អ្នកណាៗក៏ស្គាល់បៀ និងចេះលេងបៀដែរ តែ…តើមានមនុស្សប៉ុន្មាននាក់ដែលស្គាល់ពីអត្ថន័យរបស់សន្លឹកបៀនីមួយៗនោះ?
ខាងក្រោមនេះ គឺជាចំណេះដឹងអំពីរឿងសន្លឹកបៀ ដែលនឹងធ្វើឱ្យយើងដឹងថា តើហេតុអីបានបៀ 1ហ៊ូមាន 52សន្លឹក និងថា តើអត្ថន័យនៅលើរូប(រូបអុង)របស់សន្លឹកបៀទាំងនោះមានន័យបញ្ជាក់ពីអ្វីខ្លះ? អ្នកដែលចង់ដឹងចម្លើយ សូមតាមដានបន្ត៖
– បៀ 1ហ៊ូមានន័យថា 1ឆ្នាំ ព្រោះចំនួនបៀ 52សន្លឹក គឺចំនួនសប្តាហ៍ក្នុង 1ឆ្នាំ(1ឆ្នាំ មាន 52សប្ដាហ៍ ឬអាទិត្យ)។-បៀ 52សន្លឹក ចែកចេញជា 4ឈុត៖ ក្នុង 1ឈុត មាន 13សន្លឹក មានន័យអំពី ខែរនោច និងខ្នើត។
-ផលបូករួមរបស់សន្លឹកបៀទាំង 52សន្លឹក គឺស្មើនឹង 364 ដោយ J (Jack ឬកំលោះ) = 11ពិន្ទុ។ Q (Queen ឬក្រមុំ) = 12ពិន្ទុ។ K (King ឬកញ្ចាស់) = 13ពិន្ទុ និងសន្លឹកបៀ Joker សន្លឹកដំបូង ជំនួសឱ្យ 1ពិន្ទុ សរុបទាំងអស់នឹងបានចំនួន 365ពិន្ទុ ដែលស្មើនឹងចំនួនថ្ងៃ ក្នុង 1ឆ្នាំ ចំណែក Joker(សន្លឹកបៀចោល) សន្លឹកទី2 នឹងជំនួសឱ្យឆ្នាំណាដែលខែកុម្ភៈ មាន 29ថ្ងៃ។
-ក្នុងបៀ 1ហ៊ូនឹងប្រកបទៅដោយ សន្លឹកបៀពណ៌ក្រហមចំនួន 26សន្លឹក និងសន្លឹកបៀពណ៌ខ្មៅចំនួន 26 សន្លឹកទៀត ដែលមានន័យថា ប្រៀបដូចជាផែនដីដែលត្រូវបានបែងចែកជា 2ផ្នែកគឺ ផ្នែកដែលបានទទួលពន្លឺពីដួងព្រះអាទិត្យ និងផ្នែកដែលមិនបានទទួលពន្លឺពីដួងព្រះអាទិត្យ ដែលសន្លឹកបៀពណ៌ក្រហម មានន័យពីផែនដីប៉ែកខាងកើត(ភ្លឺ) ចំណែកសន្លឹកបៀពណ៌ខ្មៅមានន័យពីផែនដីប៉ែកខាងលិច(ងងឹត)។
-សន្លឹកបៀ J , Q និង K នឹងជំនួសឱ្យធម្មជាតិរបស់មនុស្ស
ដោយ J មានន័យពី ប្រុសកំលោះ
Q នឹងមានន័យពី ស្រីក្រមុំ
និង K មានន័យពី បុរសចំណាស់
ទឹក ជួង ការ៉ូ កឺ និងប៊ិច នឹងជំនួសឱ្យ 4រឿងដែលសំខាន់ៗក្នុងជីវិតរបស់មនុស្សយើង៖
ជួង មានន័យពី ចំណេះដឹង
ការ៉ូ មានន័យពី មាសប្រាក់ ទ្រព្យសម្បត្តិ
កឺ មានន័យពី សេចក្តីស្នេហា
និងប៊ិច មានន័យពី សេចក្តីស្លាប់
សន្លឹកបៀ J ជួង៖ រូបកំលោះនឹងបែរខ្នងដាក់រូបទឹកជួង…
ចំណែកសន្លឹកបៀ K ជួង រូបកញ្ចាស់នឹងបែរមុខដាក់រូបទឹកជួង…
នោះគឺមានន័យថា ក្នុងមនុស្សក្នុងវ័យកំលោះ នឹងមិនសូវជាចូលចិត្តសិក្សាស្វែងរកចំណេះដឹងប៉ុន្មានទេ(បែរខ្នងដាក់រូបទឹកជួង) តែចូលចិត្តការដើរលេងច្រើនជាង តែដល់ពេលធំឡើង ក្លាយជាមនុស្សចាស់ ក៏ងាកមកផ្តល់ភាពសំខាន់លើការស្វែងរកចំណេះដឹងវិញម្តង(បែរមុខរករូបទឹកជួង)។
-សន្លឹកបៀ J ការ៉ូ រូបកំលោះនឹងបែរសម្លឹងទៅខាង មិនចំរូបទឹកការ៉ូទេ
ចំណែកសន្លឹកបៀ K ការ៉ូ វិញ រូបកញ្ចាស់នឹងសម្លឹងចំរូបទឹកការ៉ូតែម្តង
ដែលវាមានន័យថា មនុស្សយើងកាលស្ថិតក្នុងវ័យកំលោះនឹងមិនខ្វល់ខ្វាយពីរឿងសន្សំលុយកាក់ ទ្រព្យសម្បត្តិឡើយ គឺចាយវាយតាមចិត្តខ្លួនឯងចង់ រកមកបានច្រើន ក៏ចាយច្រើនដែរ តែដល់ពេលអាយុច្រើនឡើង ក៏ចាប់ផ្តើមចេះរៀបផែនការការចាយវាយលុយកាក់ ដោយសារតែមានភាពទទួលខុសត្រូវខ្ពស់ឡើងហ្នឹងឯង។
តែ…ដល់សន្លឹកបៀ J កឺ វិញ រូបកំលោះនឹងបែរមុខសម្លឹងចំរូបទឹកកឺតែម្តង។
ចំណែកសន្លឹកបៀ K វិញ នឹងសម្លឹងទៅខាងវិញម្តង(មិនចំរូបទឹកកឺទេ)។
នោះគឺមានន័យថា កាលពីនៅវ័យកំលោះ មនុស្សយើងនឹងចាប់អារម្មណ៍រឿងស្នេហាខ្លាំងជាពិសេសតែម្តងតែដល់ពេលមានអាយុច្រើនឡើង ការចាប់អារម្មណ៍ក្នុងរឿងនេះ ក៏នឹងថយចុះ តែទៅផ្តល់ការចាប់អារម្មណ៍លើរឿងផ្សេងទៀតវិញ ដូចជា មុខងារតូនាទី ឬលុយកាក់ប្រាក់កាស ទ្រព្យសម្បត្តិវិញម្តង។
និងមានតែសន្លឹកបៀទឹក ប៊ិច តែមួយគត់ ដែលទាំង J , Q និង K សុទ្ធតែបែរខ្នងដាក់រូបទឹកប៊ិចទាំងអស់ វាក៏ប្រៀបដូចនឹងមនុស្សយើង ដែលមិនថាប្រុស ឬក៏ស្រីនោះទេ សុទ្ធតែគ្មានអ្នកណាចង់ស្លាប់ឡើយ និងខ្លាចសេចក្តីស្លាប់ទាំងអស់គ្នា(បែរខ្នងដាក់រូបទឹកប៊ិចទាំងអស់)៕