នេះជាការចាប់ផ្តើមដ៏ធំមួយរបស់ក្លិបព្រះខ័នរាជស្វាយរៀង សម្រាប់យុទ្ធនាការ AFC Cup ឆ្នាំ2020 នៅក្នុងពូល G ស្របពេលដែលក្លិបមួយនេះនឹងត្រូវធ្វើការប្រកួតជាមួយក្រុមម្ចាស់ជើងឯកលីកកំពូលរបស់ប្រទេសហ្វីលីពីន Ceres–Negros FC នាល្ងាចនេះ វេលាម៉ោង6 និង 30នាទីល្ងាចម៉ោងនៅកម្ពុជានៅកីឡដ្ឋាន Rizal Memorial Stadium ខណៈដែលពួកគេ គឺជាជើងឯកនៃលីកកំពូលរបស់ហ្វីលីពីនសម្រាប់ឆ្នាំ2019 នេះ (ក្រុមល្អផ្ដាច់គេប្រចាំបាល់ទាត់ហ្វីលីពីន) និងជាក្រុមអាស៊ីអាគ្នេយ៍មួយដែលមានចំណាត់ថ្នាក់ខ្ពស់ជាងគេនៅក្នុងសហព័ន្ធបាល់ទាត់ AFC, រួមទាំងពានរង្វាន់ AFC Champions League ផងដែរ។
Ceres Negros FC ជាក្រុមជើងឯកលីកកំពូលហ្វីលីពីនដល់ទៅ 3សម័យកាលជាប់គ្នា (ឆ្នាំ2017, 2018 និង2019) និងជើងឯក Copa Paulino Alcantara (2019)។ មិនតែប៉ុណ្ណោះពួកគេក៏ជាជើងឯកនៃពានរង្វាន់ PFF National Men’s Club Championship (ឆ្នាំ 2012-13 និង2013-14) និងជាជើងឯកពានរង្វាន់ United Football League (ឆ្នាំ2015)ទៀតផង។
គួរបញ្ជាក់ផងដែរថា ចំពោះក្រុមមួយនេះ ធ្លាប់បានចូលរួមនៅក្នុងការប្រកួតពានរង្វាន់ AFC Champions League ជាច្រើនលើកផងដែរ (តែបានត្រឹមវគ្គជម្រុះ), ហើយក៏ធ្លាប់ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFC Cup ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះផងដែរ៕