កូឡាឡាំពួរ គឺជាទីក្រុងដ៏ស្រស់ស្អាតមួយដែលស្ថិតនៅក្នុងក្រសែភ្នែកបណ្តាភ្ញៀវទេសចរចម្រុះជាតិសាសន៍នៅលើសាកលលោក ហើយក៏ជាក្រុងដែលធំជាងគេបំផុតប្រៀបបានទៅនឹងបេះដូងរបស់ប្រទេសម៉ាឡេស៊ី។ ជាមួយគ្នានេះ ទីក្រុងកូឡាឡាំពួរ ដែលពោរពេញទៅដោយរូបសម្រស់ឆើតឆាយលម្អទៅដោយផ្លូវកាត់ខ្វាត់ខ្វែង និងតួអគារខ្ពស់ៗស្គឹមស្កៃឈរបង្ហាញរាងក្នុងនាមជាមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់កំពូលរបស់ពិភពលោកនោះ បានផ្ដល់នូវរសជាតិជីវិតថ្មីដល់បណ្តាភ្ញៀវទេសចរ តាមរយៈនៃការបង្ហាញពីវប្បធម៌ដ៏យូរឡុង រួមផ្សំនឹងភាពរួសារាយរាក់ទាក់របស់ប្រជាពលរដ្ឋ ក៏ដូចជាបានភ្លក្សអាហារបែបប្រពៃណីនៃជនជាតិភាគតិចប្រចាំតំបន់ ជាពិសេស សម្បូរទៅដោយតំបន់កម្សាន្តជាច្រើនកន្លែងតែម្ដង។
ប៉មអគារភ្លោះ ប៉េត្រូណាស់
ប៉េត្រូណាស់ គឺជាអគារភ្លោះដ៏ធំ ខ្ពស់ស្គឹមស្កៃដែលមានកម្ពស់រហូតដល់170 ម៉ែត្រ និងមានស្ពានឆ្លងពីតួអគារមួយទៅកាន់តួអគារមួយទៀត ហើយក៏ជាប់ចំណាត់ថ្នាក់ជាស្ពាន2ជាន់ ដែលខ្ពស់ជាងគេបំផុតក្នុងពិភពលោក។ នៅទីនេះ ត្រូវបានគេដាក់បម្រាមយ៉ាងម៉ត់ចត់ចំពោះអ្នកខ្លាចទីខ្ពស់ មិនអនុញ្ញាតឱ្យ ឡើងនោះឡើយ ប៉ុន្តែបើចំពោះអ្នកមានភាពក្លាហានមិនញញើតជាមួយអគារដ៏ខ្ពស់សន្លឹមមួយនេះ នឹងបានទស្សនាពីទិដ្ឋភាពដ៏ស្រស់ស្អាតនៃទីក្រុង កូឡាឡាំពួរទាំងមូល ជាពិសេសសម្រស់នាពេលរាត្រី ដែលពោរពេញទៅដោយពន្លឺភ្លើងពណ៌ចម្រុះនៅតាមអគារនានាក្នុងតំបន់។
រូងភ្នំបាទូ
រូងភ្នំបាទូ គឺជាទីសក្ការៈដ៏ពិសិដ្ឋសម្រាប់ពលរដ្ឋដែលកាន់សាសនាហិណ្ឌូដែលរស់នៅក្នុងប្រទេសម៉ាឡេស៊ី មានចម្ងាយប្រមាណជាង12គីឡូម៉ែត្រ ខណៈដែលអ្នកទាំងនោះសុទ្ធតែមានជំនឿជឿជាក់ថា រូងភ្នំបាទូ ជាកន្លែងដែលមានឫទ្ធិបារមីពូកែស័ក្តិសិទ្ធិបំផុត ហើយជារៀងរាល់ឆ្នាំ នៅពេលចូលដល់វេលាកំណត់អ្នកមានជំនឿរាប់ម៉ឺននាក់ តែងនាំគ្នាមកប្រារព្ធពិធីតាមទំនៀបទម្លាប់នៅទីនេះមិនដែលខាន។ ដោយឡែកសម្រាប់លោកអ្នកដែលចង់ឡើងទៅទស្សនារូងភ្នំបែបអច្ឆរិយមួយនេះ ត្រូវធ្វើដំណើរដោយថ្មើរជើងតាមជណ្ដើរថ្មចំនួន272កាំ។ លុះក្រោយពេលឡើងទៅដល់គោលដៅនឹងបានឃើញពីភាពអស្ចារ្យជាច្រើន ដែលក្រៅពីមានរូងភ្នំធំៗចំនួន3 រូងភ្នំតូចៗរាប់សិបកន្លែង ថែមទាំងបានទស្សនារូបចម្លាក់យ៉ាងស្អាកស្កះក្នុងលក្ខណៈបែបសាសនាហិណ្ឌូ ជាពិសេសរូបសំណាកព្រះទេវៈយ៉ាងធំចង្រឹងឈនៅចំពីមុខច្រកចូលដែលមានកម្ពស់ប្រមាណ 42 ម៉ែត្រ៕