នៅក្នុងយុគសម័យបច្ចេកវិទ្យានេះ ប្រជាជនដែលប្រើប្រាស់បណ្តាញសង្គម Facebook ត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយ នៅលើពិភពលោក ដោយក្នុងនោះប្រជាជនកម្ពុជារាប់លាននាក់ក៏កំពុងប្រើប្រាស់បណ្តាញសង្គមធំជាងគេមួយនេះផងដែរ។
ថ្វីត្បិតតែការប្រើប្រាស់ Facebook របស់ប្រជាជនខ្មែរបានជួយឱ្យពួកគាត់ទទួលបានព័ត៌មាន និងអភិវឌ្ឍអាជីវកម្មបាន តែវាក៏បានផ្តល់គុណវិបត្តិផងដែរប្រសិនបើការប្រើប្រាស់នោះមិនត្រឹមត្រូវ។
អ្នកជំនាញសារព័ត៌មាន និងជាប្រធានក្លិបអ្នកកាសែតកម្ពុជា លោក ប៉ែន បូណា ធ្លាប់បានលើកឡើងថា ក្រមសីលធម៌នៃការប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក គឺមានសារៈសំខាន់ណាស់ ដោយសារតែប្រព័ន្ធសង្គមហ្វេសប៊ុកនេះមានមហាជនទូទៅ កំពុងតែប្រើប្រាស់ និងបញ្ចេញមតិ ទំនាក់ទំនងរវាងគ្នា និងគ្នា ឬទំនាក់ទំនងរវាងប្រជាជន និងរដ្ឋាភិបាល។ តែការប្រើប្រាស់ហ្វេសប៊ុកអាចបញ្ជូនសារ និងទិន្នន័យបានលឿនប្រាកដមែន ប៉ុន្តែភាគច្រើន អាចជាព័ត៌មានមិនពិត មិនច្បាស់លាស់ និងមិនអាចយកធ្វើជាផ្លូវការបាន រហូតធ្វើឱ្យក្លាយជាព័ត៌មានបំពុលបរិយាកាសដល់ប្រព័ន្ធផ្សព្វផ្សាយអាជីពនៅក្នុងប្រទេសកម្ពុជា និងប៉ះពាល់ទៅដល់ព័ត៌មានអាជីពទៀតផងដែលអ្នកប្រើប្រាស់គួរតែគិតគូរ និងប្រើវាដើម្បីជាអត្ថប្រយោជន៍របស់ខ្លួន និងសង្គមទាំងមូល។
ស្របពេលជាមួយគ្នានេះដែរឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានមានប្រសាសន៍ដែរថា ព័ត៌មាននៅតាមបណ្តាញសង្គមហ្វេសប៊ុកជាព័ត៌មានពាក់កណ្តាលសម្រេច ដែលមិនអាចយកជាផ្លូវការបាន100ភាគរយទេ ដោយសារវាបានផ្តល់ព័ត៌មានលឿនពេក មិនអាចវិភាគស្ថានការណ៍បានគ្រប់ជ្រុងជ្រោយ។ បើប្រៀបធៀបរវាងព័ត៌មានអេឡិចត្រូនិក និងព័ត៌មានបោះពុម្ពផ្សាយមានភាពប្រសើរល្អម្យ៉ាងម្នាក់ មួយលឿន ប៉ុន្តែមួយទៀតបោះពុម្ពផ្សាយផ្តល់ព័ត៌មានពិត អាចយកជាផ្លូវការបាន។
ឯកឧត្តមបន្តថា ការប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកបានផ្តល់ព័ត៌មានលឿន ប៉ុន្តែវាបានធ្វើឱ្យប៉ះពាល់ដល់ក្រមសីលធម៌ និងវិជ្ជាជីវៈ និងពេលខ្លះអាចជាការដាក់ទោសមនុស្សទៀតផង។ ឯកឧត្តមលើកជាឧទាហរណ៍ថា ក្មេងស្រីជនបរទេសអាយុ 12ឆ្នាំម្នាក់ ដោយសារទុកចិត្តមិត្តភក្តិនាងបានដោះអាវឱ្យសង្សារមើលតាមហ្វេសប៊ុក ហើយសង្សាបានយករូបនោះទៅបង្ហោះ ធ្វើឱ្យក្មេងស្រីនោះខ្មាសគេ ដូរពីសាលាពីមួយទៅសាលាអស់3ទៅ4សាលាហើយ គេនៅតែបន្តបង្ហោះរូបនោះធ្វើឱ្យនាងឈឺចិត្ត ចុងក្រោយសម្លាប់ខ្លួននៅអាយុ15ឆ្នាំ ដែលនេះជាការដាក់ទោស ធ្វើឱ្យមនុស្សស្លាប់ដោយសារការប្រើហ្វេសប៊ុកមិនបានត្រឹមត្រូវ។
យោងតាមទិន្នន័យរបស់ក្រុមហ៊ុន Facebook តាមរយៈ លោក Mark Zuckerberg សហស្ថាបនិក និងជានាយកប្រតិបត្តិនៃបណ្តាញយក្សមួយនេះ បានបញ្ចាក់ថា ត្រឹមខែមិថុនា ឆ្នាំ 2017 មានអ្នកប្រើប្រាស់បណ្តាញ Facebook បានកើនឡើងដល់ 2ពាន់លាននាក់ហើយលើពិភពលោក។ ជាមួយចំនួនដ៏ច្រើននេះ មនុស្សបានទាញយកផលប្រយោជនយ៉ាងច្រើន តែក៏ទទួលរងនូវផលប៉ះពាល់ច្រើនផងដែរ៕