កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុន Vertu នៅចក្រភពអង់គ្លេសបានប្រកាសក្ស័យធន បន្ទាប់ពីគ្មានលទ្ធភាពដោះបំណុលគេជាង 128 លានផោន ក្រោយទិញយកក្រុមហ៊ុននេះមកគ្រប់គ្រងកាលពីខែមិនា ឆ្នាំ 2017 ។
តាមរបាយការណ៍ពីសារព័ត៌មាន The Financial Times (FT) និង The Telegraph បានចុះផ្សាយឱ្យដឹងថា ម្ចាស់ក្រុមហ៊ុនផលិតទូរស័ព្ទប្រណីតមួយនេះ ទើបមានលទ្ធភាពសងបានត្រឹម 1,9 លានផោន (2,4 លានដុល្លារ) ប៉ុណ្ណោះមុននឹងប្រកាសក្ស័យធន ហើយហេតុការណ៍នេះនាំឱ្យបុគ្គលិកប្រមាណ 200 នាក់ត្រូវអត់ការងារធ្វើ។
ដំបូងឡើយ Vertu ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Nokia កាលពីឆ្នាំ 1998 ប៉ុន្តែនៅឆ្នាំ 2012 វាត្រូវបានលក់បន្តទៅក្រុមហ៊ុនមួយផ្សេងទៀតមុននឹងត្រូវអ្នកជំនួញដ៏ល្បីល្បាញម្នាក់នៅក្នុងប្រទេសតួកគី លោក Murat Hakan Uzan ទិញកាលពីខែមីនា ឆ្នាំ 2017 នេះ។
បច្ចុប្បន្នលោក Uzan កំពុងរស់នៅក្នុងទីក្រុងប៉ារីស ដោយអ្នកស្និទ្ធនឹងរូបលោកបានឱ្យដឹងថា ម្ចាស់ក្រុមហ៊ុន Vertu រូបនេះនៅតែរក្សាភាពជាម្ចាស់នៃអាជ្ញាប័ណ្ណយីហោបច្ចេកវិទ្យា និងរចនាប្លង់របស់ក្រុមហ៊ុន Vertu ដដែលទោះបីជាក្រុមហ៊ុនក្ស័យធនក៏ដោយក្ដី ហើយថ្ងៃអនាគត លោកមានគម្រោងនឹងស្តារក្រុមហ៊ុនឡើងវិញ៕