ព័ត៌មានថ្មីដែលយើងទើបទទួលបានមុននេះបន្ដិចបានឱ្យដឹងថា ខ្សែភាពយន្តរឿង “ហ្លួងព្រះស្ដេចកន” ដែលមានប្រិយមិត្តរង់ចាំទស្សនាជាច្រើនពាន់នាក់នោះ បានគ្រោងនឹងដាក់បញ្ចាំងនៅលើផ្ទាំងសំពត់សនៅក្នុងរោងភាពយន្តនៅថ្ងៃទី18 ខែសីហា ឆ្នាំ2017 ខាងមុខនេះហើយ ។
ដោយឡែកបើតាមវីដេអូខ្លីរបស់ភាពយន្តរឿង “ហ្លួងព្រះស្ដេចកន” ដែលបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក របស់តារាស្រី ស៊ិន សក្កដា ដែលជាតួស្រីនៅក្នុងរឿងនេះផងដែរនោះ នាងបានសរសរបញ្ជាក់ពីដំណឹងច្បាស់ការនេះថា “ថ្ងៃ18/08/2017 នេះ នឹងចាក់បញ្ចាំងគ្រប់រោងភាពយន្ត សូមចូលរួមទស្សនាខ្សែភាពយន្តខ្មែរ សាច់រឿងប្រវត្តិសាស្រ្តមួយនេះផងណា សូមអរគុណ”។
គួររំឮកផងដែរថា ខ្សែភាពយន្តរឿង “ហ្លួងព្រះស្ដេចកន” បានចំណាយទុនអស់ជាច្រើនលានដុល្លារ នៅក្នុងនោះដែរ ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៍មាន និងជាអ្នកទទួលបន្ទុកផលិតភាពយន្ដប្រវត្តិសាស្ត្រមួយនេះ ធ្លាប់បានបង្ហើបប្រាប់ថា “គ្រាន់តែសង់បន្ទាយដើម្បីថតរឿងនេះចំណាយអស់ 2 ម៉ឺនដុល្លារទៅហើយ ហើយទម្រាំធ្វើរឿងទាំងមូលតើអស់ប៉ុន្មាន?”។ ដូច្នោះហើយខ្សែភាពយន្ដដ៏មហាវិសេសវិសាលមួយនេះ ទស្សនិកជនមិនគួររំលង ឬខកខានក្នុងការទស្សនាឡើយ៕