ការសិក្សាជាចំណុចមូលដ្ឋានដ៏សំខាន់មួយដែលមិនអាចខ្វះបានសម្រាប់ការរីកចម្រើននៅក្នុងជីវិត ព្រោះមុននឹងក្លាយជាអ្នកជំនាញ ឬក្លាយជាម្ចាស់អាជីវកម្មល្អម្នាក់នៅថ្ងៃអនាគត យើងត្រូវដុសខាត់សមត្ថភាពជាមួយនឹងការសិក្សារៀនសូត្រនៅក្នុងសាលាជាមុនសិន។ ថ្វីដ្បិតតែមនុស្សគ្រប់គ្នាត្រូវការសិក្សា តែមិនមែនគ្រប់គ្នាសុទ្ធតែអាចរៀនបានពូកែ និងទទួលបានលទ្ធលផលល្អក្នុងជីវិតដូចគ្នានោះទេ។ វាទាមទារឱ្យមានវិធីសាស្រ្តក្នុងការគ្រប់គ្រង ឬវិធីក្នុងការដោះស្រាយបញ្ហានានាដើម្បីឱ្យក្លាយជាអ្នករៀនពូកែបាន។
ពាក់ព័ន្ធនឹងបញ្ហានេះ យុវជន តៅ វីល្លៀម អតីតសិស្សពូកែនិទ្ទេស A បានលើកឡើងថាដើម្បីក្លាយជាសិស្សពូកែ អ្នកសិក្សាទាំងអស់ចាំបាច់ត្រូវតែចេះគ្រប់គ្រងខ្លួនឯងឱ្យបានល្អ ជាពិសេសយុវវ័យដែលកំពុងសិក្សានៅកម្រិតមធ្យមសិក្សា។ នៅក្នុងវ័យនេះ ជាវ័យដែលមានការអូសទាញច្រើន ព្រោះជាវ័យដែលងាយជក់ជាមួយនឹងបច្ចេកវិទ្យា ងាយអូសទាញដោយការកម្សាន្តខាងក្រៅ និងជាពេលដែលលំបាកគ្រប់គ្រងខ្លួនឯងបំផុត។ ហេតុនេះ ប្រសិនបើយើងចេះគ្រប់គ្រងខ្លួនឯងបានល្អដោយការកំណត់ចំណុចអាទិភាពសម្រាប់មេរៀននីមួយៗ នោះយើងនឹងអាចគ្រប់គ្រងការសិក្សាបានដោយមិនលំបាកខ្លាំងពេកនោះទេ។ ជាធម្មតានៅពេលដែលទុកមេរៀនឱ្យនៅគរ ឬច្របូកច្របល់ជាមួយគ្នានោះ យើងនឹងមានភាពស្មុគស្មាញខ្លាំង ហើយលំបាកដោះស្រាយ តែប្រសិនបើយើងព្យាយាមស្វែងយល់ពីខ្លួនឯងច្បាស់ យើងនឹងអាចរៀបចំផែនការសិក្សាបានល្អ។
យុវជន តៅ វីល្លៀម បាននិយាយថា៖ «ដើម្បីចាប់ផ្តើមអភិវឌ្ឍសមត្ថភាពខ្លួនឯងឱ្យបានកាន់តែខ្លាំង យើងចាំបាច់ត្រូវដឹងពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួនឯងឱ្យបានច្បាស់លាស់ជាមុនសិន។ ក្រោយពេលយើងដឹងច្បាស់ហើយថា យើងខ្សោយត្រង់ចំណុចណាខ្លះ ឬមានចន្លោះប្រហោងច្រើនលើចំណុចណាខ្លះ យើងនឹងមានភាពងាយស្រួលក្នុងស្វែងរកដំណោះស្រាយក្នុងការកែលម្អចំណុចខ្វះខាតទាំងអស់នោះ»។
សិស្សពូកែខាងលើបានលើកឡើងផងដែរថា ការផ្លាស់ប្តូរចំណុចខ្សោយ ឬទម្លាប់មិនល្អដែលជាមេរោគសម្រាប់អភិវឌ្ឍន៍សមត្ថភាពក្នុងការរៀនសូត្រមិនមែនជារឿងងាយនោះទេ ព្រោះជាធម្មតានៅពេលដែលយើងរៀន អារម្មណ៍អូសទាញក៏ចាប់ផ្តើមកើតមានដំណាលគ្នានេះដែរ។ ហេតុនេះចាំបាច់ត្រូវមានវិធីសាស្រ្តក្នុងការយកឈ្នះអារម្មណ៍អូសទាញអវិជ្ជមានដោយការកំណត់គោលដៅសិក្សាឱ្យបានច្បាស់លាស់ និងយកក្តីស្រមៃដើម្បីទប់ស្កាត់ភាពអសកម្ម។
យុវជនរូបនេះលើកឡើងផងដែរថា ជាឧទាហរណ៍ជាក់ស្តែង គាត់ជាមនុស្សដែលចូលចិត្តលេងទូរស័ព្ទដៃ ហើយបញ្ហានេះបានរំខានខ្លាំងដល់ការរៀនសូត្រដែលធ្វើឱ្យគាត់មិនអាចអភិវឌ្ឍសមត្ថភាពបានល្អកាលពីប៉ុន្មានឆ្នាំមុន តែដោយសារតែគាត់រកឃើញចំណុចខ្សោយនេះហើយទើបធ្វើឱ្យគាត់ចាប់ផ្តើមកំណត់គោលដៅ ថានឹងក្លាយជាសិស្សពូកែឱ្យបាន ជាពិសេសទទួលបាននិទ្ទេសល្អឱ្យបាន។ រូបភាពនៃគោលដៅទាំងអស់នេះហើយជាចំណុចដែលគាត់ចាប់ផ្តើមយកមកទប់ចំណង់មិនល្អ ដែលចេះតែអូសទាញឱ្យគាត់ទៅលេងទូស័ព្ទនៅពេលរៀន។ រាល់ពេលរៀនសូត្រ គាត់បាននឹកឃើញដល់គោលដៅធំបំផុតនោះ ហើយកំណត់ថាការខិតខំរៀនជាចំណុចអាទិភាពដំបូងបំផុត ប្រសិនបើមិនបានរៀនចប់តាមការកំណត់នោះទេ គាត់មិនអាចប៉ះបច្ចេកវិទ្យាបានទេ។
ទន្ទឹមនឹងគ្នានេះដែរ លោក ចេង បូរិទ្ធ អតីតសិស្សពូកែ និងជាគ្រូបង្រៀនផ្នែកគណិតវិទ្យាក៏បានលើកឡើងដែរថា ការខំប្រឹងរៀនតែមួយមុខមិនទាន់គ្រប់គ្រាន់នោះទេសម្រាប់អ្នកចង់រៀនពូកែព្រោះមានអ្នកខ្លះគាត់ខំប្រឹងប្រែងរៀនដែរ តែមិនសូវទទួលបានលទ្ធផលល្អ។ បញ្ហានេះមកពីគាត់មិនបានគ្រប់គ្រងផែនការសិក្សាឱ្យបានល្អ គឺគិតតែខំរៀនក្នុងស្ថានភាពច្របូកច្របល់។ លោកថា សម្រាប់អ្នកសិក្សាភាគច្រើន គឺខិតខំដោយពេលជាពិសេសពេលជិតប្រឡងម្តងៗ ទើបពួកគាត់ខំរៀន ដែលបញ្ហានេះធ្វើឱ្យគាត់ខំខ្លាំង និងគំហុកខ្លាំងពេក តែមិនទទួលបានផលល្អ។ ចំណែកឯអ្នកខ្លះទៀតខំរៀនមុខវិជ្ជាជាច្រើនក្នុងពេលតែមួយឬរៀនតាមអារម្មណ៍ដោយគ្មានផែនការ និងគ្មានកាលវិភាគច្បាស់លាស់ ដែលធ្វើឱ្យគាត់ពូកែដោយមុខវិជ្ជា ហើយធ្វើឱ្យមុខវិជ្ជាមួយចំនួនទៀតមានបញ្ហា ដែលបញ្ហានេះធ្វើឱ្យលទ្ធផលប្រឡងរបស់គាត់មិនទទួលបានលទ្ធផលល្អ។
លោក ចេង បូរិទ្ធ បាននិយាយថា៖ «ដើម្បីឱ្យការសិក្សាមានភាពរលូន និងងាយគ្រប់គ្រង អ្នកសិក្សាទាំងអស់គួរកំណត់ផែនការឱ្យបានច្បាស់ និងស្វែងយល់ពីចំណុចដែលត្រូវអភិវឌ្ឍឱ្យបានច្រើនដើម្បីងាយស្រួលបំពេញបន្ថែម»។
លោកបូរិទ្ធ បានបន្ថែមផងដែរថា អ្នកសិក្សាមិនអាចរៀនតែមុខវិជ្ជាដែលខ្លួនចូលចិត្តខ្លាំង ហើយបោះបង់ចោលមុខវិជ្ជាដែលមិនសូវចូលចិត្តនោះទេ។
ពួកគេចាំបាច់ត្រូវតែខិតខំឱ្យមានតុល្យភាពទើបអាចទទួលបានជោគជ័យ ព្រោះនៅពេលប្រឡងគេមិនប្រឡងតែ 1មុខវិជ្ជានោះទេ។ ហេតុនេះ ប្រសិនបើគាត់ដឹងច្បាស់ថា គាត់ខ្សោយចំណុចណា គាត់អាចធ្វើចិត្តឱ្យស្ងប់ ហើយរៀបចំផែនការដោយកំណត់ម៉ោងឱ្យច្រើនលើមុខវិជ្ជាដែលខ្សោយនោះនិងទុកពេលសមល្មមដើម្បីរំឭក ឬអភិវឌ្ឍបន្ថែមនូវមុខវិជ្ជាដែលខ្លួនខ្លាំងរួចទៅហើយ។ ការធ្វើបែបនេះជាវិធីដែលសិស្សពូកែភាគច្រើនធ្វើ ហើយវាក៏ជាចំណុចដែលកាត់បន្ថយភាពភ័យខ្លាចនៅក្នុងពេលប្រឡងបានផងដែរ ព្រោះនៅពេលយើងយល់ដឹងបានច្រើនគួរសមពីគ្រប់ផ្នែកហើយ យើងនឹងអាចមានជំនឿចិត្តថា លទ្ធផលរបស់យើងនឹងអាចចេញមកល្អ បើទោះបីជាមិនឥតខ្ចោះក៏ដោយ៕