ផលិតផលដំឡូងមី ត្រូវបានចាត់ទុកថាជាកសិផលសំខាន់ និងមានការដាំដុះច្រើនជាងគេលំដាប់ទី2 បន្ទាប់ពីស្រូវនៅកម្ពុជា ហើយទីផ្សារដំឡូងមីកាលពីឆ្នាំ2019 កន្លងទៅ បានបង្ហាញនូវសញ្ញាល្អសម្រាប់ប្រជាកសិករ ខណៈដែលតម្លៃមានភាពសមប្រកបជាងឆ្នាំទៅ(2018)។
ជាក់ស្តែង រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ឯកឧត្តម វេង សាខុន បានឱ្យដឹងតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តមកាលពីពេលថ្មីៗថា សមាជិកសហគមន៍កសិកម្មផលិតដំឡូងមីចំនួន 8កន្លែងក្នុងខេត្តព្រះវិហារ កំពុងមមាញឹកយ៉ាងខ្លាំងក្នុងការប្រមូលផលដំណាំដំឡូងមី លក់ជូនក្រុមហ៊ុនតាមកិច្ចសន្យា ដោយភាពសប្បាយរីករាយ។
ឯកឧត្តម វេង សាខុន បានបញ្ជាក់បន្តថា តម្លៃទីផ្សារដំឡូងមីក្នុងខេត្តព្រះវិហារល្អប្រសើរជាងឆ្នាំកន្លងទៅ និងផ្តល់ក្តីសង្ឃឹមច្រើនដល់កសិករ។ ជាងនេះទៀត ឯកឧត្តមក៏បានបង្ហាញនូវទស្សនៈសុទិដ្ឋិនិយមចំពោះសារៈសំខាន់នៃវិស័យដំឡូងមីនៅកម្ពុជា ដោយការរីកចម្រើននៃវិស័យដំឡូងមីនឹងរួមចំណែកលើកកម្ពស់កំណើនប្រកបដោយបរិយាប័ន្ន ហើយប្រទេសកម្ពុជានឹងក្លាយជាប្រទេសនាំចេញដំឡូងមីដែលអាចទុកចិត្តបានទៅកាន់ទីផ្សារពិភពលោក។
ទាក់ទិននឹងការលើកឡើងនេះដែរ លោក លា ថេត ដែលជាកសិករដាំដំឡូងមី មកពីសហគមន៍កសិកម្មជាំក្សាន្តជាយដែន ខេត្តព្រះវិហារ បានរៀបរាប់ប្រាប់ថា ចំពោះទីផ្សារដំឡូងមីនៅក្នុងឆ្នាំកន្លងទៅ ឃើញថា មានតម្លៃកើនឡើងជាងឆ្នាំមុនៗ
ដោយដំឡូងមីស្រស់ មានតម្លៃថ្លៃ បើប្រៀបធៀបជាមួយឆ្នាំមុន។ លោកថា ឆ្នាំមុន ដំឡូងមីស្រស់ 1គីឡូក្រាម តម្លៃតែ 340រៀល រីឯឆ្នាំ2019 តម្លៃបានកើនដល់ 370រៀល។កសិកររូបនេះ បានឱ្យដឹងថា “ខ្ញុំមានការសប្បាយរីករាយយ៉ាងខ្លាំង ចំពោះតម្លៃដំឡូងមីស្រស់ នៅឆ្នាំ2019។
លទ្ធផលនេះ គឺដោយសារមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារគ្រប់ជាន់ថ្នាក់ ជាពិសេសលោកប្រធានមន្ទីរ ក្នុងការសហការ និងស្វះស្វែងរកទីផ្សារកសិផលជូនកសិករក្នុងខេត្តព្រះវិហារ ជាពិសេសបង្កើតកិច្ចសន្យាផលិតកម្មកសិកម្ម ជាមួយក្រុមហ៊ុន CACC និងក្រុមហ៊ុនដទៃទៀត និងដោយមានការខិតខំប្រឹងប្រែងរបស់កសិកររបស់យើងផងដែរ”។
យោងតាមរបាយការណ៍បូកសរុបលទ្ធផលនៅឆ្នាំ2019 របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះបានបង្ហាញឱ្យដឹងថា ដំឡូងមីដែលកម្ពុជាផលិតបានសម្រាប់នាំចេញនោះ មានចំនួនជាង 3លានតោន(3,310,092តោន) ដោយក្នុងនោះមានចំណិតដំឡូងមី 1,626,165តោន) ដំឡូងមីស្រស់ 1,608,450តោន ម្សៅដំឡូងមី 56,874តោន កាកសំណល់ដំឡូងមី 18,602តោន។របាយការណ៍ដដែលបានបន្តថា ផលិតផលដំឡូងមីនៅឆ្នាំ2019 កើនឡើង 26.66ភាគរយ បើធៀបនឹងឆ្នាំ2018 ដែលមានចំនួន 2,613,220តោន។
ចំណែកផ្ទៃដីដាំដុះដំឡូងមីនៅឆ្នាំ2019 វិញ មានចំនួន 648,476ហិកតា ថយចុះ0.57ភាគរយ បើធៀបនឹងឆ្នាំ2018 ដែលមានជាង 65ម៉ឺនហិកតា។ ចំណែកបរិមាណផលដំឡូងមី ដែលបានពីផ្ទៃដីទាំងនេះ មានចំនួន 14,590,710តោន កើនឡើង 6.11ភាគរយ បើធៀបនឹងឆ្នាំ2018 ដែលមាន13,750,076តោន។យ៉ាងណាក្ដី រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន ក៏បានបង្ហាញឱ្យដឹងដែរថា សម្រាប់ឆ្នាំ2019 កន្លងទៅ កម្ពុជាទទួលបានប្រាក់ចំណូលសរុបជាង 412លានដុល្លារអាមេរិក ពីការនាំចេញផលិតផលដំឡូងមីទៅកាន់ទីផ្សារអន្តជាតិ៕