ស្មាតហ្វូនAxon 10s Pro គឺជាស្មាតហ្វូនរបស់ ZTE ដែលសម្រេចបញ្ចេញស្មាតហ្វូនមកលើទីផ្សារបានដំបូងគេ ចំពោះម៉ូដែលប្រើបន្ទះឈីបខ្លាំងផុតលេខ Snapdragon 865 ។
ZTE បានប្រកាសចេញស្មាតហ្វូន ZTE Axon 10s Pro នេះដែលការឌីហ្សាញ និងលក្ខណសម្បត្តិភាគច្រើនមិនខុសគ្នាពី Axon 10 Pro ដែលចេញកាលឆ្នាំមុនប៉ុន្មានឡើយ។ ប៉ុន្តែវានៅតែមានអេក្រង់កោង AMOLED ទំហំ 6.4 អ៊ីញ អាចស្គែនម្រាមដៃ ដែលបង្កប់លើអេក្រង់ និងមានរចនាប័ទ្មរាងឆកបន្តិចសម្រាប់ដាក់កាមេរ៉ាមុខ Selfie។
កាមេរ៉ាក៏មិនផ្លាស់ប្ដូរច្រើនដែរ តែវានៅតែមានកាមេរ៉ាមេកម្រិត 48MP, កាមេរ៉ា Wide-Angle ទំហំ 20MP (125ដឺក្រេ Wide) និងកាមេរ៉ា Telephoto ទំហំ 8MP។ ចំណែកកាមេរ៉ាមុខវិញ មានកម្រិត 20MP។
អ្វីដែលផ្លាស់ប្ដូរខ្លាំង គឺការប្ដូរមកប្រើបន្ទះឈីប Snapdragon 865 ដែលធ្វើឱ្យស្មាតហ្វូនមួយនេះមានដំណើរការល្អប្រសើរជាងមុន មានក្រាហ្វិកខ្លាំង និងបន្ថែមនូវការគាំទ្រសេវា 5G។ វាក៏មានប្រើបច្ចេកវិទ្យា Wi-Fi 6 និងមានមុខងារ Link-Booster ដែលអាចប្ដូរសេវារវាង Wi-Fi, LTE ឬ 5G បានយ៉ាងរហ័ស។
ស្មាតហ្វូនAxon 10s Pro មានជម្រើសមេម៉ូរី 128GB គួបផ្សំ RAM 6GB ដែលស៊េរីខ្លាំងបំផុត គឺមាន RAM ទំហំ 12GB ជាប្រភេទ LPDDR5 គួបផ្សំមេម៉ូរី 256GB ជា UFS 3.0។ ថាមពលថ្មគឺ 4000 mAh ដែលទ្រាំទ្រការសាកថ្មល្បឿនលឿន Qualcom Quick Charge 4.0។
ចំណែកតម្លៃ និងកាលបរិច្ឆេទចេញលក់វិញ មិនទាន់បានបង្ហាញឱ្យដឹងនៅឡើយទេ ប៉ុន្តែសម្រាប់ Axon 10 Pro ពេលចេញលក់ គឺនឹងមានតម្លៃចាប់ពីប្រមាណតែ 469 ដុល្លារប៉ុណ្ណោះ៕