAPROC នៃក្រុមហ៊ុន Guangxi Forword Agricultural Technology International Cooperation Co.,Ltd បានប្រាប់ថា គម្រោង CAPROC បានដំណើរការនៅកម្ពុជា តាំងពីឆ្នាំ2015 មកម្ល៉េះក្រោមជំនួយរបស់រដ្ឋាភិបាលចិន កម្មវិធីនេះមានរយៈ3ឆ្នាំ។ ក្នុងឆ្នាំទី1 យើងបានបណ្ដុះបណ្ដាលអ្នកបច្ចេកទេស និងមន្រ្ដីជំនាញសរុប1,265នាក់ តាមផែនការរយៈពេលបីឆ្នាំនេះ យើងនឹងបណ្ដុះបណ្ដាលឱ្យបាន 4,000នាក់ជាកសិករជំនាញដែលអាចមានសមត្ថភាព និងជំនាញក្នុងដាំដុះ ព្រមទាំងបច្ចេកទេសវេចខ្ចប់កសិផលក្រោយពេលប្រមូលផលរួច។
ក្រុមហ៊ុន Forword បានចុះបញ្ជីនៅខេត្ដ Guangxi ប្រទេសចិនតាំងពីឆ្នាំ2008 និងបានចុះបញ្ជីនៅក្នុងប្រទេសកម្ពុជានៅក្នុងឆ្នាំ 2009។ CAPROC (China- Cambodia Agriculture Promotion Center) «មជ្ឈមណ្ឌលផ្សព្វផ្សាយ និងលើកកម្ពស់វិស័យកសិកម្មកម្ពុជា-ចិន» ដែលត្រូវចាយថវិកាក្រោមជំនួយរបស់រដ្ឋាភិបាលចិនក្នុងរង្វង់ទឹកប្រាក់ 6 លានដុល្លារអាមេរិក ដើម្បីធ្វើកិច្ចសហប្រតិបត្ដិការរវាងចិន និងកម្ពុជាទៅលើគម្រោងកសិកម្ម។
Liaison officer of CAPROC នៃក្រុមហ៊ុន Forword បញ្ជាក់ថា មូលហេតុដែលរដ្ឋាភិបាលចិន ក៏ដូចជាក្រុមហ៊ុនរបស់លោករៀបចំឱ្យមានគម្រោងCAPROC ព្រោះសម្លឹងឃើញថា កម្ពុជាជាប្រទេសមានស្ថិរភាពនយោបាយល្អ ដែលជាឱកាសទាក់ទាញអ្នកវិនិយោគឱ្យមកបណ្ដាក់ទុននៅទីនេះ។
ពិសេសដោយយើងជាក្រុមហ៊ុនវិនិយោគលើវិស័យកសិកម្មស្រាប់ដូច្នេះទើបសម្រេចបង្កើតការិយាល័យនៅក្នុងប្រទេសកម្ពុជាតែម្ដង។ លើសពីនេះកម្ពុជាមានគុណសម្បត្ដិល្អច្រើនដូចជា សណ្ឋានដីល្អ ដីមានជីវជាតិ និងគុណភាពខ្ពស់ ពុំទាន់ត្រូវបានបំពុលពីកាកសំណល់ឧស្សាហកម្ម តម្លៃពលកម្មក៏មិនសូវថ្លៃផង។ មួយវិញទៀតយើងមើលឃើញថា ទំហំដីសម្រាប់ធ្វើកសិកម្មក្នុងកម្ពុជានៅមានភាពទូលាយ កត្តាទាំងនេះហើយដែលនាំឱ្យយើងគិតថា កម្ពុជានៅមានឱកាសក្នុងការពង្រីកសក្ដានុពលកសិកម្មរបស់ខ្លួនបន្ដទៀតបាន។
លោកបញ្ជាក់ថា បន្ទាប់ពីបញ្ចប់គម្រោង CAPROC ក្រមហ៊ុនមានគម្រោងបង្កើតវិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈបច្ចេកទេសកសិកម្ម និងគ្រឿងចក្រផ្សេងផងដែរ ធ្វើយ៉ាងណាដើម្បីពង្រីកសកម្មភាពការងារទាំងនេះឱ្យកាន់តែមានភាពទូលំទូលាយ ដើម្បីផ្ដល់ចំណេះជំនាញដល់ប្រជាជនខ្មែរដែលមានចិត្ដស្រឡាញ់វិស័យកសិកម្ម៕