ភ្នំពេញ៖ មនុស្សម្នាក់ៗតែងប្រាថ្នាចង់បានភាពជោគជ័យចំពោះខ្លួនឯង ដើម្បីក្លាយជាសហគ្រិនមានក្រុមហ៊ុនផ្ទាល់ខ្លួនទុកជាទ្រព្យនៅក្នុងជីវិត ប៉ុន្តែដើម្បីឱ្យខ្លួនឯងជោគជ័យ ត្រូវធ្វើការឱ្យអ្នកដទៃជោគជ័យជាមុនសិន នេះជាការលើកឡើងរបស់លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យវ័យក្មេង ខ្មែរ ហ្វោនដេសិន អឺព្រេសល (KFA Real Estate) ។
លោកឧកញ៉ា បានលើកពីបទពិសោធផ្ទាល់ខ្លួនថា មុននឹងមានក្រុមហ៊ុនអចនលទ្រព្យ KFA Real Estate ដែលកំពុងមានឈ្មោះបោះសំឡេងនេះ លោកក៏ធ្លាប់ធ្វើការជាបុគ្គលិកសាមញ្ញម្នាក់នៅក្រុមហ៊ុនអចលនទ្រព្យផ្សេងមួយដែរ ប៉ុន្តែដោយមានការតាំងចិត្ត និងមានមហិច្ឆតាចង់មានក្រុមហ៊ុនផ្ទាល់ខ្លួននោះ លោកបានខិតខំធ្វើការឱ្យគេរហូតបានជោគជ័យ។ លោកមានប្រសាសន៍ដូច្នេះថា «នៅពេលដែលខ្ញុំធ្វើការឱ្យគេជោគជ័យហើយ ខ្ញុំក៏បានលាឈប់ការងារពីក្រុមហ៊ុនរបស់គេ ដោយសន្សំប្រាក់បានមួយចំនួនក៏បង្កើតក្រុមហ៊ុនខ្លួនឯងមួយដោយសារមានបទពិសោធ មានចំណេះដឹងផ្នែកអចលនទ្រព្យស្រាប់ ខ្ញុំក៏បានអភិវឌ្ឍក្រុមហ៊ុនខ្លួនឯងបានរីកចម្រើនឆាប់រហ័សមកទល់បច្ចុប្បន្ន»។
ក្រុមហ៊ុនអចលនទ្រព្យ KFA គឺជាក្រុមហ៊ុនដ៏មានសក្តានុពលមួយក្នុងចំណោមក្រុមហ៊ុនក្នុងស្រុកជាច្រើនទៀតក្នុងការផ្តល់ប្រឹក្សាយោបល់ វាយតម្លៃ ទិញ លក់ ជួល អគារ ដីធ្លី ឃ្លាំង និងសំណង់លំនៅដ្ឋានផ្សេងៗ។
គួរបញ្ជាក់ថា ការធ្វើឱ្យអ្នកដទៃត្រូវបានគេចាត់ទុកថា បានផ្តល់បទពិសោធ និងចំណេះដឹងជាច្រើនទុកជាបទពិសោធក្នុងជីវិត និងទុកជាទុនសម្រាប់អភិវឌ្ឍក្រុមហ៊ុនខ្លួនឯងឱ្យជោគជ័យនៅថ្ងៃអនាគត តែបើធ្វើការឱ្យគេមិនបានជោគជ័យហើយ ធ្វើការខ្លួនឯងក៏មិនបានជោគជ័យដែរ៕