កោះ “ហាឈិម៉ា” ស្ថិតនៅឆ្ងាយពីទីក្រុងណាង៉ាសាគិ ប្រមាណជា 15គីឡូម៉ែត្រ។ ដោយសារតែរូបរាងដែលមើលទៅស្រដៀងកប៉ាល់សង្រ្គាមនោះ ធ្វើឱ្យកោះនោះត្រូវបានគេដាក់ឈ្មោះឱ្យថា Battleship Island ឬកោះនាវាចម្បាំង។ កាលពីអតីតកាល កោះមួយនេះពោរពេញទៅដោយរ៉ែធ្យូងថ្ម រហូតមានការចាប់ផ្តើមធ្វើអណ្ដូងរ៉ែយ៉ាងពិតប្រាកដនៅគ្រិស្តសករាជ 1887 មុននឹង Mitsubishi ក្រុមហ៊ុនដ៏ធំសម្បើមមួយរបស់ជប៉ុន បានទិញយកកោះនេះ ដើម្បីអភិវឌ្ឍទៅជាកោះរ៉ែធ្យូងថ្មដ៏ធំមួយ ដើម្បីផ្គត់ផ្គង់តម្រូវការធ្យូងថ្មក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មរបស់ជប៉ុននាយុគសម័យនោះ ទើបធ្វើឱ្យមានការដឹកជញ្ជូនកម្លាំងពលកម្ម និងក្រុមគ្រួសាររបស់ពួកគេទៅតាំងលំនៅឋាននៅលើកោះនោះរហូតពេញផ្ទៃដីទីនោះ។
ប៉ុន្តែក្រៅពីរ៉ែធ្យូងថ្មហើយនោះ កោះមួយនេះថែមទាំងប្រៀបដូចជាកន្លែងឃុំឃាំងអ្នកទោសទៀតផង ដោយសារតែក្នុងអំឡុងសង្រ្គាមលោកលើកទី2 កងទ័ពជប៉ុនបានកេណ្ឌប្រមូលជនជាតិចិន និងកូរ៉េខាងត្បូងដែលជាឈ្លើយសឹកឱ្យមកធ្វើការនៅក្នុងរ៉ែធ្យូងថ្មទាំងនោះ។ ទារុណកម្មដែលពលករឈ្លើយសឹកទាំងនោះបានទទួល ធ្វើឱ្យក្នុងខ្សែភ្នែករបស់ជនជាតិចិន និងកូរ៉េខាងត្បូងមើលឃើញថា កោះហាឈិម៉ា គឺជាកន្លែងនៃមហាសុបិនដ៏សែនអាក្រក់រហូតមកដល់ពេលបច្ចុប្បន្ន។នៅឆ្នាំ1964 ក្រុមហ៊ុន Mitsubishi បានប្រកាសបិទរ៉ែធ្យូងថ្មទាំងអស់នៅលើកោះហាឈិម៉ា ដោយសារតែថាមពលធ្យូងថ្ម លែងជាតម្រូវការរបស់ជប៉ុនតទៅទៀតហើយ ដោយងាកទៅផ្តល់ភាពសំខាន់លើថាមពលប្រេងឥន្ធនៈជំនួសវិញម្តង ដែលក្រោយពីការបិទជំរំការងារនេះ ពលករទាំងអស់ត្រូវបានរើចេញពីទីនោះ និងទុកឱ្យកោះមួយនោះ ក្លាយជាកោះរហោដ្ឋានគ្មានមនុស្សរស់នៅ ដែលគ្មានសូម្បីតែដើមឈើ ឬដើមផ្កាដុះឡើងទៀតឡើយ បើមានក៏មានតែរុក្ខជាតិតូចៗដែលដុះហើយងាប់ទៅវិញតែប៉ុណ្ណោះ។
បច្ចុប្បន្ន រដ្ឋការជប៉ុនបានព្យាយាមក្នុងការជំរុញឱ្យកោះហាឈិម៉ាក្លាយជាបេតិកភណ្ឌពិភពលោក ដោយបានដាក់សំណើទៅអង្គការយូណេស្កូ តែបែរជាត្រូវខាងប្រទេសកូរ៉េខាងត្បូងជំទាស់ ព្រោះយល់ឃើញថា កោះហាឈិម៉ា គឺជាស្នាមរបួសនៃសង្រ្គាមដែលនៅសេសសល់ និងធ្វើឱ្យជនជាតិកូរ៉េខាងត្បូង និងចិនមានអារម្មណ៍ឈឺចាប់គ្រប់ពេលដែលមានការនិយាយដល់កោះមួយនេះ។
ទោះជារឿងនេះនៅតែជាអ្វីដែលជាការខ្វែងគំនិតគ្នាថា តើកោះហាឈិម៉ា សមនឹងទទួលបានការដាក់ជាបេតិកភណ្ឌពិភពលោក ឬក៏អត់ក៏ដោយ តែក៏បច្ចុប្បន្នកោះមួយនេះមានឈ្មោះល្បីល្បាញយ៉ាងខ្លាំង តាមរយៈការដែលត្រូវបានគេនាំយកទៅធ្វើជាឆាកចម្លងនៅក្នុងខ្សែភាពយន្តស៊ើបអង្កេត ចេមស៍ បនដ៍ 007 រឿង Skyfall រហូតដល់ធ្វើឱ្យវាក្លាយជាមណ្ឌលទេសចរណ៍ល្បីឈ្មោះមួយទៀតនៅក្នុងប្រទេសជប៉ុន។
កោះហាឈិម៉ា បានបើកឱ្យអ្នកទេសចរចូលទស្សនាកាលពីឆ្នាំ2009 តែរហូតមកដល់ពេលនេះមានអ្នកទេសចរមិនច្រើនប៉ុន្មានទេ ដែលមានឱកាសបានមកកម្សាន្តដោយផ្ទាល់នៅលើមណ្ឌលទេសចរណ៍មួយនេះ ព្រោះខាងរដ្ឋការជប៉ុនមានការកំណត់ចំនួនអ្នកទេសចរ ធ្វើឱ្យក្នុង 1ឆ្នាំៗ អ្នកដែលបានទទួលការអនុញ្ញាតឱ្យមកទស្សនាទីនេះមានត្រឹមតែប៉ុន្មានពាន់នាក់ប៉ុណ្ណោះ។
នៅលើកោះរហោដ្ឋានមួយនេះ នាពេលយប់ ជាពិសេសក្នុងអំឡុងពេលដែលមានភ្លៀងធ្លាក់ ឬព្យុះបក់បោកនោះ បណ្តាអ្នកនេសាទ ឬអ្នកដើរទូកដែលចូលទៅជិតទីនោះបាននាំគ្នានិយាយថា ពួកគេតែងបានឮសូរសំឡេងស្រែកទួញយំយ៉ាងគ្រលួចគួរឱ្យភ័យខ្លាច បន្លឺឡើងកណ្តាលតំណក់ទឹកភ្លៀង និងខ្សែវាយោ ដោយពួកគេជឿថា កោះមួយនេះកំពុងយំទួញសោកព្រោះវាត្រូវបានបោះបង់ចោលឱ្យនៅកណ្តោចកណ្តែងជាយូរយារ និងកំពុងស្រែកដង្ហោយហៅរកនរណាម្នាក់ឱ្យទៅនៅជាមួយ ឬមិនដូច្នេះទេ សំឡេងស្រែកទ្រហោទួញយំដែលពួកអ្នកនេសាទបានឮនោះ អាចជាសំឡេងរបស់ដួងវិញ្ញាណរបស់បណ្តាឈ្លើយសឹកដែលដួលស្លាប់ដោយក្តីទុក្ខលំបាកវេទនា ហើយនៅតែអណ្ដែតវិលវល់នៅលើកោះមួយនោះ ក៏អាចថាបានដែរ។
ហេតុការណ៍មួយទៀត ដែលអះអាងអំពីភាពគួរឱ្យភ័យខ្លាចនៅលើកោះនេះ បានកើតឡើងមុនពេលដែលកោះហាឈិម៉ាត្រូវបានប្រើប្រាស់ធ្វើជាទីកន្លែងចម្លង ក្នុងការថតខ្សែភាពយន្តរឿង Skyfall ដោយកោះដដែលនេះធ្លាប់ត្រូវបានប្រើប្រាស់ធ្វើជាកន្លែងថតខ្សែភាពយន្តរឿង “Battle Royale” របស់អ្នកដឹកនាំរឿងលោក ឃីនជិ ហ្វ៊ូកាសាកូ អ្នកដែលអះអាងថា កោះនេះមានវិញ្ញាណបិសាច។
ហ្វ៊ូកាសាកូ បានបង្ហើបឱ្យដឹងថា ក្នុងអំឡុងការថតខ្សែភាពយន្តនោះ គាត់បានជួបនឹងរឿងខុសប្រក្រតីគ្រប់ពេលវេលា ដូចជា ជួបអ្នកដទៃដែលមិនមែនជាក្រុមការងារថតភាពយន្ត ដែលមានរូបភាពថតជាប់នៅក្នុងឈុតឆាក ឬនៅសុខៗខ្សែហ្វ៊ីលបែរជាខូច ទាំងទើបតែប្រើការជាលើកដំបូង ជាដើម។ ប៉ុន្តែហេតុការណ៍ដែលរន្ធត់ព្រលឹងបំផុត រហូតធ្វើឱ្យក្រុមការងារត្រូវឈប់សម្រាករាប់សប្តាហ៍នោះគឺ ឈិអាគិ ឃូរិយ៉ាម៉ា តារាសម្តែងស្រីម្នាក់ ដែលសម្តែងជានិស្សិត បានត្រូវអ្វីម្យ៉ាងចូលសណ្ថិតក្នុងខ្លួននាង។
តាមរយៈពាក្យរៀបរាប់របស់អ្នកដែលបានឃើញហេតុការណ៍នាពេលនោះ បានរៀបរាប់ថា កែវភ្នែករបស់ឈិអាគិក្លាយជាពណ៌ក្រហមជាំ និងប្រស្រីភ្នែកលានចេញមកត្លែ មើលទៅគួរឱ្យកាចសាហាវណាស់ បន្ទាប់ពីនោះ នាងបានស្ទុះចូលទៅរក ខូអ៊ុ ឈិបាសាគិ ដែលជាតារាស្រីម្នាក់ទៀត និងច្របាច់កខូអ៊ុយ៉ាងខ្លាំង។ ខាងក្រុមការងារឃើញស្ថានការណ៍មិនស្រួល ក៏បានអញ្ជើញ មីកូ (ស្រ្តីអ្នកបញ្ចូលរូប) ដែលធ្វើដំណើរមកជាមួយដែរនោះ ឱ្យមកចាត់ការបណ្តេញវិញ្ញាណកំណាចនោះ 0រហូតបានសម្រេច។
បន្ទាប់ពីវិញ្ញាណបិសាចនោះចេញពីរាងកាយហើយ មីកូបានប្រាប់ថា “ទីកន្លែងមួយនេះមានដួងវិញ្ញាណដែលមានភាពចងគំនុំ គុំកួន និងចងអាឃាតស្ថិតនៅច្រើនណាស់ និងមិនងាយនឹងកម្ចាត់ចេញបានឡើយ ព្រោះនៅត្រង់នេះ គឺជាទីកន្លែងរបស់ពួកគេ…”។
តារាសម្តែង ឈិអាគិ បានរៀបរាប់ពីហេតុការណ៍ដែលកើតឡើងថា នាងឃើញស្រ្តីសក់វែងម្នាក់ អណ្តែតខ្លួនឆ្លងកាត់ខ្លួននាង ហើយបន្ទាប់ពីនោះមកក៏លែងចាំអ្វីបានទៀតតែម្ដង។
ទាំងអស់នេះអាចរាប់បានថា ជាហេតុការណ៍ដ៏គួរព្រឺព្រួចភ័យរន្ធត់ និងរញ្ជួយព្រលឹងមួយទៀតដែលបានកើតឡើងនៅលើកោះដែលត្រូវបណ្តាសាបិសាចមួយនេះ៕