នារយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ ការអភិវឌ្ឍនិងសាងសង់ខុនដូនៅកម្ពុជា មានការរីកចម្រើនខ្លាំងគួរឱ្យកត់សម្គាល់ ស្របពេលដែលវិស័យអចលនទ្រព្យផ្សេងទៀត ក៏មានការរីកចម្រើនខ្លាំងផងដែរ។ជាមួយគ្នានេះ ការអភិវឌ្ឍខុនដូ ដែលត្រូវបានវិនិយោគដោយក្រុមហ៊ុនក្នុងស្រុក និងក្រៅស្រុក មួយរយៈពេលចុងក្រោយនេះបានចាប់ផ្តើមងាកមកវិនិយោគលើគម្រោងខុនដូដែលមានតម្លៃសមរម្យដើម្បីបំពេញតម្រូវការទីផ្សារកម្រិតមធ្យមវិញម្ដង។
ទន្ទឹមគ្នានេះ អ្នកជំនាញផ្នែកវាយតម្លៃអចលនទ្រព្យនៅកម្ពុជា បានលើកឡើងថា កាលពីក្នុងឆ្នាំ2019 ទីផ្សារខុនដូ នៅកម្ពុជាហាក់កំពុងកើនឡើងយ៉ាងសន្ធឹកសន្ធាប់ ដែលសុទ្ធសឹងតែជាគម្រោងយក្ស ប៉ុន្តែក្នុងនោះក៏មានការផ្លាស់ប្តូរផងដែរ ពីការផ្គត់ផ្គង់ខុនដូតម្លៃខ្ពស់ មកជាការផ្គត់ផ្គង់តម្លៃសមរម្យដូចបុរីតម្លៃខ្ពស់ មកជាបុរីតម្លៃសមរម្យដែរ។
អ្នកនាង អាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងថា ស្របទៅនឹងកំណើនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញដែលកំពុងមានតម្រូវការអគារស្នាក់នៅរួមប្រភេទខុនដូដែលបន្តកើនឡើងជារៀងរាល់ឆ្នាំនោះ ត្រូវបានអ្នកជំនាញចាត់ទុកថា ទីផ្សារខុនដូនឹងក្លាយជាទីផ្សារនាំមុខគេនៅក្នុងរយៈពេលដ៏ខ្លីខាងមុខ។ ជាមួយគ្នានោះអ្នកនាងបានឱ្យដឹងទៀតថា បច្ចុប្បន្នខុនដូដែលមានតម្លៃសមរម្យកំពុងទទួលបានការគាំទ្រពីទីផ្សាក្នុងស្រុកប្រមាណជាង 50% ជាពិសេសសំដៅដល់ខុនដូដែលសាងសង់លក់ក្នុងតម្លៃចន្លោះពី 50,000ទៅ 80,000ដុល្លារក្នុង 1យូនីត។
អ្នកនាងបន្តថា ការវិនិយោគលើទីផ្សារខុនដូ ដែលផ្តោតលើប្រជាជនមានជីវភាពមធ្យម ពួកគេអាចទទួលបានជោគជ័យ ដោយសារប្រជាជនក្នុងស្រុកអាចមានលទ្ធភាពទិញបាន ហើយនិន្នាការប្រជាជនក្នុងស្រុកដែលទិញខុនដូ ក៏មានការកើនឡើងផងដែរខណៈដែលប្រជាជនកម្ពុជាវ័យក្មេងភាគច្រើន ចាប់ផ្តើមចង់រស់នៅក្នុងជីវិតបែបឯករាជ្យ និងម្យ៉ាង បញ្ហាចម្ងាយផ្លូវ និងបញ្ហាកកស្ទះចរាចរណ៍ខ្លាំងនៅក្នុងទីក្រុង ក៏ជាមូលហេតុមួយផងដែរ។
ជាមួយគ្នានោះដែរ សម្រាប់អគ្គនាយកក្រុមហ៊ុន ខ្មែររៀល អុីស្ទេតលោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានលើកឡើងថាដោយសារតែប្រជាជនខ្មែរភាគច្រើនជាគ្រួសារដែលមានចំណូលមធ្យម លោកជឿថា វាដល់ពេលដែលអ្នកអភិវឌ្ឍន៍ត្រូវផ្ដោតលើគម្រោងខុនដូ និងលំនៅឋានតម្លៃសមរម្យហើយ។
ជាក់ស្តែងសម្រាប់ផ្នែកលំនៅឋាន បុរី ផ្ទះល្វែង លោកសង្កេតឃើញថា កាលពីឆ្នាំ2019 មានតម្រូវការខ្លាំង បើធៀបនឹងឆ្នាំ2018កន្លងទៅ ជាពិសេសសម្រាប់ខុនដូ និងលំនៅឋានតម្លៃសមរម្យ ដែលមានតម្លៃក្រោម 10ម៉ឺនដុល្លារកំពុងត្រូវប៉ាន់ខ្លាំងពីសំណាក់ទីផ្សារក្នុងស្រុក។
ពាក់ព័ន្ធនឹងការវិនិយោគលើគម្រោងខុនដូតម្លៃសមរម្យនេះដែរ លោក Chen Tai An ប្រធានក្រុមហ៊ុន Yunnan ShengMao Investment ជាក្រុមហ៊ុនដែលបានវិយោគលើគម្រោងខុនដូ TCC បានឱ្យដឹងថា គម្រោងខុនដូ TCC ដែលបើកលក់ជាផ្លូវការកាលពីថ្ងៃទី18 មករាកន្លងមកនេះ គឺផ្តោតទៅលើពលរដ្ឋខ្មែរដែលមានចំណូលទាប និងមធ្យម ដោយមានតម្លៃចាប់ពី 950ដុល្លារក្នុង 1ម៉ែត្រការ៉េ ដែលនេះជាតម្លៃទាបជាងទីផ្សារសម្រាប់តំបន់ក្នុងទីក្រុង។
លោកបន្តថា តាមរយៈការវិនិយោគនេះ យើងនឹងឈានទៅរួមចំណែកជួយជំរុញដល់ពលរដ្ឋកម្ពុជាឱ្យមានលំនៅឋានមួយសមរម្យ ពិសេសចង់ជួយពលរដ្ឋដែលមានប្រាក់ចំណូលទាប និងមធ្យម ឱ្យមានលទ្ធភាពទិញ ឬបង់រំលស់បាន។យោងតាមរបាយការណ៍ព្យាករទីផ្សារអចលន-ទ្រព្យឆ្នាំ2020 របស់