ក្នុងពេលដែលលោកចៅហ្វាយស្រុកដ៏មានអំណាចកំពុងតែអង្គុយប្រជុំស្តាប់រឿងរ៉ាវតវ៉ាផ្សេងៗអំពីអ្នកស្រុកនោះ នៅសុខៗក្នុងក្រុមពួកអ្នកស្រុកក៏ស្រាប់តែមានមនុស្សម្នាក់ផោមឡើងលាន់ឮសំឡេងយ៉ាងខ្លាំង «ពូតតតតតត!»។
ចៅហ្វាយស្រុកដែលកំពុងតែវីវក់ជាមួយនឹងឯកសារតវ៉ាទាមទាររបស់ពួកអ្នកស្រុកនោះ ពេលបានឮ ក៏ងើបមុខឡើងដោយអារម្មណ៍មួម៉ៅ ព្រមទាំងស្រែកបញ្ជាខ្លាំងៗឡើងថា «សំឡេងស្អីគេហ្នឹងៗ នាំយកមកឱ្យយើងមើលភ្លាម!»។
ខាងអង្គរក្សដែលកំពុងឈរព័ទ្ធជុំវិញនៅក្នុងបន្ទប់ បានឮហើយក៏សម្លឹងមុខគ្នាឡឺនឡង់ៗ មុននឹងមានម្នាក់ឆ្លើយឡើងថា «ចាប់លែងទាន់ហើយ លោកម្ចាស់!»។
លោកចៅហ្វាយស្រុកបានឮចម្លើយបែបនោះ ក៏រឹតតែខឹងមួម៉ៅខ្លាំងឡើង ក៏ស្រែកគំហកខ្លាំងៗទៅទៀតថា «កុំមកកុហកយើង! ជួយលាក់បាំងជនប្រព្រឹត្តខុសពួកឯងនឹងទទួលទោស យកចេញមកឱ្យយើងមើលភ្លាម!»។
បណ្តាអង្គរក្សទាំងអស់មិនដឹងជាធ្វើយ៉ាងណា ក៏យកក្រដាសកើបអាចម៍មួយកំភ្លូសធំនោះ មកប្រគល់ជូនលោកចៅហ្វាយស្រុក ព្រមទាំងរាយការណ៍ថា «ជនល្មើសរត់បាត់ទៅហើយលោកម្ចាស់ ចាប់បានតែវត្ថុពាក់ព័ន្ធ ទើបនាំខ្លួនមកជូនលោកម្ចាស់ដើម្បីពិចារណាទោសនៅពេលនេះ»៕